បច្ចុប្បន្នកាលនេះជាសម័យវិទ្យាសាស្ត្រជឿនលឿន យើងឃើញថាអ្វីៗក៏ប្រែប្រួលខុសពីសម័យមុនដែរមិនថា សេដ្ឋកិច្ច សុខាភិបាល សុខភាព ផ្លូវចិត្ត ប្រព័ន្ធទូរគមនាគមន៍ ។ល។និង។ល។
ពីសម័យដើមការរស់នៅគឺមានលក្ខណៈតាមបែបធម្មជាតិ មិនមានការប្រកួតប្រជែង និងអារម្មណ៌មិនសូវស្មុគស្មាញទាំងក្នុងគ្រួសារទាំងក្នុងសង្គម ការស់នៅហូបចុកក៏មិនបបូរហូរហៀរ គ្រាន់តែប្រឈមខ្លាំងនឹងជំងឺឆ្លងជាងសម័យបច្ចុប្បន្ននេះ។
ដូច្នេះ អាយុកាលរបស់មនុស្សយើងវែងឬខ្លី ក៏ពាក់ព័ន្ធទៅនឹងកត្តាទាំអស់ខាងលើដែរ។
ការដកដង្ហើមស្រូបយកអុកស៊ីសែនគឺធ្វើឡើងដើម្បីទ្រទ្រង់ជីវិត តែអុកស៊ីសែនក៏បានបណ្ដុះនូវរ៉ាឌិកាល់សេរីពុលក្នុងរាងកាយផងដែរ ដែលធ្វើឱ្យខូចខាតកោសិកាក្នុងរាងកាយ និងបំផ្លាញសុខភាពយើង ដូចដែលបណ្ឌិត Denham Hartman 1956 បានលើកឡើងនូវទ្រិស្តីនៃអាយុចាស់ គឺមកពីកត្តា៣យ៉ាង៖
- ប្រភេទអុកស៊ីសែនប្រតិករ/រ៉ាឌិកាល់សេរី
- ការស្តុកទុកនៃអង់ទីអុកស៊ីដង់របស់កោសិការនៃរាងកាយរបស់យើង និង
- ស្ត្រេសអុកស៊ីកម្ម
ដើម្បីឈ្វេងយល់ពីដំណើរការនៃជីវិតឈានទៅរកភាពចាស់ និងជំងឺរ៉ាំរ៉ៃក្នុងខ្លួន យើងត្រូវស្វែងយល់ពី រ៉ាឌីកាល់សេរី អង់ទីអុកស៊ីដង់ និងអុកស៊ីដកម្ម ឬច្រេះ៖
១. តើអ្វីទៅជារ៉ាឌីកាល់សេរី?
ការទទួលទានអាហាររាល់ថ្ងៃ គឺមានសារធាតុចិញ្ចឹមក្នុងអាហារ និងកាកសំណល់នៃអាហារ (លាមក) បានហូរចូលទៅក្នុងខ្លួនយើងតាមរយៈប្រដាប់រំលាយអាហារ។
កាកសំណល់នៃអាហារ (លាមក) មិនអាចបញ្ជ្រាបចូលទៅក្នុងរាងកាយបានទេ ហេតុនេះវាត្រូវបញ្ចេញមកក្រៅវិញតាមទ្វារឧច្ចរៈ។ តែដោយឡែក សារធាតុចិញ្ចឹមក្នុងអាហារ វានឹងជ្រាបចូលទៅក្នុងរាងកាយ ហើយបង្កើតបានជាប្រតិមកម្មគីមីបំលែងទៅជាថាមពលចិញ្ចឹមកោសិការរាងកាយរបស់យើង ដើម្បីឱ្យកោសិការរាងកាយមានថាមពលខ្លាំងក្នុងការអនុវត្តដំណើរការនៃជីវិតដូចជា ការលូតលាស់ធំធាត់ បន្តពូជ បញ្ញាស្មារតី...។
