(+855) 11 909 020 / 69 909 011

ការយល់ដឹងពីប្រូ-អុកស៊ីដង់ (រ៉ាឌីកាលសេរី-អុកស៊ីសែនប្រតិករ) និង អង់ទីអុកស៊ីដង់

  បច្ចុប្បន្នកាលនេះជាសម័យវិទ្យាសាស្ត្រជឿនលឿន យើងឃើញថាអ្វីៗក៏ប្រែប្រួលខុសពីសម័យមុនដែរមិនថា សេដ្ឋកិច្ច សុខាភិបាល សុខភាព ផ្លូវចិត្ត ប្រព័ន្ធទូរគមនាគមន៍ ។ល។និង។ល។

  ពីសម័យដើមការរស់នៅគឺមានលក្ខណៈតាមបែបធម្មជាតិ មិនមានការប្រកួតប្រជែង  និងអារម្មណ៌មិនសូវស្មុគស្មាញទាំងក្នុងគ្រួសារទាំងក្នុងសង្គម ការស់នៅហូបចុកក៏មិនបបូរហូរហៀរ គ្រាន់តែប្រឈមខ្លាំងនឹងជំងឺឆ្លងជាងសម័យបច្ចុប្បន្ននេះ។

  ដូច្នេះ អាយុកាលរបស់មនុស្សយើងវែងឬខ្លី ក៏ពាក់ព័ន្ធទៅនឹងកត្តាទាំអស់ខាងលើដែរ។ 

  ការដកដង្ហើមស្រូបយកអុកស៊ីសែនគឺធ្វើឡើងដើម្បីទ្រទ្រង់ជីវិត តែអុកស៊ីសែនក៏បានបណ្ដុះនូវរ៉ាឌិកាល់សេរីពុលក្នុងរាងកាយផងដែរ ដែលធ្វើឱ្យខូចខាតកោសិកាក្នុងរាងកាយ និងបំផ្លាញសុខភាពយើង ដូចដែលបណ្ឌិត Denham Hartman 1956 បានលើកឡើងនូវទ្រិស្តីនៃអាយុចាស់ គឺមកពីកត្តា៣យ៉ាង៖

  - ប្រភេទអុកស៊ីសែនប្រតិករ/រ៉ាឌិកាល់សេរី

  - ការស្តុកទុកនៃអង់ទីអុកស៊ីដង់របស់កោសិការនៃរាងកាយរបស់យើង និង

  - ស្ត្រេសអុកស៊ីកម្ម

  ដើម្បីឈ្វេងយល់ពីដំណើរការនៃជីវិតឈានទៅរកភាពចាស់ និងជំងឺរ៉ាំរ៉ៃក្នុងខ្លួន យើងត្រូវស្វែងយល់ពី រ៉ាឌីកាល់សេរី អង់ទីអុកស៊ីដង់ និងអុកស៊ីដកម្ម ឬច្រេះ៖ 

១. តើអ្វីទៅជារ៉ាឌីកាល់សេរី? 

  ការទទួលទានអាហាររាល់ថ្ងៃ គឺមានសារធាតុចិញ្ចឹមក្នុងអាហារ និងកាកសំណល់នៃអាហារ (លាមក) បានហូរចូលទៅក្នុងខ្លួនយើងតាមរយៈប្រដាប់រំលាយអាហារ។ 

  កាកសំណល់នៃអាហារ (លាមក) មិនអាចបញ្ជ្រាបចូលទៅក្នុងរាងកាយបានទេ ហេតុនេះវាត្រូវបញ្ចេញមកក្រៅវិញតាមទ្វារឧច្ចរៈ។ តែដោយឡែក សារធាតុចិញ្ចឹមក្នុងអាហារ វានឹងជ្រាបចូលទៅក្នុងរាងកាយ ហើយបង្កើតបានជាប្រតិមកម្មគីមីបំលែងទៅជាថាមពលចិញ្ចឹមកោសិការរាងកាយរបស់យើង ដើម្បីឱ្យកោសិការរាងកាយមានថាមពលខ្លាំងក្នុងការអនុវត្តដំណើរការនៃជីវិតដូចជា ការលូតលាស់ធំធាត់ បន្តពូជ បញ្ញាស្មារតី...។ 

