(+855) 11 909 020 / 69 909 011

ភ្នែករបស់អ្នកនឹងងាយឆ្លងមេរោគ បើមិនបញ្ឈប់ទម្លាប់ទាំងនេះ 

តើអ្នកប្រាកដក្នុងចិត្តដែរអត់ថា ខ្លួនឯងតែងតែថែរក្សាកែវភ្នែកទាំងគូរជាប្រចាំយ៉ាងត្រឹមត្រូវនោះ? ទាំងអាហារ និងវីតាមីនសុទ្ធតែជួយអ្នកឱ្យមានសុខភាពភ្នែកល្អ ស្របពេលដែលអ្នកមិនមានកំហុសមួយចំនួន បង្កឱ្យភ្នែកងាយប្រឈមនឹងការឆ្លងរោគ។

កំហុសឆ្គងដែលអាចធ្វើឱ្យអ្នកងាយរងនូវការបង្ករោគទាំងនោះ រួមមាន៖

១. ពាក់លែនយូរពេក ឬពាក់ពេលគេង

មិនថាលែនដែលអ្នកប្រើជាប្រភេទលែនបែបណានោះទេ អ្នកមិនត្រូវពាក់យូរ ឬភ្លេចដកចេញពីភ្នែករបស់អ្នកនៅពេលអ្នកគេងឡើយ។ តាមការសិក្សាមួយបានបង្ហាញថា ហានិភ័យនៃការឆ្លងមេរោគលើភ្នែកកើនឡើងពី១០ទៅ១៥ដង បើធៀបជាមួយអ្នកពាក់លែនម្តងម្កាល ឬពាក់តែពេលថ្ងៃ។ នៅពេលអ្នកគេងដោយពាក់លែន ឬពាក់យូរពេក មានន័យថាអ្នកកំពុងដកអុកស៊ីសែនពីកញ្ចក់ភ្នែក ដែលវាជាមូលហេតុឱ្យភ្នែកងាយឆ្លងរោគ និងបង្កើនកាលូតលាស់របស់បាក់តេរី។ 

២. ពាក់លែនពេលហែលទឹក

មេរោគភាគច្រើនត្រូវបានរកឃើញនៅក្នុងទឹកមិនថាអាងហែលទឹក ឬទឹកផ្កាឈូកដែលអ្នកងូតរាលថ្ងៃនោះទេ។ ប្រភពមេរោគទាំងអស់នេះមានគ្រោះថ្នាក់បំផុត នៅពេលវាឆ្លងចូលក្នុងភ្នែករបស់អ្នក និងងាយឆ្លងទ្វាដងបើអ្នកពាក់លែន។ ករណីធ្ងន់ធ្ងរ វាអាចបំផ្លាញកញ្ចក់ភ្នែករហូតតម្រូឱ្យអ្នកធ្វើការវះកាត់ប្តូរកញ្ចក់ភ្នែកតែម្តង។ ដូច្នេះ អ្នកត្រូវចៀសវាងកុំឱ្យទឹក ឬសំណើមប៉ះជាមួយលែនរបស់អ្នកដាច់ខាត។

៣. ប៉ះ ឬញីភ្នែកជាប្រចាំ

ដោយសារតែពេលខ្លះអ្នកអាចប្រហែលមានអារម្មណ៍រមាស់ភ្នែក ហើយក៏យកដៃទៅញីភ្នែកខ្លាំងភ្លាមៗ។ ក្នុងស្ថានភាពនេះដែរ អ្នកគួរទម្លាប់បិតបើក ឬធ្មេចភ្នែកចុះឡើង និងប្រើដៃប៉ះផ្នែកខាងក្រៅភ្នែកបានហើយ ដោយសារតែការញីខ្លាំងអាចធ្វើឱ្យខូចសរសៃឈាមតូចៗក្នុងភ្នែក បង្កជាការរលាក និងឆ្លងមេរោគបាន។ ម៉្យាង ដៃរបស់អ្នកមានផ្ទុកនូវមេរោគជាច្រើនដែលអ្នកមិនអាចមើលឃើញ ហើយមេរោគទាំងនោះ អាចនឹងឆ្លងចូលក្នុងភ្នែកអ្នកបានយ៉ាងងាយនៅពេលអ្នកញឺ ឬប៉ះក្នុងភ្នែក។

៤. សម្លឹងមើលឧបករណ៍អេឡិចត្រូនិករាល់ថ្ងៃ-យប់

អេក្រង់កុំព្យូទ័រ ឬទូរស័ព្ទដៃរបស់អ្នកបញ្ចេញនូវកាំរស្មីម៉្យាងហៅថា blue light ដែលវាផ្តល់គ្រោះថ្នាក់ដូចទៅនឹងកាំរស្មីព្រះអាទិត្យដែរ។ លើសពីនេះ ការផ្តោតការមើលច្រើនម៉ោង អាចឱ្យភ្នែកអ្នកមានបញ្ហា និងឈឺក្បាល។ តើភ្នែករបស់អ្នកនឹងទទួលរងអ្វីខ្លះ បើអ្នកមិនឱ្យភ្នែកសម្រាក? វិធីដ៏ល្អអ្នកគួរអនុវត្តច្បាប់ ២០-២០ ដែលមានន័យថារាល់២០នាទីដែលអ្នកសម្លឹងមើលអេក្រង់នៃឧបករណ៍អេឡិកត្រូនិក អ្នកត្រូវសម្រាក២០វិនាទី ដោយក្រលែកមើលទៅកន្លែងឆ្ងាយ ផ្តោតលើអ្វីផ្សេងទៀត និងព្រិចភ្នែកខ្លាំងបន្តិច រួចទើបចាប់ផ្តើមការងាររបស់អ្នកជាថ្មី។

៥. មិនធ្លាប់បានត្រួតពិនិត្យភ្នែក

មានមនុស្សមិនតិចទេដែលគិតថា ហេតុអ្វីត្រូវត្រួតពិនិត្យភ្នែកជាប្រចាំ បើពួកគេហាក់មិនមានការប្រែប្រួលគំហើញ។ តាមពិតទៅ វាមិនទាក់ទងនឹងការមើលឃើញរបស់អ្នកនោះទេដែលតម្រូវឱ្យអ្នកត្រួតពិនិត្យភ្នែកជាទៀតទាត់នោះ ប៉ុន្តែអ្នកចាំបាច់ត្រូវរកនូវសញ្ញាណដំបូងនៃបញ្ហាភ្នែកណាមួយ ដូចជាការខូចសរសៃឈាម ឬដុំសាច់ ដែលអ្នកនឹងគ្មានការប្រែប្រួលអ្វីទាំងអស់រហូតដល់វាចូលដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។

លើសពីកំហុសឆ្លងសំខាន់ៗទាំង៥ខាងលើ អ្នកក៏ត្រូវកាត់បន្ថយនូវទម្លាប់អាក្រក់ ដែលអាចផ្តល់នូវផលប៉ះពាល់ដល់ភ្នែក រួមមាន៖

• គេងដោយមិនសម្អាតមុខ
• ប្រើម៉ាស្ការ៉ារយៈពេលយូរពេក លើសពី៣-៤ខែ 
• ប្រើប្រាស់លែន និងសូលុយស្យុងលាងលែនហួសការបរិច្ឆេទកំណត់
• លេងកីឡាផ្តល់ហានិភ័យដល់ភ្នែកដោយគ្មានការការពារ
• មិនទម្លាប់ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ដែលមានការការពារប្រឆាំងទាំង UVA និងUVB៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)