(+855) 11 909 020 / 69 909 011

បើអ្នកកើតជំងឺគ្រុនឈាមម្ដងទៀត នោះអ្នកនឹងប្រឈមនឹងអត្រាស្លាប់ខ្ពស់   

សុខភាព៖ បើពីមុនមក អ្នកធ្លាប់កើតជំងឺគ្រុនឈាមរួចម្ដងហើយ អ្នកគួរតែប្រុងប្រយ័ត្នឱ្យមែនទែន កុំបណ្ដោយឱ្យមូសខ្លាញីផ្ទុកវីរុសគ្រុនឈាមខាំ ព្រោះអ្នកអាចនឹងកើតជំងឺគ្រុនឈាមម្ដងទៀត។ បើអ្នកកើតជំងឺគ្រុនឈាមជាលើកទី២ អ្នកនឹងប្រឈមការបាត់បង់ជីវិតខ្ពស់ ដោយសារតែស្ថានភាពជំងឺរបស់អ្នកជំងឺធ្ងន់ធ្ងរ បូករួមទាំងប្រព័ន្ធភាពស៊ាំចុះខ្សោយ (ប្រព័ន្ធការពាររាងកាយពីជំងឺ)។

ជំងឺគ្រុនឈាម គឺជាជំងឺមួយប្រភេទបង្កឡើងដោយការខាំរបស់មូសខ្លាញីដែលផ្ទុកវីរុសគ្រុនឈាម។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ពិសេសក្មេងអាយុតិចជាង១០ឆ្នាំ។ មូលហេតុចម្បងបង្កជំងឺគ្រុនឈាមគឺ មូសខ្លាញីផ្ទុកវីរុសដាំង (វីរុសគ្រុនឈាម)។  

វីរុសបង្កជំងឺគ្រុនឈាមមាន ៤ប្រភេទ ហេតុនេះមនុស្សគ្រប់រូបអាចនឹងកើតជំងឺគ្រុនឈាមចំនួន៤លើកក្នុងមួយជីវិត។ ជាក់ស្ដែង បើអ្នកឆ្លងវីរុសគ្រុនឈាមប្រភេទទី១ បន្ទាប់ពីអ្នកព្យាបាលជំងឺជាសះស្បើយ អ្នកអាចនឹងកើតជំងឺគ្រុនឈាម៣លើកទៀត (វីរុសប្រភេទី ២, ៣ និង ៤) ប្រសិនបើមូសខ្លាញីផ្ទុកវីរុសជំងឺគ្រុនឈាមខាំ។ 

ដូច្នេះដើម្បីបង្ការខ្លួនពីការកើតជំងឺគ្រុនឈាមជាលើកទី២ ទី៣ និងទី៤ សូមការពារខ្លួនពីការខាំរបស់មូសខ្លាញីផ្ទុកវីរុសគ្រុនឈាម ពិសេសក្នុងរដូវភ្លៀងនេះ ដោយ៖

១. កម្ចាត់ជំរកមូស 

- ចិញ្ចឹមត្រីក្រឹមស៊ីដង្កូវទឹក 
- ដុតសំបកក្រូចថ្លុងបណ្ដេញមូស 
- ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ 
- យកសំបកកំប៉ុង ឬដង ដែលដក់ទឹកទៅកប់ចោល ឬចាក់ទឹកចេញ (ត្រូវប្រាកដថា ជុំវិញគេហដ្ឋានពុំមានសំរាម ឬសំបកកំប៉ុងដក់ទឹក) 
- គ្របគំរបពាង ឬអាងទឹកឱ្យបានជិតល្អ 

២. ការពារខ្លួនពីមូសខាំ
  
- ស្លៀកពាក់ខោអាវវែងៗ 
- ប្រើថ្នាំបណ្ដេញមូស ឬធូបមូសយប់ឡើង ឬទីកន្លែងមានមូស ពិសេសបន្ទប់គេង 
- កុំបណ្ដោយខ្លួននៅទីកន្លែងងងឹត និងជាជំរកមូស
- គេងក្នុងមុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ 
- បិទទ្វារ និងបង្អួតឱ្យបានជិតល្អ ដើម្បីកុំឱ្យមូសចូល
- ចំពោះក្មេងៗដាច់ខាតកុំឱ្យពួកគេលេងនៅទីងងឹត ទីកន្លែងសម្បូរមូស និងស្លៀកសំលៀកបំពាក់វែងៗឱ្យពួកគេជានិច្ច 

គួរបញ្ជាក់ផងដែរថា ក្នុងករណីសង្ស័យថា នរណាម្នាក់កំពុងតែកើតជំងឺគ្រុនឈាមជាលើកទី២ ទី៣ ឬទី៤ សូមប្រញាប់រុះរាន់នាំពួកគេទៅមន្ទីរពេទ្យជាបន្ទាន់ ជៀសវាងស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ចំពោះរោគសញ្ញា ដែលគួរប្រុងប្រយ័ត្ន និងនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យគឺ កម្ដៅក្នុងខ្លួនឡើងខ្លាំង ឈឺចាប់ពេញខ្លួនប្រាណ អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាល​ និងបំពង់ក ចេញកន្ទួលក្រហម(មូសខាំ)នៅត្រង់ប្រអប់ដៃ និងជើង។ ដោយឡែកកុមារវិញ គេសង្កេតឃើញថា រោគសញ្ញាមានទាំងក្អួតចង្អោរ និងច្រាលឈាមផងដែរ​។ មួយវិញទៀត រោគសញ្ញាធ្ងន់ធ្ងរនៃអ្នកជំងឺគ្រុនឈាមគ្រប់វ័យគឺ ហូរ​ឈាម​តាម​ស្បែក មាន​ចំនុច​ខ្មៅ​ជាំ​តូច​ៗ និងអាការអ្នកជំងឺចុះខ្សោយខ្លាំង។ 

ចំណាំ៖ ក្នុងរដូវភ្លៀងនេះ ពិសេសក្នុងអំឡុងពេលជំងឺគ្រុនឈាមផ្ទុះឡើង បើសិនជាអ្នកផ្ទាល់ ឬកូនៗរបស់អ្នក ឡើងកម្ដៅខ្លួនខ្លាំង គួរតែគិតដល់ជំងឺគ្រុនឈាមមុនគេ និងរកការប្រឹក្សាយោបល់ពីគ្រូពេទ្យជាបន្ទាន់៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)