  តែយន្តការប្រតិកម្មគីមីនេះ ក៏បានបន្សល់ទុកនូវកាកសំណល់ពុលនៃសារធាតុចិញ្ចឹម ដែលយើងហៅវាថា« រ៉ាឌិកាល់សេរី ឬ រ៉ាឌីកាល់សេរីពុល»។  ដូច្នេះ រ៉ាឌីកាល់សេរី គឺជាសារធាតុពុលដែលនៅសេសសល់ពីប្រតិកម្មគីមី ឬការបំលែងសារធាតុចិញ្ចឹមក្នុងអាហារទៅជាថាមពលនៃកោសិការរាងកាយ។

  ទាក់ទងនឹង រ៉ាឌីកាល់សេរី នេះដែរ គឺវាមិនអាចបញ្ចេញមកក្រៅវិញបានឡើយ ព្រោះវាជាសំណល់ពុលសល់ពីប្រតិកម្មគីមីដូចដែលយើងបានដឹងស្រាប់តាមការបកស្រាយខាងលើ ដូច្នេះគឺមានតែវិធីបន្សាប និងរំលាយវាវិញក្នុងរាងកាយតែប៉ុណ្ណោះ។

  បន្ថែមពីលើនេះដែរ មានកត្តាមួយជាច្រើនទៀតដែលជម្រុញឱ្យមានការកកើតរ៉ាឌីកាល់សេរីកាន់តែខ្លាំងដូចជា៖ 

- ការប៉ះពន្លឺថ្ងៃក្តៅខ្លាំងរយះពេលយូរ 

កមកុំ- ជក់បារីនិងហិតផ្សេងបារីយូរ

- ទទួលទានស្រាច្រើន 

- អារម្មណ៌ស្ត្រេសមួរម៉ង 

- ប្រើកំលាំងកាយហួសកំរឹត 

- ដេកមិនគ្រប់ម៉ោង ( តិចជាង៦ម៉ោងក្នុង១ថ្ងៃ )

- បរិភោគចំណីមិនល្អចំពោះសុខភាពដូចជា ខ្លាញ់ច្រើន សាច់ច្រើន បន្លែមានជាតិគីមីលោហពុល 

- កើតជំងឺរ៉ាំរ៉ៃដូចជាលើសឈាម ទឹកនោមផ្អែម ,ជំងឺមហារីក និង

- ការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវ។ល។ 

២. តើអ្វីទៅជាអង់ទីអុកស៊ីដង់? 

  ដូចដែលយើងបានជ្រាបហើយថា រ៉ាឌីកាល់សេរី គឺមិនអាចបញ្ចេញមកក្រៅបានឡើយ ហើយយើងក៏មិនអាចទុកវាឱ្យនៅក្នុងរាងកាយបានដែរ។ ដូច្នេះ ដើម្បីបន្សាប និងរំលាយរ៉ាឌីកាល់សេរីពុលនោះក្នុងរាងកាយតែម្ដង ទើបធម្មជាតិបានបង្កើតឱ្យមានប្រព័ន្ធការពារដវៃឆ្លាតពីធម្មជាតិមួយក្នុងរាងកាយ មានឈ្មោះថា «អង់ទីអុកស៊ីដង់»។ 

  ដូច្នេះ អង់ទីអុកស៊ីដង់ ជាប្រព័ន្ធការពារនៃរាងកាយពីធម្មជាតិដែលជួយបន្សាប និងរំលាយរ៉ាឌីកាល់សេរី ឬរ៉ាឌីកាល់សេរីពុលក្នុងរាងកាយទាំងមូល។

៣.តើអ្វីទៅជាអុកស៊ីដកម្ម ( oxidant ) និងស្រ្តេសអុកស៊ីដកម្ម ( oxidative stress )? តើច្រេះឯណាដែលឈប់ទ្រឹងមិនរីកធំទៅមុខ (អុកស៊ីដកម្មចេះតែកើនឡើង)? 

