១. និយមន័យ និងភាពខុសគ្នា
ជំងឺគ្រុនពោះវៀន គឺជាជំងឺរលាកពោះវៀន ដែលបង្កឡើងដោយមេរោគម្យ៉ាង ហៅថា Salmonella typhi ឫ Paratyphi។ ជំងឺនេះ ពុំមានភាពខុសគ្នារវាងមនុស្សចាស់ ឬក្មេងឡើយ គ្រាន់តែកុមារដែលមានអាយុក្រោម ២ឆ្នាំកើតជំងឺនេះ មើលទៅមានអាការគ្រុនក្ដៅធម្មតា ហើយការព្យាបាលក៏មានលក្ខណៈខុសគ្នាខ្លះៗដែរ ព្រោះថ្នាំមួយចំនួនមិនអនុញ្ញាតឱ្យប្រើជាមួយកុមារទេ។
២. រោគសញ្ញា
ជាទូទៅ កុមារអាយុក្រោម ២ ឆ្នាំ ចេញរោគសញ្ញាជំងឺគ្រុនពោះវៀន ដូចជា ៖
- ក្តៅខ្លួន
- មិនចង់ញាំអាហារ
- ស្រកគីឡូ
ដោយឡែក ចំពោះក្មេងដែលមានអាយុលើសពី ២ ឆ្នាំ លេចចេញរោគសញ្ញាដូចជា៖
- គ្រុនក្តៅដែលមានកំរិតខ្លាំង ចន្លោះពី ៣៩អង្សា ទៅ ៤០អង្សា (ទោះប្រើថ្នាំបញ្ចុះកំដៅសឹងតែមិនចុះត្រជាក់)
- ឈឺក្បាល
- ចុកពោះ
- ពិបាកបន្ទោរបង់ ឫរាគ
- អស់កំលាំងល្ហិតល្ហៃ ឫឈឺសាច់ដុំ
៣. រោគវិនិច្ឆ័យ
ដើម្បីឱ្យប្រាកដថាកុមារកើតជំងឺគ្រុនពោះវៀន ឬអត់ គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យពិនិត្យលើកុមារ ដោយ៖
- សួរនាំប្រវត្តិកុមារ
- ពិនិត្យឈាម ឫក៏ពិនិត្យលាមក
៤. មូលហេតុបង្កជំងឺ
ជាទូទៅ កត្តាបង្កឱ្យកុមារកើតជំងឺគ្រុនពោះវៀន រួមមាន ការរស់នៅ និងហូបចុកកង្វះអនាម័យ (ផឹកទឹក ឫបរិភោគចំណីអាហារមិនស្អាតមានផ្ទុកមេរោគដែលបង្ករឱ្យកើតជំងឺគ្រុនពោះវៀន)។
៥. ការព្យាបាល
ការព្យាបាលជំងឺគ្រុនពោះវៀនទៅលើកុមារ គ្រូពេទ្យតម្រូវឱ្យកុមារលេបថ្នាំសំលាប់មេរោគជំងឺគ្រុនពោះវៀន ហើយអាចមានការចាក់ម្ជុលតាមសរសៃក្នុងករណីធ្ងន់ធ្ងរ ហើយដែលការព្យាបាលត្រូវជាប់លាប់រហូតដល់ ២ សប្ដាហ៍ ទើបការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងជៀសវាងការលាប់ជំងឺឡើងវិញ។
៦. ការណែនាំឱ្យតម
ដោយហេតុថា កុមារកំពុងតែកើតជំងឺគ្រុនពោះវៀន ហេតុនេះពោះវៀនរបស់កុមារក៏ចុះខ្សោយទៅតាមហ្នឹងដែរ ដូច្នេះក្នុងអំឡុងពេលព្យាបាល កុមារត្រូវទទួលទានអាហារទន់ៗ ងាយស្រួលរំលាយដែលជួយសម្រួលដល់មុងងាររបស់ពោះវៀន និងជាប្រភេទអាហារផ្ដល់ថាមពល ហើយជៀសវាងប្រភេទអាហារដែលមានជាតិសរសៃច្រើន បន្លែឆៅ ខ្លាញ់ច្រើន ហិរ ការហ្វេ ឫសូរាជាដើម។
៧. ផលវិបាក
កុមារដែលកើតជំងឺគ្រុនពោះវៀន នឹងទទួលរងផលវិបាកដូចជា៖
- អាចមានការហូរឈាមក្នុងពោះវៀន
- អាចរលាកស្រោមខួរក្បាល
- អាចរលាកថង់ទឹកប្រម៉ាត់
- អាចប៉ះពាល់ដល់ស្រោមបេះដូង
- ធ្ងន់ធ្ងរអាចឈានទៅដល់ការបាត់បង់ជីវិត
៨. វិធីបង្ការ
ដើម្បីការពារកុមារពីជំងឺគ្រុនពោះវៀន ឪពុកម្ដាយនិងអណាព្យាបាលគ្រប់រូប គួរតែដាក់ឱ្យកុមាររស់នៅប្រកបដោយផាសុភាព ជាពិសេសការហូបចុកប្រកបដោយអនាម័យខ្ពស់ ដូចជា ៖
- ផឹកទឹកដាំឆ្អិនល្អ ឫទឹកច្រោះ និងបរិភោគអាហារឆ្អិន (ជៀសវាងការបរិភោគអាហារឆៅ)
- លាងដៃកុមារឱ្យបានស្អាតជាប្រចាំ
- ចំពោះលោកអ្នកវិញ គប្បីមានអនាម័យខ្ពស់មុនប៉ះដោយផ្ទាល់ទៅលើកុមារ
- ល្អបំផុតនោះគឺ នាំកុមារទៅទទួលយកវ៉ាក់សាំងបង្ការជំងឺគ្រុនពោះវៀន ដែលការចាក់វ៉ាក់សាំងនេះធ្វើឡើងចំពោះកុមារមានអាយុចាប់ពី ២ឆ្នាំឡើងទៅ ហើយដែលវ៉ាក់សាំងមាន២ប្រភេទគឺ បង្ការបានរយៈពេល៣ឆ្នាំ និងមួយជីវិត៕
- បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត វ៉ាន់ សុខជា នាយកមន្ទីរសម្រាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
@រក្សាសិទ្ធិគ្រប់អត្ថបទ រូបភាព សំឡេង និងវីដេអូ ដោយ សុខក្រម (Sokhakrom)