១. និយមន័យ
ជំងឺមហារីកគល់ច្រមុះ កើតឡើងនៅក្រោយរន្ធច្រមុះ ខាងលើបំពង់ក និងជាប់បាតខួរក្បាល បន្ទាប់មករីករាយដាលដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ ជំងឺមហារីកគល់ច្រមុះ មានច្រើនប្រភេទ និងជាប្រភេទជំងឺមហារីកទូទៅ។
២. មូលហេតុបង្ក
បើទោះបីជាគ្មានមូលហេតុពិតប្រាកដ ដែលនាំឱ្យកើតជំងឺមហារីកគល់ច្រមុះក៏ដោយ តែគេសង្កេតឃើញថា ភាគច្រើននៃអ្នកជំងឺ គឺចូលចិត្តបរិភោគអាហារផ្អាប់ និងខ្លោច ចូលចិត្តជក់បារី និងផឹកស្រា និងភាគរយតិចតួចអាចបណ្ដាលមកពីតំណពូជ។ ជាមួយគ្នានេះផងដែរ វីរុសមួយប្រភេទឈ្មោះថា Epstein-Barr Virus (EBV) ក៏អាចជាភ្នាក់ងារបង្កឱ្យកើតជាដុំសាច់ ហើយវិវឌ្ឍក្លាយជាដុំសាច់មហារីកគល់ច្រមុះផងដែរ។
៣. រោគសញ្ញា
នៅពេលដែលនរណាម្នាក់ផ្ទុក ឬកើតជំងឺមហារីកគល់ចម្រុះ រោគសញ្ញានឹងស្ដែងឡើងដូចជា៖
- ច្រមុះ ហូរឈាមចេញមកក្រៅ ឬអាចហូរឈាមធ្លាក់ទៅផ្នែកខាងក្រោមតាមបំពង់ក
- ត្រចៀក អាចមានការរលាក ហ៊ឹងត្រចៀក និងមានទឹករងៃក្នុងត្រចៀក
- ក្នុងករណីជំងឺរីករាលដាលដល់សរសៃបាតខួរក្បាល រោគសញ្ញានឹងស្ដែងឡើងជាការធ្លាក់ភ្នែកមួយចំហៀង ការទាញភ្នែកមួយ ចំហៀង ស្ពឹកមុខ ឈឺក្បាលខ្លាំងជាដើម។
បញ្ជាក់ផងដែរ រោគសញ្ញានៃជំងឺមហារីកគល់ច្រមុះ វានឹងវិវឌ្ឍខុសៗគ្នាអាស្រ័យលើដុំសាច់ក្នុងរន្ធច្រមុះ ជាក់ស្ដែង ប្រសិនបើរន្ធច្រមុះតូច នោះរោគសញ្ញាអាចលេចចេញតិចតួច តែបើដុំសាច់ក្នុងរន្ធច្រមុះធំ រោគសញ្ញានឹងលេចចេញច្រើន និងអាការជំងឺអាចកាន់តែធ្ងន់ធ្ងរ។
៤. ការធ្វើរោគវិនិច្ឆ័យ
ដើម្បីអាចសន្និដ្ឋានថា អ្នកជំងឺកើតជំងឺមហារីកគល់ច្រមុះ ឬអត់ គ្រូពេទ្យនឹងសាកសួរព័ត៌មានខ្លះៗជាមួយអ្នកជំងឺផ្ទាល់ និងបញ្ជូនអ្នកជំងឺទៅកាន់ជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក ដើម្បីពិនិត្យ ឆ្លុះរកមើលទីតាំងដុំសាច់ និងកាត់ ឬច្រិបយកដុំសាច់នោះទៅដាក់ក្នុងមន្ទីរពិសោធន៍ ដើម្បីវិភាគតាមដាន និងវាយតម្លៃដុំសាច់នោះ។
នៅដំណាក់កាលធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចធ្វើការស្កែនទៅលើអ្នកជំងឺ ដើម្បីវាយតម្លៃពីការរីករាលដាលនៃដុំសាច់នោះនៅថ្ងៃខាងមុខ។ តែយ៉ាងណាមិញ ក៏ត្រូវដឹងផងដែរថា ចំពោះអ្នកដែលគ្មានផ្ទុកជំងឺ អាចឱ្យគ្រូពេទ្យស្កែនជាធម្មតាបាន តែដោយឡែក អ្នកដែលមានផ្ទុកជំងឺផ្សេងៗស្រាប់ក្នុងខ្លួន ដូចជា អ្នកមានបញ្ហាតម្រងនោម អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងសរសៃឈាមជាដើម គួរណាស់តែមកប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់សិន ដើម្បីឱ្យដឹងថាខ្លួនគួរត្រៀមខ្លួនអ្វីខ្លះមុនពេលស្កែន ចៀសវាងកើតមានបញ្ហាធ្ងន់ធ្ងរ ដោយហេតុថា ការថតស្កែនអាចប៉ះពាល់ដល់តម្រងនោម។
