ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយមុសខ្លាខាំ ហើយជំងឺនេះច្រើនកើតឡើងក្នុងរដូវភ្លៀង។
ភាគច្រើននៃអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ គឺជាអ្នកជំងឺដែលធ្លាប់កើតជំងឺគ្រុនឈាមពីមុនមក បូករួមទាំងប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធការពាររាងកាយពីជំងឺ) របស់អ្នកជំងឺចុះខ្សោយស្រាប់ផងដែរ។
ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា៖
- ទ្បើងកម្តៅខ្លាំងភ្លាមៗ និងមានអាការញាក់។
- ឈឺចាប់ពេញខ្លួនប្រាណ មានអារម្មណ៍ពិបាកទ្រាំ និងអស់កម្លាំង។
- ឈឺក្បាល និងឈឺបំពង់ក។
- ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍ មានចេញកន្ទួលក្រហមដូចជាស្នាមមូសខាំ នៅត្រង់ប្រអប់ដៃ និងប្រអប់ជើង រួចរាលដាលដល់ពេញរាងកាយទាំងមូល តែជាទូទៅកន្ទួលក្រហមនេះមិនកើតនៅលើផ្ទៃមុខឡើយ។
- ចំពោះកុមារវិញ អាចមានរោគសញ្ញាក្អូតចង្អោរ ឬមានច្រាលឈាមជាដើម ។
- រោគសញ្ញាធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម គឺអាចបណ្តាលឱ្យមានការហូរឈាមតាមស្បែក មានចំនុចខ្មៅជាំតូចៗ ឬឃើញមានសញ្ញាហូរឈាមយ៉ាងធ្ងន់ធ្ងរនៅក្នុងរាងកាយ ។
មូលហេតុចម្បងដែលបង្កឱ្យកើតជំងឺគ្រុនឈាម គឺមូសខ្លាខាំ។
វិធីបង្ការល្អបំផុតពីជំងឺគ្រុនឈាមគឺ ដុតបំផ្លាញ និងបំបាត់ជំរកមូសខ្លា និងគេងក្នុងមុងឱ្យបានត្រឹមត្រូវ។
ចំណាំ៖ មាតាបិតា និងអាណាព្យាបាលទាំងអស់ បើសង្កេតឃើញកូនៗមានរោគសញ្ញាក្ដៅខ្លួនខ្លាំង សូមប្រើថ្នាំបញ្ចុះកំដៅប៉ារ៉ាសេតាម៉លឱ្យត្រឹមត្រូវ ដោយត្រូវលេបចន្លោះពេលពី ៦ ទៅ ៨ ម៉ោងម្តង និងយកកន្សែងត្រជាក់ជូនខ្លួន និងគ្របដណ្ដប់លើខ្លួនរបស់ពួកគេ។ បើសិនកំដៅក្នុងខ្លួនមិនអន់ថយ និងសង្កេតឃើញអាការកូនៗកាន់តែយ៉ាប់ឡើងៗ និងមានរោគសញ្ញាមួយចំនួនដូចបានជម្រាបជូនខាងលើ សូមប្រញ៉ាប់រុះរាន់នាំកូនៗមកកាន់មន្ទីពេទ្យដែលជិតបំផុត ដោយមិនត្រូវទុកអ្នកជំងឺលើសពី ២ ថ្ងៃឡើយ។
បញ្ជាក់បន្ថែមពីលើនេះដែរ បើសង្ស័យនរណាម្នាក់កើតជំងឺគ្រុនឈាម សូមកុំកោសខ្យល់គេឱ្យសោះ ព្រោះវាធ្វើឱ្យគ្រូពេទ្យពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)