១. និយមន័យ
ដុំគីសក្នុងសុដន់ ជាប្រភេទដុំសាច់ស្លូតមួយប្រភេទ ឬថង់មានទឹក ដែលកើតមានក្នុងសុដន់របស់មនុស្សស្រី ហើយអាចមានក្នុងសុដន់ទាំងសងខាង ឬតែម្ខាង។
២. ប្រភេទនៃដុំគីស
ដុំគីសក្នុងសុដន់មានច្រើនប្រភេទ ដូចជា៖
- ដុំគីសធម្មតា ជាប្រភេទដុំគីសដែលមានភាពស្មុគស្មាញ និងមានច្រើនក្នុងសុដន់។
- ដុំគីសទោល និងមានច្រើនក្នុងសុដន់។
- ដុំគីសតូចៗ ស្ទាបស្ទើរតែមិនដឹង តែអាចរកឃើញក្នុងអំឡុងពេលធ្វើរោគនិច្ឆ័យដោយគ្រូពេទ្យធ្វើការពិនិត្យអ៊ុលត្រាសោន
- ដុំគីសធំៗ អាចស្ទាបដឹង និងបង្កការឈឺចាប់ ឬធ្វើឱ្យអ្នកជំងឺមានអារម្មណ៍មិនស្រួលត្រង់បរិវេណសុដន់
៣. រោគសញ្ញា
រោគសញ្ញាទូទៅនៃដុំគីស គឺមានលក្ខណះដូចជា៖
- ជាទូទៅ ដុំគីសក្នុងសុដន់ គឺរលោងមានរាងមូល ឬពងក្រពើបត់បែនបានយ៉ាងងាយស្រួលនៅក្នុងសុដន់។
- ជួនកាល ដុំគីសមានសភាពរឹង និងបង្កឱ្យមានការឈឺចាប់ដល់សុដន់។ នៅមុនអំឡុងពេលស្រ្តីមករដូវ ដុំគីសអាចរីកធំ ហើយសុដន់ក៏រីកធំជាងមុននិងចាប់ផ្ដើមឈឺចាប់ និងកាន់តែឈឺចាប់ខ្លាំងនៅពេលមករដូវ រហូតដល់ក្រោយពេលបញ្ចប់រដូវរបស់ស្រ្តីវិញ ទើបសុដន់មានអាការធូរស្បើយពីការឈឺចាប់។
- ដុំគីសដែលមានទំហំតូច នឹងលែងចេញរោគសញ្ញាបន្ទាប់ពីរដូវត្រូវបានបញ្ចប់។
៤. មូលហេតុបង្ក និងកត្តាហានិភ័យ
ថ្វីត្បិតតែមូលហេតុពិតប្រាកដនៃការកើតដុំគីសក្នុងសុដន់ពុំត្រូវបានរកឃើញឱ្យបានច្បាស់លាស់ ក៏ប៉ុន្តែមានភស្តុតាងជាច្រើនអាចបញ្ជាក់ថា ការកើនឡើងដ៏ច្រើនលើសលប់នៃអ័រម៉ូនអឺស្ត្រូហ្សែន បានភ្ញោចដល់ជាលិការសុដន់ ទើបវាក្លាយជាមូលហេតុបង្កឱ្យកើតដុំគីសក្នុងសុដន់ ហើយដែលកើតឡើងលើស្រ្តីគ្រប់វ័យ តែជាធម្មតាកើតឡើងលើស្រ្តីអស់រដូវ និងស្រ្តីក្រោយអស់រដូវ។ ដុំគីសសុដន់ អាចកើតឡើងដោយឯកឯង ឬមិនឯកឯងដែលអាចវិវឌ្ឍបានយ៉ាងលឿន។
