(+855) 11 909 020 / 69 909 011

រលាកប្រហោងឆ្អឹងមុខ ដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនមក 

តើអ្នកតែងតែមានអាការឈឺនៅមុខ ពិសេសសងខាងច្រមុះដែរឬទេ? ហើយតើអ្នកតែងកើតមានរួមជាមួយនឹងអាការហៀរសម្បោរ និងតឹងច្រមុះឬអត់? តើអ្នកជួបបញ្ហានេះញឹកញាប់ប៉ុណ្ណា?

ពិតណាស់ នេះអាចជាសញ្ញានៃជំងឺជាច្រើន ដែលមួយក្នុងចំណោមបញ្ហាទាំងអស់នោះគឺ  ការរលាកប្រហោងឆ្អឹងមុខ ដែលតែងកើតជាពិសេសនៅលើឆ្អឹងសងខាងច្រមុះរបស់អ្នក។ 

១. និយមន័យ និងសញ្ញាសម្គាល់

ជំងឺរលាកប្រហោងឆ្អឹងមុខ ជាលក្ខខណ្ឌដែលប្រហោងឆ្អឹងសងខាងច្រមុះរបស់អ្នកក្លាយជារលាក ហើម និងរហូតដល់មានការបង្ករោគ ក្នុងរយៈពេលយ៉ាងហោចណាស់ ១២ សប្តាហ៍។ អ្នកអាចដឹងថាអ្នកកំពុងប្រឈម តាមរយៈសញ្ញាដំបូងនៃការរលាកដែលនឹងលេចឡើង រួមមាន សម្បោរខាប់ធ្វើឲ្យអ្នកពិបាកដកដង្ហើមតាមច្រមុះ ឈឺចាប់ ហើមជុំវិញភ្នែក ថ្ពាល់ ច្រមុះ ថ្ងាស និងថយចុះនូវការដឹងក្លិន។ បន្ថែមពីសញ្ញានេះ ករណីខ្លះអ្នកអាចរហូតដល់ឈឺត្រចៀក ឈឺធ្មេញថ្គាមខាងលើ ក្អកខ្លាំងពិសេសពេលយប់ ធុំក្លិនមាត់ អស់កម្លាំង និងចង្អោរ។ 

២. មូលហេតុពីក្រោយការរលាកប្រហោងឆ្អឹង

ប្រសិនបើអ្នកមានជំងឺប្រចាំកាយដូចជា ឬសដូងច្រមុះ ការបង្ករោគនៅផ្លូវដង្ហើម បញ្ហាអាល្លែកហ្ស៊ី និងការប្រើប្រាស់ថ្នាំមួយចំនួនព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធការពាររាងកាយ នោះមានន័យថាអ្នកស្ថិតនៅក្នុងការប្រឈមខ្ពស់នៃការរលាកប្រហោងឆ្អឹងមុខ។ ហានិភ័យផ្សេងទៀតដែលប្រហែលជាអាចធ្វើឲ្យអ្នកងាយនឹងទទួលរងនូវការរលាកឆ្អឹងមុខនេះរួមមាន ការលូតលាស់មិនធម្មតាក្នុងច្រមុះ មានជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ គ្រុនក្តៅខ្លាំង ប្រឈមនឹងការបំពុលបរិយាកាស ដូចជាផ្សែងបារីជាដើម។

៣. ផលវិបាកធ្ងន់ធ្ងរនៃការរលាកប្រហោងឆ្អឹងមុខ

គួរបញ្ជាក់ផងដែរថា បើអ្នកមិនបានព្យាបាលឲ្យទាន់ពេលទេ ការរលាកប្រហោងឆ្អឹងមុខអាចវិវឌ្ឍរហូតដល់ រលាកស្រោមខួរក្បាល ការបង្ករោគនៅកន្លែងផ្សេងទៀតដូចជាស្បែក បាត់បង់សមត្ថភាពនៃការធុំក្លិន និងប៉ះពាល់ដល់គំហើញឲ្យអ្នកជំងឺទៅជាមើលលែងឃើញ។

៤. របៀបការពារពីការរលាកប្រហោងឆ្អឹងមុខ

ទោះជាយ៉ាងណាក៏ដោយអ្នកនៅតែអាចការពារខ្លួនរបស់អ្នកពីជំងឺរលាកប្រហោងឆ្អឹងមុខនេះបាន ដោយត្រូវអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
• ចៀសវាងកុំឲ្យមានការបង្ករោគនៅផ្លូវដង្ហើមខាងលើ ពិសេសនៅឲ្យឆ្ងាយពីអ្នកជំងឺផ្តាសាយ និងរក្សាអនាម័យគ្រប់ពេល
• គ្រប់គ្រងបញ្ហាអាល្លែកហ្ស៊ីរបស់អ្នកឲ្យបានល្អ ដោយជួបជាមួយគ្រូពេទ្យដើម្បីរកឲ្យឃើញមូលហេតុ ពិតប្រាកដ
• ហាមជក់បារី និងនៅក្នុងបរិយាសកាសដែលមានការបំពុលដាច់ខាត
• រក្សាសំណើម ឬប្រើប្រាសឧបករណ៍ផ្តល់សំណើមនៅក្នុងផ្ទះរបស់អ្នកឲ្យបានគ្រប់គ្រាន់ និងបរិសុទ្ធ។

អ្នកត្រូវប្រញាប់ជួបជាមួយវេជ្ជបណ្ឌិតភ្លាមបើអ្នកឡើងកម្តៅខ្ពស់ខ្លាំង ហើម និងក្រហមភ្នែក ឈឺក្បាលខ្លាំង វង្វេងស្មារតី ប្រែប្រួលគំហើញ និងជាប់ ឬឈឺកញ្ចឹងក៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួល៖ សុខក្រម (Sokhakrom)