ប្រសិនបើលោកអ្នកសង្កេតឃើញថា ពោះរបស់ខ្លួនហើម ឈឺពោះ ចង់ក្អួត និងបន្ទោបង់រាវ ឬរាគរូស និងជួនកាលគ្រុនក្ដៅ គឺអាចបញ្ជាក់បានថា អ្នកកំពុងតែជួបប្រទះបញ្ហារលាកពោះវៀន។
ដូច្នេះ បើអ្នកសង្ស័យថា ខ្លួនកំពុងកើតជំងឺរលាកពោះវៀន ដូចរោគសញ្ញាខាងលើ សូមយកចិត្តទុកដាក់ចំពោះរបបអាហារ ដើម្បីជួយសម្រួលដល់ជំងឺឱ្យកាន់តែធូរស្រាល និងចៀសវាងបង្កផលវិបាកធ្ងន់ធ្ងរ។
ខាងក្រោមនេះជារបបអាហារសម្រាប់អ្នកកើតជំងឺរលាកពោះវៀន៖
១. អាហារសម្រាប់អ្នកជំងឺរលាកពោះវៀន ៖
- ការបរិភោគអាហារម្ដងៗ មិនថា ពេលព្រឹក ថ្ងៃ ឬល្ងាច គឺមិនគួរបរិភោគច្រើនពេកនោះទេ តែប្រសិនបើលោកអ្នកមានអារម្មណ៍ថាមិនឆ្អែត អាចបរិភោគតិចៗ តែច្រើនដងក្នុងមួយថ្ងៃ ដើម្បីសម្រួលដល់ការធ្វើចលនារបស់ពោះវៀន ព្រោះនៅពេលនេះពោះវៀនរបស់យើងកំពុងតែរលាក។
- បរិភោគអាហារដែលងាយស្រួលក្នុងការរំលាយ ដែលជាប្រភេទអាហារ ទន់ ឬរលាយដោយខ្លួនឯងជាដើម ដើម្បីសម្រួលដល់ចលនារបស់ពោះវៀន។
- ទទួលទានអាហារមានជាតិម្សៅ ដូចជា នំប៉័ងស បាយស សរសៃគុយទាវ ឬអាចពិសាដំឡូងស្ងោរ ត្រាវឬល្ពៅស្ងោរ ការ៉ុតស្ងោរ ជំនួសបាយអង្ករសំរូប និងនំប៉័ងហូលវីត។
- បរិភោគអាហារមានជាតិខ្លាញ់ទាប ដូចជា ស៊ុត ត្រី សាច់ជ្រូក ឬសាច់មាន់មិនជាប់ស្បែក បង្គា គ្រំ និងជាពិសេសត្រី (ត្រីសមុទ្រ ឬត្រីដែលមានស្រទាប់ស្បែកក្រាស់ដូចជា ត្រីសណ្តាយ ត្រីអណ្តែង) ព្រោះជាតិខ្លាញ់ពីត្រីមានផ្ទុកជាតិ អូមេហ្គា-៣ ដែលអាចជួយបន្ថយការរលាកពោះវៀនបាន។
- ចំពោះបន្លែទន់ៗដូចជា ស្ពៃចង្កឹះ ទំពាំងបារាំង និងបន្លែដទៃទៀត គួរយកទៅចំហុយជំនួសការស្ងោរ ដើម្បីបន្សល់ទុកជាតិវីតាមីន និងជាតិខនិជឱ្យបានច្រើនបំផុត។
- ចាំបាច់ត្រូវពិសាទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃ ដើម្បីសម្រួលដល់ចលនាពោះវៀន និងបំពេញមុខងារក្នុងរាងកាយទាំងមូល។
២. អាហារដែលអ្នកជំងឺរលាកពោះវៀនគួរចៀសវាង ៖
អាហារទាំងអស់ខាងក្រោមនេះ មិនគួរទទួលទាននោះទេ ព្រោះវានឹងធ្វើឱ្យពោះវៀនកាន់តែរលាក បន្ទោបង់រាវ ហើមពោះ និងឈឺពោះជាដើម។
- ចៀសវាងអាហារមានប្រតិកម្មជាមួយអ្នក
- ចៀសវាងអាហារសម្បូរជាតិកាកសរសៃ ហើយចំពោះអាហារជាតិកាកសរសៃនេះក្នុងករណីធ្ងន់ធ្ងរ អាចបណ្ដាលឱ្យស្ទះពោះវៀនថែមទៀតផង
- អាហារសម្បូរជាតិខ្លាញ់
- អាហារផលិតពីទឹកដោះគោ (ផោមច្រើន និងកាន់តែហើមពោះ)
- អាហារជាតិហឺរ ព្រោះវាធ្វើឱ្យរោគសញ្ញានៃជំងឺរលាកពោះវៀនកាន់តែធ្ងន់ធ្ងរ
- ការប្រើបំពង់បឺតទឹកវានឹងធ្វើឱ្យខ្យល់ក្នុងពោះកាន់តែច្រើន កាន់តែហើម
- ភេសជ្ជៈជាតិផ្អែម និងផ្លែឈើមានកំហាប់ខ្ពស់។
ចំណាំ៖ ប្រសិនបើលោកអ្នកសង្កេតឃើញខ្លួនមានរោគសញ្ញារលាកពោះវៀន សូមអញ្ជើញរុះរាន់មកជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងទុកជំងឺវិវត្តកាន់តែធ្ងន់ធ្ងរទៅជា រលាកពោះវៀនរ៉ាំរ៉ៃ ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)