  ដូចយើងដឹងស្រាប់ហើយថា ជីវិត គឺត្រូវការថាមពលដើម្បីឱ្យរាងកាយមានការលូតលាស់ធំធាត់ បន្តពូជ និងបញ្ញាស្មារតី។ ហើយដើម្បីទទួលបានថាមពលទាំងនោះ ទើបរាងកាយរបស់យើងបង្កើតឱ្យមានយន្តការមេតាបូលិស ដែលជាយន្តការផលិតថាមពលឱ្យរាងកាយ។ តែទន្ទឹមនឹងនេះដែរ ក្រៅពីថាមពលដែលរាងកាយទទួលបាន យើងក៏ទទួលបាននូវកាកសំណល់ពុល ឬរ៉ាឌីកាល់សេរីមកទាំងព្រមគ្នាផងដែរ។

នៅពេលដែល រ៉ាឌីកាល់សេរី ចេះតែកើតច្រើនឡើងមិនឈប់ឈរនៅក្នុងរាងកាយ ស្របពេលដែល អង់ទីអុកស៊ីដង់ (ប្រព័ន្ធការពារបន្សាប និងរំលាយជាតិពុលរ៉ាឌីកាល់សេរី) ចេះតែរេចរិលទៅៗ ដោយសារអាយុ និងកត្តាខាងក្រៅ រួមទាំងជំងឺផ្សេងៗ និងការបញ្ចូលវត្ថុធាតុដើមសម្រាប់ផលិតអង់ទីអុកស៊ីដកម្មមិនបានគ្រប់គ្រាន់ គឺជាមូលហេតុធ្វើឱ្យបាត់បង់នូវតុល្យភាពរវាងរ៉ាឌីកាល់សេរីពុល និងអង់ទីអុកស៊ីដង់ប្រព័ន្ធការពាររបស់រាងកាយពីធម្មជាតិ បណ្ដាលឱ្យរ៉ាឌីកាលសេរី ឬកាកសំណល់ពុលទាំងនោះនៅសេសសល់ក្នុងរាងកាយយ៉ាងច្រើនលើសលុប បង្កើតទៅជា «ស្រ្តេសអុកស៊ីដកម្ម ឬ ច្រេះ»។ 

  ច្រេះ ក្នុងន័យសាមញ្ញគឺវាស៊ីដែកទាល់តែអស់ ក៏ប៉ុន្តែក្នុងន័យសុខភាព ច្រេះ ឬច្រេះអុកស៊ីដកម្ម គឺវាធ្វើឱ្យខូចខាតដល់កោសិកាសរីរាង្គយើងទាំងមូល ដែលជាហេតុធ្វើឱ្យយើងនឹងត្រូវប្រឈមមុខនឹងជំងឺផ្សេងៗរាប់មិនអស់។

  សរុបជារួមមក បើក្នុងរាងកាយយើងសម្បូរទៅដោយ អង់ទីអុកស៊ីដង់ (ប្រព័ន្ធការពារខ្ពស់ក្នុងរាងកាយពីធម្មជាតិ) រីឯប្រូ-អុកស៊ីដង់ ( ដូចជា ប្រភេទអុកស៊ីសែនប្រតិករ និងរ៉ាឌីកាល់សេរី)ក្នុងខ្លួនទាប ទើបចំនួនអុកស៊ីដកម្ម និងស្រ្តេសអុកស៊ីដកម្មក្នុងខ្លួនធ្លាក់ចុះ ជាហេតុធ្វើឱ្យយើង មានសុខភាពល្អ ហើយមិនសូវមានជំងឺបៀតបៀនតាំងពីវ័យក្មេងរហូតដល់វ័យចំណាស់។  

  ពាក្យស្លោកដ៏មានអត្ថន័យមួយបានលើកថា « ឱសថអង់ទីប៊ីយ៉ូទិក វាយប្រយុទ្ធកំចាត់ការបង្កររោគរបស់មេរោគគ្រប់ប្រភេទ រីឯ អង់ទីអុកស៊ីដដង់ បន្សាបនិងវាយកំចាត់ ប្រភេទរ៉ាឌីកាល់សេរី អុកស៊ីសែនប្រតិករ ស្ត្រេសអុកស៊ីដកម្ម ដែលបំផ្លាញសុខភាពយើងគ្រប់ប្រភេទ»៕

 

រៀបរៀងដោយ៖ សុខក្រម 

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហ៊ឹម គុយ ឯកទេសជំងឺទួរទៅ,ថ្លើម និងអាហារូបត្ថម