(+855) 11 909 020 / 69 909 011

រូបមន្តធម្មជាតិ ៤ យ៉ាង ជួយព្យាបាលឈឺសន្លាក់ឆ្អឹងយ៉ាងមានប្រសិទ្ធភាព 

តើលោកអ្នកកំពុងតែឈឺសន្លាក់ឆ្អឹងឬ? តើលោកអ្នកចង់ដឹងពីវិធីជួយបន្ថយការឈឺចុកចាប់សន្លាក់ឆ្អឹង និងព្យាបាលដោយមិនចាំបាច់ទៅរកគ្រូពេទ្យដែរឬទេ? 

ដូចលោកអ្នកបានជ្រាបរូចមកហើយ ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹករេចរិលនៃសន្លាក់ឆ្អឹង។ សន្លាក់ដែលងាយរងការបំផ្លាញ គឺសន្លាក់ត្រង់ ដៃ ជង្គង់ ជើង និងត្រកៀក។

 ជាទូទៅ ជំងឺរលាកសន្លាក់ ឬឈឺសន្លាក់ឆ្អឹង កើតឡើងលើមនុស្សពេញវ័យដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ។ កត្តាដែលបង្កឱ្យយើងឈឺសន្លាក់ឆ្អឹង ការឡើងទម្ងន់ជ្រុល, ការរងរបួស ឬប៉ះទង្គិចត្រង់សន្លាក់ណាមួយ, ការធ្វើការងារធ្ងន់ ឬអាចមកពីមេរោគ និងជំងឺផ្សេងៗដែលផ្ដល់ផលវិបាកដល់សន្លាក់។ 

ដូច្នេះ ប្រសិនបើលោកអ្នកឈឺសន្លាក់ សូមអនុវត្តតាមរូបមន្តធម្មជាតិ ៤ យ៉ាងខាងក្រោមនេះ ព្រោះវាអាចជួយព្យាបាលឈឺសន្លាក់យ៉ាងមានប្រសិទ្ធភាព។  

ក. រូបមន្តទី១ 
- គ្រឿងផ្សំ៖ ត្រសក់ទំហំល្មម ១, យិនឆាយធំ ២ ទង, ក្រូចឆ្មារមួយចំណិត និងខ្ញីខ្ចី ១ មើម។ 
- វិធីធ្វើ៖ ជាដំបូងសូមលាងបន្លែឱ្យស្អាត។ កាត់ត្រសក់ជាកង់ៗដាក់ចូលក្នុងម៉ាស៊ីនទឹកក្រឡុក និងបន្ថែម ឃិនឆាយ ក្រូចឆ្មា និងខ្ញី (ខ្ញីកោសសំបកចេញ និងកាត់ជាដុំៗងាយស្រួលកិន) រួចក្រឡុកកិនឱ្យម៉ដ្ឋ។  
- វិធីប្រើ៖ បន្ទាប់ពីផ្សំគ្រឿងផ្សំទាំងអស់រួចរាល់ហើយ សូមពិសា ៣ ដងក្នុងមួយថ្ងៃ គឺពិសាមុនអាហារព្រឹក ថ្ងៃ និងល្ងាច។ សូមពិសាឱ្យបាន ២ ឬ ៣ ដង ក្នុងមួយសប្ដាហ៍ នោះលោកអ្នកនឹងឃើញលទ្ធផលរបស់វា។ សូមបញ្ជាក់ថា រូបមន្តទី ១ នេះ ជួយកម្ចាស់អាស៊ីតអ៊ុយរិចពីសន្លាក់ដៃជើងបានយ៉ាងមានប្រសិទ្ធិភាព។

