(+855) 11 909 020 / 69 909 011

យល់ដឹងពី ជំងឺគ្រុនឈាម 

១. និយមន័យ 
ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ដែលចម្លងតាមរយៈការខាំរបស់មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។​

វីរុសនៃជំងឺគ្រុនឈាមមាន ៤ ប្រភេទ។ អ្នកកើតជំងឺគ្រុនឈាមលើកដំបូងគឺឆ្លងវីរុសគ្រុនឈាមប្រភេទទី ១ នៅសល់វីរុស ៣ ប្រភេទទៀតដែលគេពុំទាន់ឆ្លង (វីរុសប្រភេទី ២, ៣ និង ៤)។ ហេតុនេះ បើទោះបីជាអ្នកជំងឺបានជាសះស្បើយពីជំងឺគ្រុនឈាមលើកដំបូងក៏ដោយ ក៏អ្នកជំងឺអាចកើតជំងឺគ្រុនឈាម ៣ លើកទៀត ប្រសិនពុំយកចិត្តទុកដាក់ថែទាំខ្លួនពីការខាំរបស់មូសខ្លា។ ដូច្នេះ មនុស្សយើងគ្រប់គ្នាអាចកើតជំងឺគ្រុនឈាមចំនួន ៤ ដង ក្នុងមួយជីវិត។

ភាគច្រើននៃអ្នកជំងឺគ្រុនឈាមដែលធ្លាប់កើតជំងឺគ្រុនឈាមពីមុនមក សុទ្ធតែជាអ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ដោយបូករួមទាំងប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធការពាររាងកាយពីជំងឺ) របស់អ្នកជំងឺចុះខ្សោយស្រាប់ផងដែរ។ អ្នកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ប្រឈមនឹងការស្លាប់ខ្លាំង។ 

២. រោគសញ្ញា 
-​ ទ្បើ​ង​កម្តៅ​ខ្លួនខ្លាំង​ភ្លាម​ៗ និង​មានអាការ​​ញាក់ៗ។  
-​ ឈឺចាប់​ពេញ​ខ្លួនប្រាណ មាន​អារម្មណ៍​ពិបាក​ទ្រាំ និងអស់កម្លាំង។ 
- ឈឺក្បាល និង​ឈឺបំពង់ក។
-​ ប៉ុន្មានថ្ងៃក្រោយមក ឬជិតមួយសប្ដាហ៍ ​មាន​ចេញ​កន្ទួល​ក្រហម​ដូច​ជា​ស្នាម​មូស​ខាំនៅត្រង់​ប្រអប់ដៃ និង​ប្រអប់ជើង រួចរាលដាលដល់ពេញ​រាង​កាយ​ទាំងមូល តែជាទូទៅកន្ទួលក្រហមនេះមិនកើតនៅ​លើ​ផ្ទៃមុខ​ឡើយ។
-​ ចំពោះ​កុមារវិញ អាចមានរោគសញ្ញា​ក្អូ​ត​ចង្អោរ ឬ​មាន​ច្រាល​ឈាម​ជាដើម ។
-​ រោគសញ្ញាធ្ងន់ធ្ងរ​នៃ​ជំងឺគ្រុនឈាម គឺអាចបណ្តាល​ឱ្យមានការ​ហូរ​ឈាម​តាម​ស្បែក មាន​ចំនុច​ខ្មៅ​ជាំ​តូច​ៗ ឬ​ឃើញ​មាន​សញ្ញា​ហូរ​ឈាម​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​រាង​កាយ ។

៣. មូលហេតុបង្កជំងឺ 
មូលហេតុចម្បងដែលបង្កឱ្យកើតជំងឺគ្រុនឈាម គឺមូសខ្លាខាំ។

៤. រោគវិនិច្ឆ័យ 
ការធ្វើរោគវិនិច្ឆ័យពិនិត្យរកមើលជំងឺគ្រុនឈាម គឺធ្វើឡើងបន្ទាប់ពីអ្នកជំងឺចេញរោគសញ្ញា ឬត្រូវបានសង្ស័យថាមានផ្ទុកវីរុសជំងឺគ្រុនឈាម ហើយបន្ទាប់ពីបញ្ជូនជនសង្ស័យមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព គ្រូពេទ្យអាចធ្វើការសាកសួរព័ត៌មានខ្លះៗ ពីប្រវត្តគ្រួសាររបស់អ្នកជំងឺធ្លាប់កើតជំងឺគ្រុនឈាម។ 

