១. តើជំងឺហឺតជាអ្វី?
ជំងឺហឺត គឺជាការរលាកទងសួតរាំរៃដែលធ្វើឱ្យទងសួតខ្ជិប ហត់ ដង្ហើមត្បៀត បូកផ្សំទាំងការរំញោចពីអាលាក់ស៊ីខាងក្រៅ ហៅថាជំងឺហឺត។
២. តើអ្វីខ្លះជារោគសញ្ញាជំងឺហឺត?
- អ្នកជំងឺមានសភាពហត់ ហើយដកដង្ហើមហឺតហតៗ
- ក្អក
- ណែនទ្រូង
- រោគសញ្ញានៃជំងឺហឺតច្រើនកើតឡើងនៅពេលយប់
៣. តើមូលហេតុអ្វីបានជាកើតជំងឺហឺត? មូលហេតុអ្វីសំខាន់ជាងគេ?
មានកត្តាផ្សេងៗទៀតដូចជា ផ្សែង ហ្គាស ថ្នាំបាញ់សត្វល្អិត ប្រតិកម្មអាល្លែកហ្ស៊ីលើរោមសត្វ ចំណីអាហារ និងបរិយាកាសទីកន្លែងជាដើម។ ចំពោះសណ្ដែកដី ក៏ជាមូលហេតុតែយ៉ាងណា ក្នុងវិស័យវេជ្ជសាស្រ្តបច្ចុប្បន្ននេះ មានការស្រាវជ្រាវមួយរកឃើញថា Dust Mites ជាប្រភេទសត្វល្អិតម្យ៉ាងនៅតាមផ្ទះ ដែលរស់នៅក្នុងពូក ឬកម្រាលពូកជាដើម។ នៅពេលដែលយើងគេង វានឹងចេញមកខាំស្បែក ហើយពិភព លោកបានរកឃើញថាជំងឺហឺត ៩០% កើតចេញពីការខាំរបស់សត្វល្អិតប្រភេទនេះ។
៤. តើមនុស្សប្រភេទណាងាយកើតជំងឺហឺតជាងគេ?
ជំងឺហឺត កើតឡើងលើមនុស្សគ្រប់វ័យមិនថាចាស់ ឬក្មេងនោះទេ ក៏ប៉ុន្តែគេកត់សម្គាល់ថា ជំងឺហឺតច្រើនកើតលើក្មេងៗ។
៥. តើពាក្យចចាមរាមដែលល្បីតៗគ្នាថា ជំងឺហឺតឆ្លងតាមសត្វឆ្មាជាការពិត ឬគ្រាន់តែជាអប្បិយជំនឿទេ? ចូរពន្យល់?
តាមពិតទៅការកើតជំងឺហឺត មិនផ្អែកលើរោមសត្វឆ្មារទាំងស្រុងដូចដែរពាក្យចរចាមរាមនិយាយតៗគ្នានោះទេ។ ជំងឺហឺត អាចបណ្ដាលមកពីអាល្លែកហ្ស៊ីរបស់បុគ្គល ដូចជា អ្នកដែលអាល្លែកហ្ស៊ីជាមួយសត្វ គាត់អាចប្រឈមនឹងជំងឺហឺតដោយសារតែរោមសត្វ មានឆ្កែ និងឆ្មារជាដើម។ ចំណែកឯអ្នកខ្លះគាត់អាចអាល្លែកហ្ស៊ីជាមួយចំណីអាហារ ឬបរិយាកាសស្នាក់នៅជាដើម។
៦. តើជំងឺហឺតជាជំងឺឆ្លងដែរឬទេ? ប្រសិនបើជាជំងឺឆ្លង តើមូលហេតុអ្វីខ្លះដែលបង្កអោយមានការឆ្លង?
