ជំងឺមហារីកឈាម ឬ ជំងឺឈាមសស៊ីឈាមក្រហម ដែលភាសាបច្ចេកទេសហៅថា Leukemia គឺជាជំងឺម្យ៉ាងកើតមាននៅលើជាលិកាឈាម ទាំងនៅក្នុងខួរឆ្អឹង និងប្រព័ន្ធទឹករងៃ ដែលត្រូវបានបែងចែកទៅតាមប្រភេទនៃកោសិកាឈាម និងការវិវឌ្ឍរបស់វា។ ប្រភេទទូទៅនៃមហារីកឈាមទាំងនោះរួមមាន មហារីកឈាមស្រួចស្រាវ និងមហារីកឈាមរ៉ាំរ៉ៃ ដែលទម្រង់ខ្លះកើតមានលើក្មេង រីឯខ្លះទៀតច្រើនកើតលើមនុស្សពេញវ័យ។
១. រោគសញ្ញា
ជាទូទៅ រោគសញ្ញានៃអ្នកជំងឺមហារីកឈាមលេចឡើងខុសៗគ្នាអាស្រ័យតាមប្រភេទ ប៉ុន្តែរោគសញ្ញាជារួមអាចសង្កេតឃើញមានដូចជា៖
- គ្រុនក្តៅ
- អស់កម្លាំងរយៈពេលយូរ និងខ្សោយ
- ស្រកគីឡូដោយគ្មានមូលហេតុ
- ឡើងកូនកណ្តុរ
- ងាយចេញឈាម ពិសេសឈាមច្រមុះ
- ស្នាមឈាមជាំលើស្បែក
- បែកញើសច្រើនពិសេសយប់
- ឈឺឆ្អឹង។
ក្នុងករណីដែលលោកអ្នកមានរោគសញ្ញាសង្ស័យខាងលើជាអចិន្ត្រៃយ៍ សូមលោកអ្នកអញ្ចើញរុះរាន់ប្រញ៉ាប់ទៅជួបជាមួយគ្រូពេទ្យ។
គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺមហារីកឈាមលេចឡើងមិនច្បាស់លាស់ ដែលធ្វើឲ្យអ្នកអាចច្រឡំជាមួយនឹងសញ្ញាផ្តាសាយ ឬកាបង្ករោគផ្សេងទៀតដែលវាកម្រនឹងត្រូវបានរកឃើញ នៅអំឡុងពេលនៃការធ្វើតេស្តឈាមធម្មតាណាស់។
២. កត្តាហានិភ័យ
ក្នុងវិស័យវេជ្ជសាស្រ្តបច្ចុប្បន្ន អ្នកវិទ្យាសាស្រ្តពុំទាន់រកឃើញពីមូលហេតុពិតប្រាកដដែលបង្កឱ្យកើតជំងឺនេះនៅឡើយទេ ក៏ប៉ុន្តែគេសង្កេតឃើញថា មានកត្តាមួយចំនួនប្រហែលជាចូលរួមបង្កើនហានិភ័យ ចំពោះប្រភេទមហារីកឈាមខ្លះ ក្នុងនោះរួមមាន៖
- អ្នកធ្លាប់ទទួលបានការព្យាបាលមហារីកដោយថ្នាំគីមី និងការបាញ់កាំរស្មីពីមុន
- បម្រែបម្រួលហ្សែន ដូចជា Down Syndrome
- ការជក់បារី
- ប្រវត្តិគ្រួសារធ្លាប់មានមហារីកឈាមជាដើម។
ថ្វីត្បិតតែកត្តាហានិភ័យខាងលើ អាចជាមូលហេតុបង្កឱ្យកើតមហារីកឈាមក្ដី តែមានអ្នកខ្លះមានកត្តាហានិភ័យខាងលើដែរ តែមិនកើតជំងឺមហារីកឈាមឡើយ។ រីឯ អ្នកខ្លះទៀត ទោះបីជាមិនមានហានិភ័យខាងលើ ក៏អាចកើតជំងឺមហារីកឈាមដែរ។
ការរកមើលសញ្ញានៅលើរាងកាយ ការពិនិត្យឈាម ការពិនិត្យខួរឆ្អឹង នឹងត្រូវបានណែនាំពីវេជ្ជបណ្ឌិតឯកទេស ដើម្បីរកសញ្ញាណនៃមហារីកឈាម មុនឈានដល់ការព្យាបាល។
គួរបញ្ជាក់ថា គ្រូពេទ្យនឹងធ្វើការព្យាបាលជំងឺមហារីកឈាមទៅតាមកត្តាហានិភ័យ អាយុ និងប្រភេទនៃមហារីកឈាម ដែលការព្យាបាលទាំងនេះមានដូចជា ការប្រើថ្នាំគីមី និងការបាញ់កាំរស្មីជាដើម៕
- ស្រាវជ្រាង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)