(+855) 11 909 020 / 69 909 011

រូបមន្តធម្មជាតិជួយបំបាត់អាការឈឺបំពង់កយ៉ាងមានប្រសិទ្ធិភាព 

ដូចអ្នកបានជ្រាប់រួចមកហើយថា អាការឈឺបំពង់ក ជារោគសញ្ញាទូទៅមួយនៃការឈឺចាប់បំពង់ក ដែលបង្កឡើងដោយវីវីរុស ឬមេរោគ ឬការឡើងជាតិអាស៊ីតរបស់ក្រពះ ហើយអាការនេះច្រើនកើតឡើងបន្ទាប់ពីជំងឺផ្ដាស់សាយធំ។ 

ជាទូទៅ អាការឈឺបំពង់កមិនបានផ្ដល់ផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺនោះទេ ហើយវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី ។ ក្រៅពីការព្យាបាលដោយការប្រើថ្នាំ យើងអាចព្យាបាលអាការនេះដោយខ្លួនឯងបាន។ 

ខាងក្រោមនេះ ជាវិធីបំបាត់អាការឈឺបំពង់កដោយខ្លួនឯងតាមបែបធម្មជាតិ ៖ 

- ស្លឹកម្រេះព្រៅ៖ យកស្លឹកម្រេះព្រៅមួយក្ដាប់ដៃដាំទឹកផឹក ឬខ្ពុរមាត់។ 

- ស្លឹកតែ៖ យកស្លឹកតែស្រស់ ឬក្រៀម មករម្ងាស់ដោយដាក់អំបិល រួចយកទឹកដែលរម្ងាស់បានហើយនោះ មកផឹក២-៣ ដង​ក្នុង​មួយ​ថ្ងៃ។ 

- ក្រូចឆ្មារ៖ ផឹកទឹកតែក្រូចឆ្មារស្រស់ក្ដៅឧណ្ហៗ ហើយបើបានលាយជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ក្រូចឆ្មារស្រស់ មានប្រសិទ្ធិភាពក្នុងការបំបាត់ស្លេសចេញពីបំពង់ក និងបំបាត់អាការឈឺបំពង់ក។

- អំបិល៖ យកអំបិលលាយជាមួយទឹកក្ដៅឧណ្ហៗ រួចយកមកខ្ពុរមាត់ហើយខ្ជាក់វាចេញជាការស្រេច សូមកុំលេបឱ្យសោះ។ អំបិល ផ្ទុកសារធាតុជួយសម្លាប់មេរោគ បន្ថយកំហាក និងការរលាក និងជួយបំបាត់អាការឈឺបំពង់ក។ សូមអនុវត្តវិធីនេះ ឱ្យបាន ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ 

- ខ្ទឹមស៖ ពិសាខ្ទឹមសឆៅមួយកំពឹសជារៀងរាល់ថ្ងៃ ព្រោះសារធាតុគីមី Allicin ក្នុងខ្ទឹមស ជួយសម្លាប់វីរុស ឬបាក់តេរីដែលបង្កឱ្យឈឺបំពង់ក។ 

- ទឹកឃ្មុំ៖ អ្នកអាចយកទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហៗផឹក ព្រោះទឹកឃ្មុំផ្ទុកនូវសារធាតុជួយកម្ចាត់មេរោគ និងបន្ថយការហើមដោយសារទឹកឃ្មុំជួយដកទឹកចេញពី​ជាលិកា​រលាក។ 

គួរបញ្ជាក់ថា ចំពោះការប្រើប្រាស់ថ្នាំព្យាបាលអាការឈឺបំពង់ក អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដោយការប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជារបស់គ្រូពេទ្យ៕  

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)