នៅពេលដែលបំពង់ករបស់យើងមានការរលាក វានឹងធ្វើឱ្យបំពង់កមានការឈឺចាប់ ពិបាកក្នុងការលេបអាហារ និងក្អក។ បញ្ហានេះបង្កឡើងដោយការឆ្លងមេរោគ និងការកើនឡើងនិងជាតិអាស៊ីត។ ជាទូទៅ គេសង្កេតឃើញថា អាការឈឺបំបង់ក ច្រើនកើតឡើងនៅពេលដែលយើងកើតជំងឺផ្ដាសសាយ។
តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីបន្ធូរបន្ថយអាការឈឺបំពង់ក? បើបំពង់កខ្ញុំឈឺចាប់ដោយការឡើងជាតិអាស៊ីត តើខ្ញុំគួរធ្វើដូចម្ដេច? តើយើងគួរធ្វើអ្វីខ្លះដើម្បីជួយថែរក្សាបំពង់ក និងបង្ការពីការរលាក?
១. តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីបន្ធូរបន្ថយអាការឈឺបំពង់ក?
ដូចអ្នកបានដឹងរួចមកហើយថា ការឈឺចាប់បំពង់ក ដោយសារតែការរលាក និងជំងឺផ្ដាសសាយ វានឹងបាត់ទៅវិញក្នុងរយៈពេលខ្លី តែទោះជាយ៉ាងនេះក្ដី វាពិតជាគួរឱ្យរំខានណាស់ ដូច្នេះ យើងត្រូវចេះពីវិធីជួយបន្ធូរបន្ថយអាការឈឺបំពង់កឱ្យបានឆាប់រហ័ស។ ខាងក្រោមនេះជាដំបូន្មាន បន្ថយអាការឈឺបំពង់កដោយខ្លួនឯង៖
- ខ្ពុរមាត់ជាមួយទឹកអំបិលក្តៅៗ វាអាចជួយបន្ថយការហើមក្នុងបំពង់ក និងពង្រាវស្លេស្ម និងបញ្ចេញចោលនូវសារធាតុបង្កការរលាក ឬបាក់តេរីមកខាងក្រៅ
- ផឹកទឹកក្តៅៗឧណ្ហៗ ផ្ដល់សំណើម និងកំដៅឧណ្ហៗដល់បំពង់ក
- បន្ថយការប្រើប្រាស់បំពង់ក ដូចជា និយាយច្រើន ស្រែកខ្លាំងៗជាដើម
- បៀមថ្នាំគ្រាប់ដែលជួយបំបាត់អាការរលាក និងឈឺចាប់ក្នុងបំពង់ក
- ចៀសវាងការផឹកភេសជ្ជៈ ឬអាហារមានជាតិកាហ្វេអ៊ីន
- ផឹកទឹកសេរ៉ូក្អក
- ផឹកទឹកឃ្មុំ លាយទឹកក្រូចឆ្មារ ជួយសម្រួល ដល់បំពង់ក និងឆាប់ជាសះស្បើយ
២. តើគួរធ្វើដូចម្ដេច បើអាការឈឺបំពង់ករបស់អ្នកកើតឡើងដោយសារតែជាតិអាស៊ីត?
បើអាការឈឺបំពង់ករបស់អ្នកកើតឡើងដោយសារតែជាតិអាស៊ីត ដើម្បីបន្ធូរបន្ថយការឈឺចាប់ ជំហ៊ានដំបូងអ្នកត្រូវធ្វើយ៉ាងណាកុំឱ្យជាតិអាស៊ីតកើនឡើង។ ខាងក្រោមនេះជាដំបូន្មានបន្ថយជាតិអាស៊ីត៖
- បន្ថយការបរិភោគអាហារសម្បូរជាតិអាស៊ីត និងកុំបរិភោគអាហារច្រើនពេក ព្រោះវាជាមូលហេតុធ្វើឱ្យជាតិអាស៊ីតកើនឡើងក្នុងក្រពះ។ ជាក់ស្ដែង បើកាលណាយើងបរិភោគអាហារច្រើន នោះជាតិអាស៊ីតដែលបញ្ចេញដោយក្រពះមករំលាយអាហារក៏ច្រើនតាមនោះដែរ។ ត្រូវដឹងថា ជាតិអាស៊ីតក្រៅពីជួយរំលាយអាហារ គឺជាមូលហេតុធ្វើឱ្យបំពង់ករលាក។
- រក្សាទម្ងន់របស់អ្នកឱ្យបានល្អ សូមកុំបណ្ដោយឱ្យខ្លួនឡើងទម្ងន់ខ្លាំងពេក ព្រោះថា ការឡើងទម្ងន់ជ្រុលវានឹងធ្វើឱ្យទឹកអាស៊ីតកើនឡើងរហូតច្រាលមកដល់បំពង់ក បណ្ដាលឱ្យរលាក និងឈឺចាប់។
- បញ្ឈប់ការជក់បារី និងពិសាភេសជ្ជៈគ្រឿងស្រវឹង ព្រោះបារីធ្វើឱ្យរលាកបំពង់ក និងគ្រឿងស្រវឹងផ្ទុកនូវជាតិអាស៊ីត ធ្វើឱ្យកើនឡើងជាតិអាស៊ីត។
៣. តើយើងគួរធ្វើអ្វីខ្លះដើម្បីជួយថែរក្សាបំពង់ក និងបង្ការពីការរលាក?
- បរិភោគអាហារសមល្មម និងកុំសូវពិសាអាហារ និងភេសជ្ជៈសម្បូរជាតិអាស៊ីតពេក និងចៀសវាងការបរិភោគអាហារពេលយប់ ព្រោះបើអ្នកបរិភោគអាហារពេលយប់ ជាអាស៊ីតក្នុងក្រពះនឹងបញ្ចេញមកច្រើន និងជះឥទ្ធិពលអាក្រក់ដល់បំពង់ក។
- ផឹកទឹកឱ្យបានគ្រប់គ្រាន់និងជាប្រចាំថ្ងៃ ព្រោះទឹកពិតជាសំខាន់ណាស់សម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្សយើង និងជួយផ្ដល់សំណើមដល់បំពង់ក មិនធ្វើឱ្យបំពង់កស្ងួត និងបន្ថយជាតិអាស៊ីត។ បន្ថែមពីលើនេះដែរ អ្នកអាចពិសាទឹកក្ដៅឧណ្ឌៗ ២ ទៅ ៣ ពែងជាប្រចាំថ្ងៃ ដើម្បីជួយឱ្យបំពង់កស្រឡះល្អ និងល្អសម្រាប់អ្នកស្អកក។
- គេងឱ្យបានគ្រប់គ្រាន់ និងបើសិនជាអ្នកឧស្សាហ៍ អ្នកអាចយកកន្សែងត្រជាក់មករុំនៅកនៅពេលដែលអ្នកគេង ព្រោះវាជួយឱ្យបំពង់កមានសំណើម និងមិនធ្វើឱ្យអ្នកមានអាការស្ងួតកក្រោយក្រោកពីគេង៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)