៥. ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យពិនិត្យរកដុំគីសក្នុងសុដន់ គឺគ្រូពេទ្យអាចសាកសួរព័ត៌មានខ្លះៗអំពីអ្នកជំងឺដូចជា រោគសញ្ញា និងប្រវត្តគ្រួសារធ្លាប់កើតដុំគីសដែរ ឬអត់ បន្ទាប់មកគ្រូពេទ្យចាប់ផ្ដើមធ្វើការពិនិត្យសុដន់តាមរយៈរូបរាងខាងក្រៅ និងស្នើសុំការថតពិនិត្យសុដន់តាមបែបរូបភាពវេជ្ជសាស្រ្តថែមទៀត។ ការពិនិត្យតាមវិធីសាស្ត្រអ៊ុលត្រាសោនក្រោយសង្ស័យថាអ្នកជំងឺមានដុំគីស គឺងាយស្រួលកំណត់អត្តសញ្ញាណដុំគីសក្នុងសុដន់។
បន្ទាប់ពីធ្វើការការពិនិត្យតាមវិធីសាស្ត្រអ៊ុលត្រាសោនរួចរាល់ គ្រូពេទ្យនឹងប្រើប្រាស់ម្ជុលតូចឆ្មារ (FNA) ចាក់ចូលទៅក្នុងដុំដែលនៅក្នុងសុដន់ដើម្បីបូមយកទឹកពីក្នុងដុំគីស (ចំណាំ មុនចាក់ម្ជុល ដំបូងត្រូវជូតស្បែកខាងលើជាមួយអាល់កុល ព្រមទាំងមានការចាក់ថ្នាំស្ពឹកត្រង់ទីតាំងដែលត្រូវចាក់ម្ជុលបូម ហើយនៅពេលចាក់ម្ជុលគ្រូពេទ្យអាចថតអេកូអមដើម្បីចាក់ឱ្យចំទីតាំងនៃដុំគីស)។ ចំពោះ ការប្រើម្ជុលបូមយកទឹកក្នុងដុំគីស គ្រូពេទ្យអាចកំណត់បានថា៖
- បើសិនជា ការបូមនេះ ពិតជាមានទឹកពិតមែន ហើយដុំក្នុងសុដន់បាត់ទៅវិញ អាចបញ្ជាក់បានថា វាជាដុំគីសធម្មតា។
- បើសិនជាទឹកបូមចេញមកជាឈាម ឬដុំមិនបាច់ទៅវិញ នោះគ្រូពេទ្យអាចនឹងយកឈាមដែលបូមបាននោះទៅមន្ទីរពិសោធន៍ និងប្រាប់អ្នកអំពីកាលបរិច្ឆេទនៃការណាត់ជួបនៅថ្ងៃក្រោយដើម្បីតាមដានបន្ថែមទៀត។
- បើសិនជាបូលមកគ្មានទឹកនោះទេ គ្រូពេទ្យអាចថតសុដន់តាមបែបវេជ្ជសាស្រ្ត ឬអេកូសុដន់ ដើម្បីវាយតម្លៃទៅលើដុំនោះ។ ជាទូទៅ ដុំក្នុងសុដន់ដែលគ្មានទឹក អាចជាដុំដែលមានសភាពរឹង តែយ៉ាងណា កោសិការបស់ដុំរឹងនេះ គ្រូពេទ្យត្រូវពិនិត្យទៀត ដើម្បីបញ្ជាក់ថា វាជាដុំរឹងពិតប្រាកដ ឬជាមហារីក តែយ៉ាងណាមហារីកកម្រវិវឌ្ឍមកពីដុំគីសណាស់។
៦. ការព្យាបាល
- បើដុំគីសមានទំហំតូច (តិចជាង ២ ស.ម) បូករួមទាំងដុំគីសទាំងនោះផ្ទុកទៅដោយសារធាតុរាវ និងមិនបង្កជារោគសញ្ញាអ្វីឡើយ បន្ទាប់ពីបានបញ្ជាក់ក្នុងការធ្វើរោគវិនិច្ឆ័យដោយការប្រើអ៊ុលត្រាសោនពិនិត្យ គ្រូពេទ្យមិនធ្វើការព្យាបាលនោះទេ ផ្ទុយទៅវិញ គ្រូពេទ្យ គ្រាន់តែ បូមទឹកចេញពីដុំគីស ដុំគីសនឹងស្វិតដោយឯកឯង វាអាចកាត់បន្ថយសម្ពាធ និងភាពមិនស្រួលត្រង់បរិវេណសុដន់ដែលបណ្ដាលមកពីដុំគីស។
- ដូចបានរៀបរាប់ជូនក្នុងករណីព្យាបាលខាងលើ គ្មានការព្យាបាលដោយគ្រាន់តែបូមទឹកចេញ ទើបថង់គីសក្នុងសុដន់ អាចផលិតសារធាតុរាវសារជាថ្មីប្រហែលជា ៥០ % ដូច្នេះ ការបូមទឹកចេញពីដុំគីសអាចធ្វើឡើងលើសពី ២ ដង។ តែក្នុងករណី ដុំគីសនៅតែកើតឡើងវិញទៀត គ្រូពេទ្យអាចសម្រេចចិត្តធ្វើការវះកាត់ដុំគីសចេញ ព្រោះវាអាចជាប់ទាក់ទងនឹងជំងឺមហារីក។ បញ្ជាក់ថា ករណីដុំគីសរឹង គ្រូពេទ្យជំនាញ នឹងច្រឹបកាត់ដុំគីសនោះ។ ការប្រើប្រាស់ថ្នាំ អាចបង្ការកុំឱ្យដុំគីសវិវឌ្ឍទៀតបាន តែមិនអាចព្យាបាលដុំគីសនោះទេ ហើយមានតែគ្រូពេទ្យឯកទេសសុដន់ដែលមានបទពិសោធន៍តែមួយគត់ ដែលអាចចេញថ្នាំឱ្យស្រ្តីកើតដុំគីស។
- ក្នុងករណីបន្ទាន់ បើសិនជា ការមករដូវបានបញ្ចប់ ស្រ្តីនៅតែអាចស្ទាប់ប៉ះដឹងពីដុំគីសតូចៗក្នុងសុដន់ ឬដុំគីសនៅតែវិវឌ្ឍធំឡើងៗ ឬមានការផ្លាស់ប្តូរ សូមអញ្ជើញរុះរាន់មកជួបគ្រូពេទ្យឱ្យបានទាន់ពេលវេលា។ ក្នុងករណីនេះដែរ បើដុំគីសតូច វាមិនជាបញ្ហាអ្វីនោះទេ ព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯង។
៧. ដំបូន្មានសម្រាប់អ្នកកើតដុំគីស
ចំពោះស្រ្តីកើតគីសក្នុងសុដន់ គួរតែដឹងដំបូន្មានទាំងនេះ ដើម្បីបន្ថយការឈឺចាប់ដោយសារតែដុំគីសក្នុងសុដន់របស់ខ្លួន។ ខាងក្រោមនេះជាការបង្ហាញជូន៖
- គួរពាក់អាវទ្រនាប់ដែលអាចទ្រសុដន់ ព្រោះវាជួយទ្រទ្រង់ជាលិកាសុដន់ បើអ្នកឈឺសុដន់ដោយសារតែគីសក្នុងសុដន់។
- ថ្វីត្បិតតែ ជាតិកាហ្វេអ៊ីន និងជាតិប្រៃ ពុំត្រូវបានបញ្ជាក់ថា សារជាតិទាំងពីរនេះមានទំនាក់ទំនងនឹងគីសក្នុងសុដន់ តែភាគច្រើននៃស្រ្តីដែលដុំគីសក្នុងសុដន់មានអាការធូស្បើយ បន្ទាប់ពីបន្ថយសារជាតិទាំងពីរនេះក្នុងរបបអាហាររបស់ខ្លួន។
- រាល់ការប្រើប្រាស់ថ្នាំពេទ្យត្រូវមានវេជ្ជបញ្ជាឱ្យបានច្បាស់លាស់ពីគ្រូពេទ្យ។
៨. វិធីបង្ការ
ដំបូន្មានល្អបំផុត ស្រ្តីគ្រប់រូបគួរតែទៅពិនិត្យសុដន់ជារៀងរាល់ខែ និងពិនិត្យរាងកាយជារៀងរាល់ឆ្នាំ ដើម្បីតាមដានសុខភាពរបស់ខ្លួន៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)