(+855) 11 909 020 / 69 909 011

ឈឺកញឹកញាប់ អាចជារោគសញ្ញានៃជំងឺកាចៗដែលអ្នកពុំធ្លាប់ដឹង 

ជាធម្មតា អាការឈឺបំពងកអាចបណ្ដាលមកពីមូលហេតុចម្បងគឺ វីរុស និងបាក់តេរី តែបើឈឺក ឬឈឺបំពង់កជាប្រចាំ វាអាចមិនមែនមកពីវីរុស និងបាក់តេរីឡើយ តែវាអាចជារោគសញ្ញាមួយនៃជំងឺផ្សេងៗទៀត ដែលអ្នកពុំធ្លាប់ដឹង រួមមាន៖

• ប្រតិកម្មអាល្លែហ្ស៊ី៖ ឈឺកអាចដោយសារតែអ្នកអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយដោយមិនដឹងខ្លួន រួមមានសត្វចិញ្ចឹម ធូលីដី លម្អងផ្កា និងអាហារដែលអ្នកញ៉ាំ។
• ភាពស្ងួត៖ ខ្យល់ស្ងួតអាចឱ្យរលាកបំពង់ក និងឈឺ ពិសេស នៅពេលអ្នកមានបញ្ហាតឹងច្រមុះពិបាកដកដង្ហើ ឬដកដង្ហើមតាមមាត់ដែលបង្កឱ្យស្ងួតបំពង់ក ឈឺក។
• សម្ពាធសាច់ដុំ៖ អ្នកអាចមានសម្ពាធសាច់ដុំនៅក្នុងបំពង់កដោយសារតែអ្នកស្រែកខ្លាំង និយាយលឺ ឬនិយាយយូរដោយមិនបានសម្រាក ជាលទ្ធផលបំពង់ករបស់អ្នកឈឺ។
• ច្រាលអាស៊ីត៖ បញ្ហាប្រព័ន្ធរំលាយអាហារដែលធ្វើឱ្យអាស៊ីក្រពះច្រាលឡើងតាមបំពង់ អាហារ នោះអ្នកនឹងមានសញ្ញាឆ្អល់ចុងដង្ហើម ស្អកក និងឈឺបំពង់ក។
• ឆ្លងជំងឺអេដស៍៖ ជាទូទៅអាការៈឈឺក និងសញ្ញាដូចជំងឺផ្តាសាយផ្សេងទៀតតែងជា សញ្ញាណដំបូងបន្ទាប់ពីនរណាម្នាក់ឆ្លងជំងឺអេដស៍។
• ដុំសាច់៖ ការដុះដុំសាច់នៅបំពង់ក អណ្តាត ឬបំពង់សម្លេងអាចបណ្តាលឱ្យអ្នកជំងឺឈឺក ស្អកក ពិបាកលេប ដកដង្ហើលឺសម្លេង ឡើងកូនកណ្តុរនៅកជាដើម។
• រលាកឆ្អឹងមុខរ៉ាំរ៉ៃ៖ ប្រសិនឆ្អឹងមុខ សងខាងច្រមុះរបស់អ្នករលាក វាក៏អាចបង្កឱ្យរលាកដល់ បំពង់ក ឬឆ្លងមេរោគបានដោយងាយ។
• ការរលាក៖ ខ្យល់មិនស្អាត ឬបរិយាកាសរងការបំពុលខាងក្រៅ និងការបំពុលបរិយាកាសក្នុងផ្ទះដោយផ្សែងបារី ឬសារធាតុគីមីមួយចំនួនអាចបង្កឱ្យឈឺកញឹកញាប់។ ការញ៉ាំអាហារហឹរ និងផឹងស្រា តែងធ្វើឱ្យបំពង់ករបស់អ្នករលាក និងឈឺបានដែរ។
• ប្រព័ន្ធការពាររាងកាយខ្សោយ៖ អ្នកនឹងងាយឆ្លងមេរោគបំផុតពិសេស អ្នកជំងឺអេដស៍ ជំងឺទឹកនោមផ្អែម ការព្យាបាលដោយស្តេរ៉ូអ៊ីត ឬថ្នាំគីមី ស្ត្រេស អស់កម្លាំង និងរបបអាហារមិនគ្រប់គ្រាន់។
• ហើមបំពង់ក៖ ករណីកម្រខ្លះមាបង្ករោគធ្វើឱ្យហើម បង្កជាការឈឺក ហើយវាអាចបិតបំពង់ខ្យល់របស់អ្នកជំងឺបាន ដូច្នេះ ទាមទារឱ្យមានការព្យាបាលជាបន្ទាន់។
• អាយុ៖ ក្មេងអាយុចន្លោះពី៣ឆ្នាំ ទៅ១៥ឆ្នាំ ងាយនឹងលេចចេញនូវអាការៈឈឺកដែលបង្កពីបាក់តេរី។

ដូច្នេះ បើសង្ស័យថា រូបអ្នកផ្ទាល់ឈឺកជាញឹកញាប់ ពិបាកបរិភោគអាហារ និងមិនស្រួលខ្លួនខុសប្រក្រតី សូមប្រញាប់ណាត់ជួបគ្រូពេទ្យប្រឹក្សាយោបល់ឱ្យបានទាន់ពេលវេលា៕

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Ms.DN)