(+855) 11 909 020 / 69 909 011

បើអ្នកឧស្សាហ៍កើតជំងឺរាគ គួរតែយល់ដឹងពីដំបូន្មានទាំងនេះ 

ដូចអ្នកបានជ្រាបរួចមកហើយពីជំងឺរាគ ដែលបណ្ដាលមកពីវីរុសក្នុងចំណីអាហារ និងប្រតិកម្មចំណីអាហារជាដើម។ 

ជាការពិតណាស់ ក្នុងរដូវខ្លះ ជាពិសេសរដូវរងារ និងរដូវភ្លៀង ជំងឺរាគតែកើតឡើងជាញឹកញាប់ ដូច្នេះ យើងគ្រប់គ្នាគួរតែយល់ដឹងពីវិធីបង្ការខ្លួនពីជំងឺរាគ។ វិធីបង្ការជំងឺរាគ រួមមាន ពិសាទឹកស្អាត ទឹកដាំពុះ លាងដៃឱ្យស្អាតជានិច្ចមុនបរិភោគអាហារ រស់នៅដោយអនាម័យបំផុតពិសេសការហូបចុក និងបន្ទោបង់​ក្នុង​បង្គន់ជានិច្ច។ ចំពោះអាហារមួយចំនួនដែលអ្នកតែងកត់សម្គាល់ឃើញថា ស្ទើរតែគ្រប់ពេលបរិភោគអាហារនោះ តែងតែធ្វើឱ្យអ្នករាគ ដូច្នេះ អ្នកគួរតែផ្អាកទទួលទានអាហារទាំងនោះជាបន្ទាន់ (ប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទានចំណីអាហារ)។ 

ប្រសិនបើអ្នកកើតជំងឺរាគ អ្នកគួរតែបរិភោគនូវអាហារទាំងនេះឱ្យបានច្រើន ដូចជា ចេក បាយ ផ្លែប៉ោមស្ងោឆ្អិន និងនំប៉័ង ព្រោះវាជួយសម្រួលដល់ក្រពះ ជួយធ្វើឱ្យលាមករាវមកជារឹងតែមិនក្ដៀនឡើយ។ ដោយឡែកមួយវិញទៀត ចំពោះការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តែងពិសាផ្លែត្របែក និង ខ្វិត ដើម្បីជួយទប់ទល់នឹងការរាគរូស។ 

ចំពោះការព្យាបាលជំងឺរាគវិញ អ្នកជំងឺគួរតែជួបជាមួយគ្រូពេទ្យជំនាញ និងប្រាប់ពីស្ថានភាពជំងឺរបស់អ្នកឱ្យបានច្បាស់លាស់ ដើម្បីព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា ព្រោះថា ការបណ្ដោយឱ្យជំងឺរាគកាន់តែខ្លាំង និងរយៈពេលយូរថ្ងៃដោយមិនព្រមព្យាបាល អាចបង្កជាហានិភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយ៕ 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom