អ្នកជំងឺទឹកនោមផ្អែម តែងមាននូវកម្រិតជាតិស្ករក្នុឈាមខ្ពស់ និងអាចផ្តល់នូវផលវិបាកជាច្រើនបើអ្នកជំងឺគ្រប់គ្រងមិនបានល្អ។ សរីរាង្គដែលងាយរងនូវផលប៉ះពាល់ដោយសារជំងឺទឹកនោមផ្អែមរួមមាន បេះដូង ខួរក្បាល និងភ្នែក។ ជាក់ស្តែង អត្ថបទខាងក្រោមនឹងបង្ហាញលោកអ្នកអំពីករណីនៃបញ្ហាភ្នែក ដែលអ្នកជំងឺទឹកនោមផ្អែមងាយប្រឈម។
តើបញ្ហាភ្នែកណាខ្លះដែលតែងកើតចំពោះអ្នកជំងឺទឹកនោមផ្អែម?
ផលវិបាកលើភ្នែក៥យ៉ាងត្រូវបានសម្គាល់ឃើញកើតមានញឹកញាប់ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលការវិវឌ្ឍអាចនឹងលឿនបើអ្នកជំងឺគ្រប់គ្រងជាតិស្ករមិនបានល្អ រួមមាន៖
• ស្រវាំងភ្នែក៖ វាជាសញ្ញាធម្មតាដំបូងនៃអ្នកជំងឺទឹកនោមផ្អែម ដោយហេតុថានៅពេលជាតិស្ករក្នុងឈាមកើនឡើង ធ្វើឲ្យមានការផ្លាស់ប្តូរសមត្ថភាពនៃការមើល។ ករណីនេះនឹងត្រឡប់មកធម្មតាវិញនៅពេលកម្រិតជាតិស្ករស្ថិតនៅធម្មតាវិញ។
• ប៉ះពាល់ដល់សរសៃឈាមនៅស្រទាប់ជាលិកាបាតភ្នែក៖ ដោយសារតែកម្រិតជាតិស្ករខ្ពស់រ៉ាំរ៉ៃក្នុងឈាមនៃអ្នកជំងឺទឹកនោមផ្អែម រួមជាមួយនឹងផលប៉ះពាល់នៃសរសៃឈាមតូចចង្អៀតក្នុងស្រទាប់បាតភ្នែក។ វាជាមូលហេតុមួយដែលអាចឱ្យអ្នកជំងឺវិវឌ្ឍទៅជាខ្វាក់បាន។
• ការហើមនៅស្រទាប់រ៉េទីន៖ កើតមានដោយសារផលប៉ះពាល់សរសៃឈាមបាតភ្នែករ៉ាំរ៉ៃ រហូតបង្កជាការហើម។
• ជំងឺបាយភ្នែក៖ អ្នកជំងឺទឹកនោមផ្អែមហាក់ងាយប្រឈមនឹងជំងឺបាយភ្នែកក្នុងកម្រិត២ទៅ៥ដងច្រើនជាងអ្នកធម្មតា ហើយកើតលឿនជាង និងមានសភាពធ្ងន់ធ្ងរជាងអ្នកធម្មតា។
• ជំងឺទឹកដក់ក្នុងភ្នែក៖ ជាការបំផ្លាញសរសៃអ៊ុបទិកនៃភ្នែកដែលភ្ជាប់ពីភ្នែកទៅខួរក្បាល និងដោយសារការឡើងសម្ពាធក្នុងភ្នែកជាប្រចាំ។
អ្នកជំងឺគួរការពារបញ្ហាភ្នែកខាងលើដោយរបៀបណា?
អ្នកជំងឺទឹកនោមផ្អែមគួរធ្វើការត្រួតពិនិត្យសុខភាពភ្នែកយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំទោះបីមាន ឬគ្មានសញ្ញាស្រវាំងភ្នែកក៏ដោយ ព្រោះការរកឃើញលឿន និងព្យាបាលទាន់ពេល អាចកាត់បន្ថយហានិភ័យនៃការខ្វាក់បាន។ ចំពោះស្ត្រីមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គួរពិនិត្យភ្នែកឲ្យបានឆាប់តាមដែលអាចធ្វើបាន៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)