ចំពោះក្មេងវិញ  បើសង្កេតឃើញពួកគេក្ដៅខ្លួនខ្លាំងខុសពីធម្មតា សូមប្រើថ្នាំបញ្ចុះកំដៅ​ឱ្យត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងយកកន្សែងត្រជាក់ជូនខ្លួន ហើយគ្របដណ្ដប់លើខ្លួនរបស់ពួកគេ។ ក្នុងករណី កំដៅក្នុងខ្លួនមិនអន់ថយ ហើយអាការរបស់ពួកគេកាន់តែយ៉ាប់ឡើងៗ និងលេចចេញរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម សូមមាតាបិតា និងអាណាព្យាបាលទាំងអស់ នាំកូនមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទុកឱ្យលើសពី ២ ថ្ងៃឡើយ។   

សូមបញ្ជាក់ថា បើសង្ស័យថា នរណាម្នាក់កើតជំងឺគ្រុនឈាម សូមកុំកោសខ្យល់គេឱ្យសោះ ព្រោះវាធ្វើឱ្យគ្រូពេទ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ។ 

៥. ផលវិបាក
ជាទូទៅ អ្នកជំងឺគ្រុនឈាម ទទួលរងផលវិបាកដូចជា ខ្សោយសរីរាង្គ អស់កម្លាំង ក្ដៅខ្លួន ក្អួត ពិបាកទ្រាំក្នុងខ្លួន ឈឺក្បាល ឈឺកជាដើម។  

ផលវិបាកធ្ងន់ធ្ងរនៃជំងឺគ្រុនឈាម គឺខូច និងខ្សោយថ្លើម ចេញលឿង និងមានឈាមហូរចេញពីរាងកាយ ហើយឈាមចេះតែបន្តហូររហូតធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង បណ្ដាលឱ្យសរីរាង្គទាំងអស់ក្នុងរាងកាយអ្នកជំងឺកាន់តែខ្សោយ ទីបំផុតអ្នកជំងឺក៏បាត់បង់ជីវិត។

៦. ការព្យាបាល
ជាទូទៅ ការព្យាបាលជំងឺគ្រុនឈាម ក្រៅពីប្រើប្រាស់វិធីព្យាបាលតាមបែបវេជ្ជសាស្រ្ត គ្រូពេទ្យតែងណែនាំឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើនជានិច្ច។ 

ចំពោះការព្យាបាលអ្នកជំងឺគ្រុនឈាមកម្រិតធ្ងន់ គ្រូពេទ្យតម្រូវឱ្យ៖ 
- អ្នកជំងឺត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
- បញ្ចូលជាតិទឹកតាមសរសៃ និងជំនួសអេឡិចត្រូលីត្រដែលបាត់បង់
- តាមដានសម្ពាធឈាម
- បញ្ចូលឈាមដើម្បីជំនួសការបាត់បង់ឈាម

៧. ចំណីអាហារ
អ្នកជំងឺគ្រុនឈាម គួរតែផ្អាកបរិភោគប្រភេទអាហាររឹង និងបង្កើនការញ៉ាំទឹកឱ្យបានច្រើន ដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួនដោយសារតែការក្អួត និងបង្ការក្ដៅខ្លួនខ្លាំង។ បើអាច សូមផឹកទឹកផ្លែឈើ ជាពិសេសសូមផឹកទឹកក្រូចច្របាច់ ព្រោះក្នុងទឹកក្រូចស្រស់សម្បូរវីតាមីន និងអង់ទីអុកស៊ីដង់ បានចូលរួមចំណែកយ៉ាងខ្លាំងជួយព្យាបាល និងសម្រួលដល់អាការអ្នកជំងឺគ្រុនឈាម។  

៨. វិធីបង្ការ
ដោយហេតុថា បច្ចុប្បន្ននេះថ្នាំចាក់វ៉ាក់សាំងការពារជំងឺគ្រុនឈាមពុំទាន់ត្រូវបានអ្នកវេជ្ជសាស្រ្តរកឃើញ ដូច្នេះវិធីល្អបំផុតដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គឺការពារខ្លួនកុំឱ្យមូសខ្លាខាំ។   

ខាងក្រោមនេះជាដំបូន្មានខ្លះៗដើម្បីបង្ការជំងឺគ្រុនឈាម៖ 
- ប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ជម្រកមូស
- គេងក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់ ឬគេងក្នុងមុងឱ្យបានត្រឹមត្រូវ 
- ចៀសឱ្យបាននៅទីកន្លែងមានមូសខាំ ជាពិសេសរដូវភ្លៀង
- ពាក់ខោអាវវែង
- ប្រើប្រាស់ថ្នាំបណ្ដេញមូសពីក្នុងផ្ទះ និងបន្ទប់គេង៕  

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)