តែយន្តការប្រតិកម្មគីមីនេះ ក៏បានបន្សល់ទុកនូវកាកសំណល់ពុលនៃសារធាតុចិញ្ចឹម ដែលយើងហៅវាថា« រ៉ាឌិកាល់សេរី ឬ រ៉ាឌីកាល់សេរីពុល»។ ដូច្នេះ រ៉ាឌីកាល់សេរី គឺជាសារធាតុពុលដែលនៅសេសសល់ពីប្រតិកម្មគីមី ឬការបំលែងសារធាតុចិញ្ចឹមក្នុងអាហារទៅជាថាមពលនៃកោសិការរាងកាយ។
ទាក់ទងនឹង រ៉ាឌីកាល់សេរី នេះដែរ គឺវាមិនអាចបញ្ចេញមកក្រៅវិញបានឡើយ ព្រោះវាជាសំណល់ពុលសល់ពីប្រតិកម្មគីមីដូចដែលយើងបានដឹងស្រាប់តាមការបកស្រាយខាងលើ ដូច្នេះគឺមានតែវិធីបន្សាប និងរំលាយវាវិញក្នុងរាងកាយតែប៉ុណ្ណោះ។
បន្ថែមពីលើនេះដែរ មានកត្តាមួយជាច្រើនទៀតដែលជម្រុញឱ្យមានការកកើតរ៉ាឌីកាល់សេរីកាន់តែខ្លាំងដូចជា៖
- ការប៉ះពន្លឺថ្ងៃក្តៅខ្លាំងរយះពេលយូរ
កមកុំ- ជក់បារីនិងហិតផ្សេងបារីយូរ
- ទទួលទានស្រាច្រើន
- អារម្មណ៌ស្ត្រេសមួរម៉ង
- ប្រើកំលាំងកាយហួសកំរឹត
- ដេកមិនគ្រប់ម៉ោង ( តិចជាង៦ម៉ោងក្នុង១ថ្ងៃ )
- បរិភោគចំណីមិនល្អចំពោះសុខភាពដូចជា ខ្លាញ់ច្រើន សាច់ច្រើន បន្លែមានជាតិគីមីលោហពុល
- កើតជំងឺរ៉ាំរ៉ៃដូចជាលើសឈាម ទឹកនោមផ្អែម ,ជំងឺមហារីក និង
- ការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ។ល។
២. តើអ្វីទៅជាអង់ទីអុកស៊ីដង់?
ដូចដែលយើងបានជ្រាបហើយថា រ៉ាឌីកាល់សេរី គឺមិនអាចបញ្ចេញមកក្រៅបានឡើយ ហើយយើងក៏មិនអាចទុកវាឱ្យនៅក្នុងរាងកាយបានដែរ។ ដូច្នេះ ដើម្បីបន្សាប និងរំលាយរ៉ាឌីកាល់សេរីពុលនោះក្នុងរាងកាយតែម្ដង ទើបធម្មជាតិបានបង្កើតឱ្យមានប្រព័ន្ធការពារដវៃឆ្លាតពីធម្មជាតិមួយក្នុងរាងកាយ មានឈ្មោះថា «អង់ទីអុកស៊ីដង់»។
ដូច្នេះ អង់ទីអុកស៊ីដង់ ជាប្រព័ន្ធការពារនៃរាងកាយពីធម្មជាតិដែលជួយបន្សាប និងរំលាយរ៉ាឌីកាល់សេរី ឬរ៉ាឌីកាល់សេរីពុលក្នុងរាងកាយទាំងមូល។
៣.តើអ្វីទៅជាអុកស៊ីដកម្ម ( oxidant ) និងស្រ្តេសអុកស៊ីដកម្ម ( oxidative stress )? តើច្រេះឯណាដែលឈប់ទ្រឹងមិនរីកធំទៅមុខ (អុកស៊ីដកម្មចេះតែកើនឡើង)?
