(+855) 11 909 020 / 69 909 011

វ៉ាក់សាំងបង្ការជំងឺតេតាណូស 

បាក់តែរីម៉្យាងហៅថា Clostridium tetani ជាមូលហេតុបង្កឲ្យអ្នកមានជំងឺតេតាណូស នៅពេលវាត្រូវបានចូលក្នុងខ្លួនរបស់អ្នកតាមរយៈការមុត។ អ្នកជំងឺតេតាណូសនឹងមានអាការៈកន្ត្រាក់ សាច់ដុំខ្លាំង ឈឺចាប់ រហូតដល់រឹងថ្គាម ពិបាកបើកមាត់ ឬលេប ប៉ះពាល់ដំណកដង្ហើម និងអាចរហូតដល់ស្លាបបើមិនព្យាបាលទាន់ពេលវេលា។ ដោយហេតុនេះទើបជំងឺនេះ តែងត្រូវបានចាក់ថ្នាំបង្ការជាមុនតាំងពីក្មេង។ 
 
ថ្នាំបង្ការជំងឺតេតាណូសភាគច្រើនជាប្រភេទថ្នាំងបង្ការរួមគ្នា ដែលវាអាចការពារទាំងជំងឺខាន់ស្លាក់ និងជំងឺក្អកមាន់។ ជាទូទៅវាមាន៤  ប្រភេទដែលតម្រូវឱ្យចាក់នៅតាមវ័យ និងលក្ខខណ្ឌសុខភាពដោយឡែកៗពីគ្នា ដែលរួមមាន DTaP, DT, Tdap និង Td
 
១. តើអ្នកត្រូវចាក់វ៉ាសាំងនេះនៅពេលណា?

ដូសនៃការចាក់វ៉ាក់សាំងតេតាណូស ដែលមានរួមបញ្ជូលទាំងវ៉ាក់សាំងខាន់ស្លាក់ និងក្អកមាន់ 
(DTaP/DT) ជាទូទៅមាន៥ដូសចំពោះក្មេងអាយុក្រោម៧ឆ្នាំ៖
• ដូសទី១ ចាក់នៅអាយុ២ខែ
• ដូសទី២ ចាក់នៅអាយុ៤ខែ
• ដូសទី៣ ចាក់នៅអាយុ៦ខែ
• ដូសទី៤ ចាក់នៅចន្លោះអាយុ១៥ខែ ទៅ១៨ខែ
• ដូសទី៥ ចាន់រំលឹកនៅអាយុ៤ឆ្នាំ ទៅ៦ឆ្នាំ។
 
ករណីអ្នកពុំបានចាក់ពីក្មេង គ្រូពេទ្យនឹងណែនាំឱ្យអ្នកចាក់វ៉ាក់សាំងប្រភេទ Tdap ដែលអាចចាក់បានចាក់នៅចន្លោះអាយុ១១ឆ្នាំទៅ១២ឆ្នាំ។ ការចាក់រំលឹកនឹងត្រូវបានធ្វើ បន្ទាប់ពីមានរបួស បើការចាក់វ៉ាក់សាំងចុងក្រោយរបស់អ្នកលើសពី៥-១០ឆ្នាំ។ គួរបញ្ជាក់ថា ការចាក់រំលឹកនឹងត្រូវធ្វើឡើងរៀងរាល់១០ឆ្នាំម្តងទោះបីអ្នកគ្មានរបួស ឬមិនបានមុតអ្វីក៏ដោយ។ 
 
២. អ្នកណាខ្លះគួរទទួលបានវ៉ាក់សាំងនេះ?

ក្មេងអាយុក្រោម៧ឆ្នាំតែងទទួលបានវ៉ាក់សាំងបង្ការជំងឺតេតាណូសប្រភេទ DTaP ឬDT តាមកម្មវិធីជាតិ។ ចំពោះករណីផ្សេងទៀតដែលតម្រូវឲ្យមានការចាក់វ៉ាកសាំងនេះ រួមមាន៖
• អ្នកដែលមិនធ្លាប់បានចាក់ពីក្មេង
• អ្នកដែលមិនបានចាក់រំលឹកនៅ១០ឆ្នាំបន្ទាប់ពីការចាក់ចុងក្រោយ
• អ្នកដែលបានជាសះស្បើយពីជំងឺតេតាណូស
• ស្ត្រីមានផ្ទៃពោះ។
 
៣. នរណាខ្លះមិនត្រូវបានណែនាំងឱ្យចាក់?

ករណីលើកលែងមួយចំនួនដែលតម្រូវមិនឱ្យចាក់វ៉ាក់សាំងតេតាណូសមានដូចជា៖
• អ្នកមានប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីចាក់វ៉ាក់សាំងនេះពីមុន
• អ្នកធ្លាប់មានប្រវត្តិសន្លប់ ឬរវើរវាយបន្ទាប់ពីចាក់
អ្នកត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនបើអ្នកធ្លាប់មានជំងឺឆ្កួតជ្រូក ឬបញ្ហាប្រព័ន្ធប្រសាទ ឈឺចាប់ធ្ងន់ធ្ងរ ឬហើមបន្ទាប់ពីចាក់វ៉ាក់សាំងនេះ។
 
៤. ផលរំខានណាខ្លះអាចកើតមានក្រោយពេលចាក់?

ក្នុងរយៈពេលមួយបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺតេតាណូស អ្នកអាចមានអាការៈ គ្រុនក្តៅ ឈឺសន្លាក់ ឈឺសាច់ដុំ ចង្អោរ អស់កម្លាំង រមាស់ ហើម ឈឺ និងក្រហមនៅកន្លែងចាក់។ ប្រសិន វាកើតមានរយៈពេលយូរ ឬកាន់តែធ្ងន់ធ្ងរទៅៗ ត្រូវត្រឡប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms. DN)