(+855) 11 909 020 / 69 909 011

អ្នកគួរយល់ដឹងពីបញ្ហាស្ងួតភ្នែកចៀសវាងផលវិបាកធ្ងន់ធ្ងរ 

អ្នកប្រហែលធ្លាប់ទទួលបានបទពិសោធន៍នៃការស្ងួតភ្នែកដែលជាធម្មតាកើតមានឡើងនៅពេលទឹកភ្នែករបស់អ្នកមិនអាចផ្តល់នូវសំណើមដល់ភ្នែកបានគ្រប់គ្រាន់ ដោយសារមូលហេតុជាច្រើន។ 
ជាការពិតណាស់សញ្ញាស្ងួតភ្នែកអាចកើតមានទាំងសងខាង រួមជាមួយនឹងការមានអារម្មណ៍ថាផ្សារ ឬរលាកក្នុងភ្នែក ជុំវិញភ្នែកពព្រៀក ចាញ់ពន្លឺ ក្រហមភ្នែក មានអារម្មណ៍ថាមានអ្វីក្នុងភ្នែក ពិបាកពាក់លែន ពិបាកមើលពេលយប់ ហៀរទឹកភ្នែក និងព្រិលភ្នែក។

១. មូលហេតុនៃការស្ងួតភ្នែក

អ្នកអាចមានអារម្មណ៍មិនស្រួល ឬរលាកភ្នែក ពិសេសនៅពេលនៅលើយន្តហោះ ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅពេលជិះកង់ ឬបន្ទាប់ពីមើលកញ្ចក់កុំព្យូទ័រយូរ ដោយសារតែ៖
• ការថយចុះលទ្ធភាពក្នុងការផលិតទឹកភ្នែក ដោយសារភាពចាស់ ការប្រើថ្នាំ (ដូចជា ថ្នាំទឹកនោមផ្អែម ថ្នាំសន្លាក់ ថ្នាំលើសឈាម ថ្នាំមុន ថ្នាំពន្យារកំណើត និងថ្នាំអ័រម៉ូនជាដើម) ការវះកាត់ភ្នែកដោយប្រើឡាស៊ែរ និងការរលាកក្រពេញទឹកភ្នែក។
• ការកើនឡើងនៃរំហួតទឹកភ្នែក ដោយសារខ្យល់ ការជក់បារី ឬខ្យល់ស្ងួត មិនសូវព្រិចភ្នែក (ពិសេសពេល អានសៀវភៅ បើកបរ ឬធ្វើការមុខកុំព្យូទ័រ) និងបញ្ហាត្របកភ្នែក។ 
• ប្រែប្រួលសមាសធាតុក្នុងទឹកភ្នែក ដោយសារការស្ទះ និងបញ្ហាស្បែកមួយចំនួន។
ក្រៅពីមូលហេតុខាងលើ អ្នកដែលងាយប្រឈមនឹងការស្ងួតភ្នែកមានដូចជា៖
• មនុស្សចាស់ចាប់ពី៥០ឆ្នាំឡើងទៅ ដោយសារការផលិតទឹកភ្នែកថយចុះតាមអាយុ
• ស្ត្រីកើតមានច្រើនជាបុរស ដោយសារបម្រែបម្រួលអ័រម៉ូន នៅពេលមានផ្ទៃពោះ ប្រើថ្នាំពន្យារកំណើត ឬអស់រដូវ
• ការញ៉ាំអាហារដែលមិនសូវមានវីតាមីនA ដែលសម្បូរនៅក្នុងថ្លើមសត្វ ការ៉ុត និងខាត់ណាបៃតង ឬមិនសូវមាន អាស៊ីតខ្លាញ់អូមេហ្គា៣ 
• អ្នកចូលចិត្តពាក់លែនញឹកញាប់ និងការប្រើប្រាស់លែនមិនត្រឹមត្រូវ។ 

២. ផលវិបាកធ្ងន់ធ្ងរ

បើអ្នកមិនចាប់អារម្មណ៍ ឬមិនបានទទួលការព្យាបាលបានត្រឹមត្រូវ និងទាន់ពេលទេនោះ អ្នកអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដូចខាងក្រោម៖
• ការឆ្លងមេរោគដល់ភ្នែក ដោយសារតែទឹកភ្នែកការពារស្រទាប់ខាងលើនៃភ្នែកពីការឆ្លងរោគ
• ការបំផ្លាញស្រទាប់ខាងលើនៃភ្នែក រលាក និងប៉ះពាល់ដល់គំហើញ
• ថយចុះគុណភាពជីវិត ដោយសារវារំខានដល់សកម្មភាពប្រចាំថ្ងៃ ដូចជា ការអាន និងការមើល។

៣. ការពារការស្ងួតភ្នែក

• ចៀសវាងខ្យល់នៃឧបករណ៍ផ្លុំសក់ ខ្យល់ម៉ាស៊ីនត្រជាក់ ឬកង្ហាល់ ចូលភ្នែកដោយផ្ទាល់
• រក្សាសំណើមទាំងក្នុង និងក្រៅផ្ទះរបស់អ្នក
• ពាក់វ៉ែនតាការពារពន្លឺ ឬឧបករណ៍ការពារភ្នែកជាប្រចាំ
• ទុកពេលឲ្យភ្នែកបានសម្រាប់ដោយព្រិចភ្នែកឲ្យបានញឹកញាប់ 
• ដាក់អេក្រង់កុំព្យូទ័រឲ្យនៅក្រោមភ្នែក ដើម្បីកាត់បន្ថយកម្រិតនៃការបើកភ្នែក ដែលធ្វើឱ្យរំហួតភ្នែកថយចុះ
• បញ្ឈប់ការជក់បារី និងចៀសវាងប្រឈមនឹងផ្សែងបារី
• ប្រើប្រាស់ទឹកភ្នែកសុប្បនិមិត្តជាប្រចាំ និងត្រឹមត្រូវតាមការណែនាំ។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (DN)