រាល់ការប៉ះទង្គិចណាមួយនៅលើរាងកាយ ឬស្បែក តែងបង្កឱ្យមានដំបៅ ដែលអាចជាសះស្បើយជាធម្មតាក្នុងរយៈពេលមួយ។ ករណីផ្សេងទៀតនៃដំបៅដែលមិនងាយជា ចំពោះបុគ្គលមួយចំនួន ត្រូវបានហៅថា ដំបៅរលួយ។
១. និយមន័យ និងសញ្ញាសម្គាល់
ដំបៅរលួយសំដៅដល់ជាលិកានៅផ្នែកណាមួយនៃរាងកាយដែលស្លាប់ដោយសារតែកង្វះនូវលំហូរឈាមទៅដល់ ឬមានការបង្ករោគធ្ងន់ធ្ងរពីបាក់តេរី។ ដំបៅបែបនេះច្រើនស្តែងឡើងនៅផ្នែកខាងចុងៗដូចជា ម្រាមជើង ម្រាមដៃ តែករណីខ្លះវាក៏អាចកើតឡើងក្នុងសាច់ដុំ និងសរីរាង្គខាងក្នុងដែរ។
អ្នកជំងឺអាចចាប់ផ្តើមសង្កេតឃើញសញ្ញាប្តូរពណ៌ស្បែកទៅជាខ្មៅ ទង់ដែង ឬក្រហម ហើម ឈឺចាប់ខ្លាំង មានចេញទឹកសៗពីដំបៅ ជ្រុះរោម មានអារម្មណ៍ថាស្បែកត្រង់នោះត្រជាក់ ឡើងកម្តៅរាងកាយ និងមិនស្រួលខ្លួន។ លក្ខខណ្ឌមួយហៅថា Septic shock អាចកើតឡើង ប្រសិនមានការបង្ករោគដោយបាក់តេរីសាយភាយពេញរាងកាយ ដែលធ្វើឱ្យអ្នកជំងឺ ថយចុះនូវសម្ពាធឈាម គ្រុនក្តៅ ចង្វាក់បេះដូងញាប់ វិលមុខ ធីងធោង ថប់ដង្ហើម និងវង្វេងវង្វាន់។
២. មូលហេតុ និងផលវិបាកនៃដំបៅរលួយ
លក្ខណៈនៃដំបៅរលួយអាចកើតមានឡើងដោយសារករណីមួយ ឬច្រើន រួមមានដូចខាងក្រោម៖
• កង្វះលំហូរឈាម៖ ឈាមនូវអុកស៊ីសែន និងអាហារទៅដល់កោសិកា និងសមាសធាតុប្រព័ន្ធភាពស៊ាំការពាររាងកាយ ដូចជាអង់ទីករដើម្បីបង្ការការបង្ករោគ នៅពេលគ្មានការផ្គត់ផ្គង់ នោះកោសិកានឹងត្រូវស្លាប់។
• ការឆ្លងរោគ៖ ប្រសិនមានការឆ្លងចូលនូវបាក់តេរីក្នុងរយៈពេលយូរ វានឹងអាចធ្វើឱ្យជាលិកាស្លាប់ បង្កជាដំបៅរលួយ។
• ការមានរបួស៖ ករណីដំបៅកើតឡើងដោយសារការរងរបួស ដោយគ្រាប់កាំភ្លើង ឬដោយការប៉ះទង្គេចផ្សេងៗ ដែលអាចបង្កឱ្យបាក់តេរីចូលជ្រៅទៅក្នុងរាងកាយ។
កត្តាហានិភ័យមួយចំនួនអាចបង្កើនការវិវឌ្ឍទៅជាដំបៅរលួយរួមមាន អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺសរសៃឈាម (ដូចជា រឹង ត្បៀត ឬស្ទះសរសៃឈាម) អ្នករងរបួស ឬវះកាត់ធ្ងន់ធ្ងរ អ្នកជក់បារី អ្នកលើសទម្ងន់។ ក្រៅពីនេះដំបៅរលួយងាយកើតចំពោះអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយថយចុះ ដូចជាអ្នកជំងឺអេដស៍ ឬអ្នកដែលព្យាបាលដោយថ្នាំគីមី ឬកាំរស្មី និងករណីកម្រខ្លះ ដោយសារការប្រើថ្នាំចាក់ ពិសេសពពួកថ្នាំញៀន។
បើមិនបានព្យាបាលឱ្យទាន់ពេលទេនោះ អ្នកជំងឺអាចប្រឈមនឹងការកាត់កន្លែងដំបៅរលួយនោះចេញ ឬករណីខ្លះអ្នកជំងឺអាចនឹងត្រូវស្លាប់។
៣. ការការពារខ្លួនពីជំងឺដំបៅរលួយ
ការណែនាំខ្លះៗអាចជួយអ្នកកាត់បន្ថយនូវហានិភ័យក្នុងការវិវឌ្ឍទៅជាដំបៅរលួយ ដោយ៖
• ថែរក្សា និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឱ្យបានល្អ ដោយត្រូវប្រាកដថាកាត់ក្រចកដៃ ក្រចកជើងឱ្យខ្លីជាប្រចាំ ហើយរាល់ដំបៅ ឬការបង្ករោគដែលមាននូវសញ្ញាក្រហម ឬហើម អ្នកត្រូវប្រឹក្សាជាមួយគ្រូពេទ្យភ្លាមដើម្បីវិនិច្ឆ័យ។
• សម្រកទម្ងន់ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម និងបន្ថយសម្ពាធសរសៃឈាម និងការរួមតូចនៃចរន្ធឈាម។
• បញ្ឈប់ការប្រើថ្នាំជក់ ព្រោះការប្រើប្រាស់វាក្នុងរយៈពេលយូរ អាចបំផ្លាញសរសៃឈាមរបស់អ្នកបាន។
• ការពារការបង្ករោគមួយចំនួន ដោយលាងសម្អាតត្រង់ដំបៅចំហ ជាមួយសាប៊ូដុំដែលមានកម្រិតស្រាល និងទឹក ធ្វើយ៉ាងណារក្សាវាឱ្យស្អាត មានអនាម័យ និងស្ងួត។
• តាមដានទីតាំងដែលអាចនឹងបង្កជាដំបៅរលួយ ពិសេសនៅពេលសីតុណ្ហភាពថយចុះ។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)