(+855) 11 909 020 / 69 909 011

ស្រ្តីចង់សម្រាលកូនដោយធម្មជាតិគួរដឹងពីគន្លឹះទាំង៧នេះ 

តើអ្នកកំពុងមានផ្ទៃពោះ និងត្រៀមខ្លួនសម្រាលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះឬ? ហើយអ្នកក៏កំពុងគិតថាចង់សម្រាលកូនបែបធម្មជាតិដែរមែនទេ?

ជាទូទៅ ស្រ្តីមានផ្ទៃពោះគ្រប់រូប តែងចង់សម្រាលកូនដោយធម្មជាតិ តែដើម្បីឱ្យការសម្រាលកូនដោយធម្មជាតិមានដំណើរការដោយជោគជ័យ និងសុវត្តិភាព ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតឡើងក្នុងអំឡុងពេលសម្រាល ស្រ្តីកំពុងមានផ្ទៃពោះ ដែលចង់សម្រាលកូនដោយធម្មជាតិនៅពេលខាងមុខ គួរគប្បីត្រៀមខ្លួន និងគោរពតាមគោលការណ៍ទាំង៧ខាងក្រោមនេះ៖ 

១. ត្រួតពិនិត្យគភ៌ជាប្រចាំតាមការណែនាំ ដើម្បីដឹងអំពីការលូតលាស់ និងអាចរកឃើញនូវបម្រែបម្រួល ឬលក្ខខណ្ឌមួយចំនួនដែលអាចនឹងត្រូវបានណែនាំពីគ្រូពេទ្យឱ្យផ្លាស់ប្តូរវិធីសម្រាល ឬយ៉ាងណា។

២. ស្វែងរកថ្នាក់រៀនវគ្គខ្លីបន្ថែម អំពីដំណាក់កាលនៃការសម្រាលកូនបែបធម្មជាតិ វិធីសាស្ត្រគ្រប់គ្រង ឬបន្ថយការឈឺចាប់ និងផលវិបាក ដែលភាគច្រើនត្រូវបានផ្តល់ដោយមន្ទីរពេទ្យក្នុងពេលល្ងាច ឬនៅចុងសប្តាហ៍។ 
៣. អ្នកត្រូវស្វែងយល់បន្ថែមដោយខ្លួនឯង និងត្រូវដឹងជាមុនថានឹងមានអ្វីកើតឡើងនៅមុនពេល អំឡុងពេល និងក្រោយពេលសម្រាល ដើម្បីឱ្យអ្នកអាចត្រៀមខ្លួនទុកជាមុនក្នុងការទទួលយកហេតុការណ៍ទាំងនោះ។ 

៤. អ្នកត្រូវចិត្តត្រជាក់ សម្រួលអារម្មណ៍ គិតវិជ្ជមាន និងមិនភិតភ័យ ព្រោះថាអារម្មណ៍ភ័យខ្លាច និងសម្ពាធអាចបង្កឱ្យមានការបញ្ចេញ adrenaline ហើយបន្ថយដំណើរការនៃការសម្រាលពិសេសនៅពេលសម្រាល។

៥. អ្នកគួរព្យាយាមសម្រាក រក្សាការបង្គ្រប់ជាតិទឹក ញ៉ាំអាហារទន់ៗ និងធ្វើលំហាត់ប្រាណសមស្របតាមការណែនាំជាពិសេស ដោយផ្អែលលើលក្ខខណ្ឌសុខភាព ពីគ្រូពេទ្យរបស់អ្នក។ 

៦. ចៀសវាងកុំឱ្យឡើងទម្ងន់ខ្លាំងពេក ដោយគ្រប់គ្រងរបបអាហារ និងរក្សាឱ្យមានតុល្យភាព ព្រោះថាការសម្រាលកូនបែបធម្មជាតិនឹងដំណើរការបានល្អ និងមានផលវិបាកតិចប្រសិនស្ត្រីមិនលើសទម្ងន់។

៧. អ្នកក៏ត្រូវដឹងដែរថាកម្លាំងនៃការឈឺចាប់គឺខុសៗគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត ចំពោះស្ត្រីដែលទើបសម្រាលលើកដំបូងអាចមានការឈឺចាប់ពី១២ទៅ ២៤ម៉ោង រីឯអ្នកធ្លាប់សម្រាលពីមុនមក អាចត្រូវចំណាយពេលឈឺពី៦ទៅ៨ម៉ោងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះមិនត្រូវបានណែនាំឱ្យសម្រាលកូនបែបធម្មជាតិឡើយ បើពួកគេត្រូវបានរកឃើញថា សុកពាំងមាត់ស្បូន មានមេរោគអ៊ែប៉ែស មានការឆ្លងមេរោគអេដស៍ដែលមិនទាន់បានព្យាបាល និងធ្លាប់វះកាត់សម្រាលកូនម្តង ឬលើសពីនេះ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)