ដូចយើងដឹងស្រាប់ហើយថា ជីវិត គឺត្រូវការថាមពលដើម្បីឱ្យរាងកាយមានការលូតលាស់ធំធាត់ បន្តពូជ និងបញ្ញាស្មារតី។ ហើយដើម្បីទទួលបានថាមពលទាំងនោះ ទើបរាងកាយរបស់យើងបង្កើតឱ្យមានយន្តការមេតាបូលិស ដែលជាយន្តការផលិតថាមពលឱ្យរាងកាយ។ តែទន្ទឹមនឹងនេះដែរ ក្រៅពីថាមពលដែលរាងកាយទទួលបាន យើងក៏ទទួលបាននូវកាកសំណល់ពុល ឬរ៉ាឌីកាល់សេរីមកទាំងព្រមគ្នាផងដែរ។
នៅពេលដែល រ៉ាឌីកាល់សេរី ចេះតែកើតច្រើនឡើងមិនឈប់ឈរនៅក្នុងរាងកាយ ស្របពេលដែល អង់ទីអុកស៊ីដង់ (ប្រព័ន្ធការពារបន្សាប និងរំលាយជាតិពុលរ៉ាឌីកាល់សេរី) ចេះតែរេចរិលទៅៗ ដោយសារអាយុ និងកត្តាខាងក្រៅ រួមទាំងជំងឺផ្សេងៗ និងការបញ្ចូលវត្ថុធាតុដើមសម្រាប់ផលិតអង់ទីអុកស៊ីដកម្មមិនបានគ្រប់គ្រាន់ គឺជាមូលហេតុធ្វើឱ្យបាត់បង់នូវតុល្យភាពរវាងរ៉ាឌីកាល់សេរីពុល និងអង់ទីអុកស៊ីដង់ប្រព័ន្ធការពាររបស់រាងកាយពីធម្មជាតិ បណ្ដាលឱ្យរ៉ាឌីកាលសេរី ឬកាកសំណល់ពុលទាំងនោះនៅសេសសល់ក្នុងរាងកាយយ៉ាងច្រើនលើសលុប បង្កើតទៅជា «ស្រ្តេសអុកស៊ីដកម្ម ឬ ច្រេះ»។
ច្រេះ ក្នុងន័យសាមញ្ញគឺវាស៊ីដែកទាល់តែអស់ ក៏ប៉ុន្តែក្នុងន័យសុខភាព ច្រេះ ឬច្រេះអុកស៊ីដកម្ម គឺវាធ្វើឱ្យខូចខាតដល់កោសិកាសរីរាង្គយើងទាំងមូល ដែលជាហេតុធ្វើឱ្យយើងនឹងត្រូវប្រឈមមុខនឹងជំងឺផ្សេងៗរាប់មិនអស់។
សរុបជារួមមក បើក្នុងរាងកាយយើងសម្បូរទៅដោយ អង់ទីអុកស៊ីដង់ (ប្រព័ន្ធការពារខ្ពស់ក្នុងរាងកាយពីធម្មជាតិ) រីឯប្រូ-អុកស៊ីដង់ ( ដូចជា ប្រភេទអុកស៊ីសែនប្រតិករ និងរ៉ាឌីកាល់សេរី)ក្នុងខ្លួនទាប ទើបចំនួនអុកស៊ីដកម្ម និងស្រ្តេសអុកស៊ីដកម្មក្នុងខ្លួនធ្លាក់ចុះ ជាហេតុធ្វើឱ្យយើង មានសុខភាពល្អ ហើយមិនសូវមានជំងឺបៀតបៀនតាំងពីវ័យក្មេងរហូតដល់វ័យចំណាស់។
ពាក្យស្លោកដ៏មានអត្ថន័យមួយបានលើកថា « ឱសថអង់ទីប៊ីយ៉ូទិក វាយប្រយុទ្ធកំចាត់ការបង្កររោគរបស់មេរោគគ្រប់ប្រភេទ រីឯ អង់ទីអុកស៊ីដដង់ បន្សាបនិងវាយកំចាត់ ប្រភេទរ៉ាឌីកាល់សេរី អុកស៊ីសែនប្រតិករ ស្ត្រេសអុកស៊ីដកម្ម ដែលបំផ្លាញសុខភាពយើងគ្រប់ប្រភេទ»៕
រៀបរៀងដោយ៖ សុខក្រម
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហ៊ឹម គុយ ឯកទេសជំងឺទួរទៅ,ថ្លើម និងអាហារូបត្ថម