៥. ការព្យាបាល
បន្ទាប់ពី គ្រូពេទ្យវិភាគ និងធ្វើរោគវិនិច្ឆ័យចប់សព្វគ្រប់ ហើយលទ្ធផលចេញមកបញ្ជាក់ថា អ្នកជំងឺ ពិតជាកើតជំងឺមហារីកគល់ច្រមុះមែន នោះការព្យាបាលនឹងត្រូវបានធ្វើឡើងតាមក្បួនវេជ្ជសាស្រ្តរបស់គ្រូពេទ្យ ដែលការព្យាបាលអាចមាន ២ ជម្រើស គឺការព្យាបាលដោយការបញ្ចាំងកាំរស្មី និងការព្យាបាលដោយការប្រើថ្នាំគីមី។
៦. ផលរំខាននៃការព្យាបាល
មិនថា ការព្យាបាលក្នុងជម្រើសណាមួយនោះទេ សុទ្ធតែមានផលរំខាន ឬផលប៉ះពាល់ដល់អ្នកជំងឺទាំងអស់ ជាក់ស្ដែង៖
- ផលរំខាននៃការព្យាបាលដោយការបញ្ចាំងកាំរស្មី គឺបង្កឱ្យខូចខាតដល់ក្រពេញទឹកមាត់ បណ្ដាលឱ្យក្សត់ទឹកមាត់ មាត់ស្ងួតខ្លាំង អាចរលាកមាត់ ឈឺមាត់ ពិបាកបរិភោគអាហារ និងអាចរលាកដល់ស្បែកខាងក្រៅត្រង់បំបង់ក ក្នុងអំឡុងពេលព្យាបាល។ ប៉ុន្តែ នៅពេលដែលការព្យាបាលត្រូវបានបញ្ចប់ អាការទាំងនេះនឹងបាត់ទៅវិញប្រហែល ៥០ %។
- ផលរំខាននៃការព្យាបាលដោយការប្រើថ្នាំគីមី គឺអាចបណ្ដាលឱ្យអ្នកជំងឺមានអាការ ក្អួត ចង្អោរ និងបរិមាណគ្រាប់ឈាមថយចុះជាដើម។
៧. ការតមអាហារ
ដើម្បីពន្លឿនការព្យាបាល និងបង្ការកុំឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ការតមអាហារត្រូវបានណែនាំដោយគ្រូពេទ្យ ជាក់ស្ដែង អ្នកជំងឺមហារីកគល់ច្រមុះ ត្រូវតមអាហារមួយចំនួនដូចជា ជូរខ្លាំង ក្តៅខ្លាំង និងចៀសវាងនឹងការប៉ះពាល់កំដៅដោយផ្ទាល់ ទាំងមុនពេលព្យាបាល អំឡុងពេលព្យាបាល និងក្រោយពេលព្យាបាល។ ផ្ទុយទៅវិញ អ្នកជំងឺគួរតែបង្កើនការទទួលទាន បន្ថែ ផ្លែឈើ ត្រី សាច់ ស៊ុត និងផឹកទឹកឱ្យបានច្រើន។
៨. ផលវិបាក
បើសិនជាមានការយឺតយ៉ាវក្នុងការព្យាបាលជំងឺមហារីកគល់ច្រមុះ អ្នកជំងឺអាចនឹងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ រហូតអាចឈានដល់ការបាត់បង់ជីវិត ដោយសារតែ សាច់ដុំរីករាលដាលទៅកាន់តំបន់សំខាន់ៗផ្សេងទៀតក្នុងរាងកាយ ដូចជា ឆ្អឹង សួត និងថ្លើមជាដើម។
៩. វិធីបង្ការ
ដើម្បីបង្ការខ្លួនពីជំងឺមហារីកគល់ច្រមុះ គ្រូពេទ្យបានណែនាំឱ្យយើងស្វែងយល់ពី មូលហេតុបង្កជំងឺមហារីកគល់ច្រមុះ បានន័យថា នៅឱ្យឆ្ងាយពីមូលហេតុដែលបង្កជំងឺ និងអនុវត្តតាមដំបូន្មានមួយចំនួនរួមមាន៖
- រស់នៅប្រកបដោយសុខភាព និងអនាម័យខ្ពស់
- ការពារខ្លួនពីការឆ្លងមេរោគក្នុងបរិយាកាស និងអ្នកដទៃ
- បន្ថយការទទួលទានអាហារផ្អាប់ និងខ្លោច ពិសាស្រា និងជក់បារី
- លេងកីឡា ឬហាត់ប្រាណឱ្យបានទៀងទាត់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)