ខ. រូបមន្តទី២
- គ្រឿងផ្សំ៖ បន្លែក្រសាំងទៀប និងទឹកក្នុងបរិមាណ ២ កែវ។
- វិធីធ្វើ៖ សូមយកក្រសាំងទាបស្រស់មួយក្ដាប់ដៃ ដាក់ក្នុងទឹក រួចដាំឱ្យពុះ។
- វិធីប្រើ៖ បន្ទាប់ពីផ្សំគ្រឿងផ្សំទាំងអស់រួចរាល់ហើយ សូមពិសាវា ១ កែវ មុនពេលបាយព្រឹក និងមុនពេលបាយល្ងាច ១ កែវទៀត។ សូមអនុវត្តវិធីនេះឱ្យបានជារៀងរាល់ថ្ងៃ នោះការឈឺសន្លាក់ឆ្អឹងរបស់លោកអ្នក នឹងចាប់ផ្ដើមធូរស្រាលជាងមុនមិនខាន។ សូមបញ្ជាក់ថា លោកអ្នកត្រូវធ្វើម្ដង (ដាំទឹកម្ដង)  និងពិសាម្ដង មិនអាចដាក់ក្រសាំងទៀបច្រើន និងដាក់ទឹកដាំច្រើន ទុកផឹកថ្ងៃបន្ទាប់ឡើយ៕ 

គ. រូបមន្តទី៣ 
- គ្រឿងផ្សំ៖ - អំបិលក្រួសកន្លះគីឡូ ខ្ញី និង ខ្ទឹមបារាំង។  
- វិធីធ្វើ៖ ជាដំបូងសូមយកអំបិលក្រួសលីងក្នុងខ្ទះឱ្យក្ដៅខ្លាំង រួចចាក់ចូលក្នុងថង់ក្រណាត់ស្អំ ចងគួចឱ្យបានល្អ (សូមរុំក្រណាត់ឱ្យបានច្រើនជុំ ដើម្បីកាត់បន្ថយកំដៅនៃអំបិលដែលលីងហើយនោះ ព្រោះវាអាចធ្វើឱ្យរលាកស្បែក)។ បន្ទាប់មកហាន់ខ្ញី និងខ្ទឹមបារាំង ២ ទៅ ៣ បន្ទះ បិត ឬ ដាក់លើបរិវេណឈឺសន្លាក់  រួចហើយសូមយកអំបិលក្នុងថង់ក្រណាត់មកស្អំពីលើជាការស្រេច។ 
- វិធីប្រើ៖ វិធីនេះអនុវត្តតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ចំពោះអំបិលពេលចុះត្រជាក់ អាចយកទៅលីងឱ្យក្ដៅឡើងវិញបាន ព្រោះអំបិលអាចប្រើបានច្រើនដង តែដោយឡែក ខ្ញី និងខ្ទឹមបារាំងត្រូវផ្លាស់ប្ដូរថ្មី។   

ឃ. រូបមន្តទី៤ 
- គ្រឿងផ្សំ៖ ប៉ោម បៃតង ២ ផ្លែ និង ស្លឹកគ្រៃ ៥ គល់. 
- វិធីធ្វើ៖ ជាដំបូងសូមយក ផ្លែប៉ោម និង គល់ស្លឹកគ្រៃ ដាក់ក្នុងទឹកដាំរហូតទាល់តែសាច់ផ្លែប៉ោមមានសភាពទន់ ទើបលើកឆ្នាំងដាំទឹកចុះពីចង្រ្កាន ដើម្បីរក្សាទុកទឹកដែលដាំហើយនោះឱ្យត្រជាក់បន្តិច។ 
- វិធីប្រើ៖ នៅពេលដែលទឹកត្រជាក់ សូមសម្រិតយកតែទឹកបានហើយ មកពិសាជាការស្រេច។ សូមបញ្ជាក់ថា ចំពោះរូបមន្តទី ៤ នេះ លោកអ្នកត្រូវអត់ធ្មត់ក្នុងការអនុវត្តឱ្យបានច្រើនដងក្នុងមួយសប្ដាហ៍ទើបមានប្រសិទ្ធភាព។ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម ( Sokhakrom )