ជំងឺហង់សិន ឬ ឃ្លង់ ជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈផ្លូវដង្ហើម។ ជំងឺនេះអាចព្យាបាលជា ក៏ប៉ុន្តែបើមានការយឺតយ៉ាវក្នុងការព្យាបាល នោះនឹងបន្សល់ទុកនូវផលវិបាកដល់អ្នកជំងឺ ដូចជា ពិការភ្នែក ដៃ ជើង។
១. និយមន័យ
ជំងឺហង់សិន ឬ ឃ្លង់ ជាជំងឺឆ្លងពីបាក់តេរីកើតឡើងលើមនុស្សគ្រប់វ័យ បង្កឱ្យប៉ះពាល់ដល់ស្បែក និងសរសៃប្រសាទ។
២. រោគសញ្ញា
ជាទូទៅ មេរោគបង្កជំងឺសំងំលាក់ខ្លួនក្នុងរាងកាយអ្នកជំងឺជាមធ្យម ៣ ឆ្នាំ ទើបចាប់ផ្ដើមចេញរោគសញ្ញា។ នៅពេលដែលរោគសញ្ញាលេចឡើង នោះវានឹងមានស្នាមលើស្បែកមួយ ឬច្រើន និងមានពណ៌ស ឬ ពណ៌ក្រហម ឬពណ៌ទង់ដែង។ ស្នាមអាចមានសណ្ឋានរាបស្មើ ទ្បើងខ្ពស់ ឬ ពក មិនរមាស់។ ដោយសារតែជំងឺឃ្លង់ ឬហង់សិន បានធ្វើឱ្យអ្នកជំងឺបាត់បង់ញាណ ទើបស្នាមទាំងនោះជាធម្មតាមិនមានការឈឺចាប់នោះទេ។
៣. មូលហេតុបង្ក
ជំងឺឃ្លង់ ឆ្លងពីមេរោគបាក់តេរីដឺហង់សិន (Mycobacterium Lepre)។
៤. រោគវិន្ឆ័យ
ជំងឺហង់សិន ឬឃ្លង់ ធ្វើរោគវិន័ច្ឆ័យដោយវិធី ២ យ៉ាងគឺ ការធ្វើតេស្តលើឈាម និងពិនិត្យរកមេរោគក្នុងមន្ទីរពិសោធន៍។
៥. វិធីព្យាបាល និង បង្ការ
ដោយហេតុថា ជំងឺហង់សិន ឬឃ្លង់ មានពីរប្រភេទ គឺប្រភេទទី ១ ឆ្លងមេរោគតិច និងប្រភេទទី ២ ឆ្លងមេរោគច្រើន ដូច្នេះ ការព្យាបាលជំងឺហង់សិន ឬឃ្លង់ ក៏ត្រូវធ្វើការព្យាបាល ២ របៀបខុសគ្នាផងដែរ។
បើអ្នកសង្ស័យថា អ្នកមានស្នាមនៅលើស្បែកមិនមានការឈឺចាប់ និងប្រហែលជារោគសញ្ញានៃជំងឺហង់សិន ឬឃ្លង់ សូមប្រញាប់រុះរាន់អញ្ជើញមកជួបជាមួយគ្រូពេទ្យដើម្បីព្យាបាល និងបង្ការជំងឺឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ការព្យាបាលចំពោះជំងឺហង់សិន ឬ ឃ្លង់ អាចចន្លោះពី ៦ ខែ ទៅ ១២ ខែ អាស្រ័យលើអាការជំងឺ និងអាចព្យាបាលជាសះស្បើយបាន ១០០%។ ក្នុងករណីការព្យាបាល មានភាពយឺតយ៉ាវ នោះអ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា ពិការភ្នែក ដៃ ជើងជាដើម៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)