ជំងឺហឺត មិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមរយៈតាមការនៅជិតគ្នា ឬពិសារអាហាររួមគ្នានោះទេ។ តែគេរកឃើញថា ជំងឺហឺតអាចឆ្លងតាមរយៈហ្សែន ឬតំណរពូជ ដូចជា បើមានឪពុក ឬម្តាយមានប្រវត្តិកើតជំងឺហឺត នោះកូននឹងប្រឈមការកើតជំងឺហឺត៣០% ហើយក្នុងករណីឪពុកនិងម្ដាយសុទ្ធតែធ្លាប់មានប្រវត្តិកើតហឺត នោះកូននឹងប្រឈមការកើតជំងឺហឺត ៦០% ។
៧. តើជំងឺហឺតគ្រោះថ្នាក់ដល់ជីវិតដែរឬទេ?យើងគួរធ្វើអ្វីខ្លះចំពោះករណីជំងឺហឺតធ្ងន់ធ្ងរ?
ជម្ងឺហឺតអាចគ្រោះថ្នាក់ដល់ជិវិត ប្រសិនបើទុករហូតដល់ទៅជាវិបត្តិហឺតធ្ងន់ធ្ងរ។ ជំងឺហឺត ដែលមានវិបត្តិត្រូវមានការសង្រ្គោះ ដោយសារវាពិបាកដក់ដង្ហើម ប្រសិនបើអ្នកជំងឺចេះតែបណ្ដោយបង្កឱ្យជំងឺធ្ងន់ធ្ងរ អាចធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិត។
៨. តើយើងធ្វើរោគវិនិច្ឆ័យជំងឺហឺតយ៉ាងដូចម្តេច?
ជាធម្មតា បើអ្នកជំងឺហឺតគ្មានវិបត្តិជំងឺហឺត គេពុំអាចដឹងថាគាត់មានកើតជំងឺហឺត ឬអត់នោះទេ ដូច្នេះ មានតែការធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្តផ្លុំ រោគសញ្ញានៃជំងឺហឺតស្ដែងចេញពីបុគ្គលផ្ទាល់ និងដេញដោរសួរប្រវត្តិជំងឺអាល្លែកហ្ស៊ី និងប្រវត្តិគ្រូសារធ្លាប់កើតជំងឺហឺត ទើបអាចវិនិច្ឆ័យរកជំងឺហឺត។
៩. តើយើងអាចព្យាបាលជំងឺហឺតដោយវិធីណា?
ជម្ងឺហឺតអាចព្យាបាលជា ប៉ុន្តែមិនជាដាច់ទេដោយសារវាអាចឡាប់មកវិញ ពីព្រោះជាករណី កើតឡើងពីអាលក្សី ដែលទាមទារអោយមានការប្រយ័ត្ន និងតម។
ការព្យាបាលជម្ងឺហឺត គឺត្រូវការសហការពីបីមជ្ឈដ្ឋាន គ្រូពេទ្យ អ្នកជម្ងឺ និងគ្រួសារអ្នកជម្ងឺ។
គ្រូពេទ្យត្រូវពន្យល់អ្នកជម្ងឺអោយច្បាស់ថាអ្វីជាហឺត ក៏ដូចជាការលំបាក់នៃការប្រើប្រាស់ថ្នាំ ការព្យាបាល និងតាមដានស្ថានភាពជម្ងឺដោយខ្លូនឯង។ ទន្ទឹមនឹងនេះ ក៏ត្រូវការសហការពី សំណាក់ក្រុមគ្រួសារជម្ងឺ។
១០. តើយើងអាចការពារជំងឺហឺតដោយវិធីណា?
- ផ្លាស់ប្តូរ និងសម្អាតពូក ឬកម្រាលពូកឱ្យបានញឹកញាប់ (ហាលឱ្យត្រូវថ្ងៃ ពីព្រោះពពួកសត្វល្អិត Dust Mites ទាំងអស់នោះនឹងស្លាប់ពេលត្រូវកម្តៅថ្ងៃ)។
- ប្រសិនបើអ្នកមានប្រតិកម្មអាល្លែកហ្ស៊ីទៅនឹងសត្វ ចំណីអាហារ បរិយាកាស់ ឬទីកន្លែងណា អ្នកគួរតែនៅឱ្យឆ្ងាយពីវា។
រៀបរៀងដោយ៖ សុខក្រម-Sokhakrom
បកស្រាយដោយ៖ សាស្រ្តាចារ្យមហាបរិញ្ញា វ៉ាន់ មិច