ជំងឺរលាកថ្លើមប្រភេទបេ(B) ត្រូវបានគេហៅថា “ឃាតករសម្ងាត់” ពីព្រោះមានមនុស្សជាច្រើននាក់ ដែលមិនដឹងខ្លួនថាបានឆ្លងមេរោគរលាកថ្លើមប្រភេទបេនោះទេ គឺដោយសារតែជំងឺនេះ មិនមានការស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ឲ្យអ្នកជំងឺបានដឹងជាមុន នៅពេលដែលគាត់ទើបតែបានឆ្លងជាលើកដំបូង។
ដូច្នោះពួកគាត់មិនបានដឹងថា ពួកគាត់បានកំពុងចំលងមេរោគនេះទៅកាន់អ្នកដទៃ និងបន្តការរីកសាយភាពយ៉ាងស្ងៀមស្ងាត់នៃមេរោគរលាកថ្លើមបេនេះទៅខាងក្រៅនោះទេ។
ប៉ុន្តែមានតែការធ្វើតេស្តឈាមពិនិត្យរុករកមេរោគរលាកថ្លើមបេមួយមុខតែប៉ុណ្ណោះ ដែលអាចឲ្យអ្នកប្រាកដថា អ្នកបានឆ្លងមេរោគនេះ ឬក៏អត់ ។
ភាគច្រើន មនុស្សដែលមានសុខភាពល្អ គឺមិនមានការស្តែងចេញនូវរោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទបេ នៅពេលពួកគេទើបឆ្លងដំបូងទេ ពោលគឺ ពួកគាត់មានសុខភាពល្អធម្មតា និង មិនមានជំងឺឈឺថ្កាត់ផ្សេងនោះទេ។
មានអត្រាប្រហែលមួយភាគរយ(1%) នៃអ្នកឆ្លងជំងឺទាំងនោះ គឺអាចវិវត្តន៍ទៅជាបញ្ហាជំងឺរលាកថ្លើមប្រភេទបេ ទម្រង់បែបធ្ងន់ធ្ងរដែលហៅថា (fulminant hepatitis ) ដែលអាចបង្កឲ្យមានបញ្ហាខ្សោយថ្លើម និងប៉ះពាល់ដល់អាយុជីវិតបានទៀតផង។ យ៉ាងនេះក្តី ទោះបីជាទម្រង់នៃ fulminant hepatitis កម្រនឹងកើតមានឡើងក៏ដោយ ក៏ទម្រង់នេះនឹងអាចកើតមានឡើងភ្លាមៗ ហើយអ្នកឆ្លងជំងឺនេះ ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។
➢ រោគសញ្ញាសំខាន់ៗនៃជំងឺរលាកថ្លើមប្រភេទបេមានដូចជា ៖
- ក្តៅខ្លួន អស់កម្លាំង ឈឺតាមសាច់ដុំ ឬ សន្លាក់
- បាត់បង់ចំណង់បរិភោគអាហារ
- មានអាការចង់ក្អួត
- ឈឺក្រពះ
- លាមកមានពណ៌ស្លេក
- ទឹកនោមមានពណ៍ក្រម៉ៅ ឬពណ៍តែលឿង
➢ រោគសញ្ញាធ្ងន់ធ្ងរដែលតម្រូវឲ្យអ្នកឆ្លងជំងឺមកធ្វើការត្រួតពិនិត្យឲ្យបានទាន់ពេលវេលា ៖
- ក្អូតខ្លាំង
- ភ្នែក និងស្បែកប្រែពណ៌ទៅជាពណ៍លឿង
- ពោះប៉ោង( ទាចទឹក)
- បកស្រាយដោយ៖ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)
« បើលោកអ្នកជួបប្រទះបញ្ហាជំងឺរលាកថ្លើមប្រភេទបេ (B) សូមទំនាក់ទំនងមកកាន់ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា »