សុខភាព៖ ខ្យល់គ ជារោគសញ្ញានៃជំងឺមួយដែលធ្វើឱ្យអ្នកជំងឺងងឹតមុខ វិលមុខ ចង់ក្អួត និងសន្លប់បាត់ស្មារតី។ រោគសញ្ញា ខ្យល់គ ជាពាក្យសាមញ្ញនិយមហៅតៗគ្នា តែក្នុងន័យវេជ្ជសាស្រ្តហៅថា សាំងគុប (Syncope)។
ទាក់ទងនឹងរោគសញ្ញាខ្យល់គនេះដែរ បើអ្នកឃើញនរណាម្នាក់កំពុងតែស្ថិតក្នុងអាការមួយចំនួនដូចជា ស្រេកទឹក ឈឺក្បាល ដកដង្ហើមញាប់ ថប់ៗខ្យល់ ត្រជាក់ចុងដៃចុងជើង ស្លេកស្លាំង ឡើងប្រផេះ បបូរមាត់ស្លេកឡើងពណ៌ស្វាយ បែកញើសខ្លាំង រមួលពោះរកក្អួត ឬចង់ក្អួតចង្អោរ វិលមុខ និងឈានដល់ការសន្លប់ គឺបានន័យថា គេកំពុងតែស្ថិតក្នុងអាការខ្យល់គ។ តែយ៉ាងណាមិញ អ្នកមិនគួរទុកឱ្យជនរងគ្រោះមានអាការមិនស្រួលខ្លួនរហូតដល់សន្លប់នោះទេ ផ្ទុយទៅវិញ អ្នកគួរតែចាប់ផ្ដើមសង្រ្គោះបឋមទៅលើជនរងគ្រោះជាបន្ទាន់។
ខាងក្រោមនេះជាវិធីសង្រ្គោះបឋមលើជនរងគ្រោះខ្យល់គ៖
១- នាំអ្នកជំងឺចូលកន្លែងម្លប់ដែលមានបរិយាកាសល្អ ឬអាចបាំងម្លប់ឱ្យអ្នកជំងឺ
២- បន្ធូរសម្លៀកបំពាក់អ្នកជំងឺឱ្យធូររលុងដើម្បីឱ្យងាយស្រួលដកដង្ហើម
៣- ជូតខ្លួនអ្នកជំងឺដោយទឹកធម្មតា
៤- ម៉ាស្សាដៃជើងឱ្យបានញឹកញាប់ដើម្បីឱ្យឈាមរត់ស្រួល
៥- ឱ្យអ្នកជំងឺផឹកទឹកបន្តិចបន្តួច
៦- ចុងក្រោយព្យាយាមនាំអ្នកជំងឺទៅមន្ទីរពេទ្យ និង
៧- ល្អបំផុតបន្ទាប់ពីជួយអ្នកជំងឺបានខ្លះៗហើយ ចាំបាច់ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ សូមកុំទុកអ្នកជំងឺចោលព្រោះជំងឺនេះអាចឆក់យកជីវិតជនរងគ្រោះបានគ្រប់វិនាទី។
ទន្ទឹមនឹងនេះដែរ ក្រៅពីវិធីជួយសង្រ្គោះបឋមលើជនរងគ្រោះស្ថិតក្នុងស្ថានភាពខ្យល់គ ឬស៊ាំគុប អ្នកក៏គួរតែដឹងពីវិធីការពារខ្លួនកុំឱ្យកើតជំងឺនេះផងដែរ។
ខាងក្រោមនេះជាវិធីការពារខ្លួនពីជំងឺខ្យល់គ៖
១- បរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់ដើម្បីឱ្យមានលំនឹងជាតិស្ករក្នុងខ្លួន
២- សម្រាប់អ្នកដែលតែងតែមានអាការវិលមុខ ពិបាកដកដង្ហើម គួរតែចៀសវាងស្ថិតក្នុងបរិយាកាសអាប់អួរ ថប់ខ្យល់...
៣- សម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តដូចជាឆាប់តក់ស្លុត ឬភ័យខ្លាច គួរតែនៅឱ្យឆ្ងាយចំពោះសកម្មភាពរន្ធត់ដូចជាមើលរឿងខ្មោច លេងពញ្ញាក់គ្នា កុំសម្លុតអ្នកដែលមានវិបត្តិផ្លូវចិត្តបែបនេះ...
៤- ដោយឡែកចំពោះអ្នកកើតជំងឺទឹកនោមផ្អែមគួរតែប្រើប្រាស់ថ្នាំការពារស៊ាំគុប ឬខ្យល់គ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
៥- ចំពោះអ្នកមានជំងឺមួយចំនួនដូចជា ជម្ងឺសរសៃឈាមបេះដូង ក្រពេញទីរ៉ូអ៊ីត និងសរសៃឈាមខួរក្បាល គួរតែឆាប់ព្យាបាលដើម្បីបង្ការខ្លួនពីជំងឺខ្យល់គ។
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម - Sokhakrom