(+855) 11 909 020 / 69 909 011

ផលលំបាកនៃការពិនិត្យសុខភាពពុំត្រឹមត្រូវ របស់អ្នកជំងឺរលាកថ្លើមប្រភេទបេ B រ៉ាំរ៉ៃ 

ជាទូទៅ យើងតែងតែសង្កេតឃើញថា អ្នកជំងឺរលាកថ្លើមប្រភេទបេ B រ៉ាំរ៉ៃជាច្រើនមិនបានធ្វើការតាមដានត្រួតចថ្លើមឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឱ្យពួកគាត់ទទួលរងនូវផលវិបាកមួយចំនួន។ 

១. តើការមិនបានពិនិត្យ និង ព្យាបាលជំងឺរលាកថ្លើមប្រភេទបេ B រ៉ាំរ៉ៃឲ្យបានត្រឹមត្រូវបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះ?

យោងទៅតាមបទពិសោធន៍ និង ការស្រាវជ្រាវជាប្រចាំ លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បានរកឃើញថាមានអ្នកជំងឺភាគច្រើនដែលមានផ្ទុកមេរោគរលាកថ្លើមប្រភេទ B មិនបានតាមដានពិនិត្យឲ្យបានទៀងទាត់ទេ ដែលក្នុងនោះមានអ្នកជំងឺប្រហែល ៨០% ដែលបានមកពិនិត្យនៅគ្លីនិកវឌ្ឍនៈវិជ្ជារបស់លោក គឺមិនបានតាមដានពិនិត្យសុខភាពឲ្យបានជាប្រចាំរយៈពេល ៦ខែម្តង ឬ ១ឆ្នាំម្តងទាក់ទងនឹងមុខងាររបស់ថ្លើម( Liver Function Test)  និង រាប់មេរោគថ្លើមបេ ( HBV DNA PCR ) នោះទេ រហូតដល់មានករណីខ្លះ មានអ្នកជំងឺមួយចំនួនមិនបានធ្វើការពិនិត្យ រហូតឈានដល់មានការវិវត្តន៍ទៅជាជំងឺក្រិនថ្លើមដោយមិនដឹងខ្លួន។  
យ៉ាងណាមិញ មានអ្នកជំងឺប្រហែលតែ ១០% ទៅ ២០% ប៉ុណ្ណោះដែលបានធ្វើការតាមដានពិនិត្យសុខភាពថ្លើមជាប់លាប់ជាមួយវេជ្ជបណ្ឌិត ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា " ចំពោះការព្យាបាលវិញក៏មិនមានភាពត្រឹមត្រូវដែរ ពោលគឺមានអ្នកជំងឺមួយចំនួនធំដែលព្យាបាលមិនបានជាប់លាប់រួចផ្តាច់ថ្នាំដោយខ្លួនឯង ដោយមិនបានយល់ច្បាស់ពីសារសំខាន់នៃការព្យាបាល ឬក៏មានអារម្មណ៍ធុញទ្រាន់នឹងការផឹកថ្នាំ និងពុំមានលទ្ធភាពបន្តការព្យាបាល ដែលនេះជាហេតុបង្កអោយមេរោគកើតឡើងវិញ និង អត្រាសុំានឹងថ្នាំខ្ពស់រហូតដល់មានអ្នកជំងឺមានការវិវត្តន៍ជំងឺថ្លើមកាន់តែមិនល្អផងដែរ "។

២. តើយើងគួរតែធ្វើតេស្តរកមេរោគរលាកថ្លើម B រ៉ាំរ៉ៃដែរឬអត់?

លោកវេជ្ជបណ្ឌិតភៀវ សូរ៉ែនបានបន្តថា " ការវិវត្តន៍នៃមេរោគរលាកថ្លើម B គឺមាន4 ដំណាក់កាលដែលដំបូងឡើងគឺ ពឹងផ្អែកទៅលើតេស្តកំរិតមុខងារថ្លើម ( alanine aminotransferase = ALT ) និងចំនួនមេរោគក្នុងឈាម (HBV DNA PCR) " ដែលទាំងអស់នេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺ ក្នុងការធ្វើតេស្តជំងឺថ្លើមឲ្យបានញឹកញាប់ ដើម្បីរៀបចំការព្យាបាល និងតាមដានក្រោយការព្យាបាល។ ទោះបីជាយ៉ាងណាក្តី មានអ្នកជំងឺតិចតួចណាស់ដែលដឹងអំពីការធ្វើតេស្តឈាមដើម្បីតាមដានជំងឺរលាកថ្លើមប្រភេទបេ B នេះអោយបានត្រឹមត្រូវណាស់ ។ 

៣. តើគេព្យាបាលជំងឺរលាកថ្លើមប្រភេទបេ B រ៉ាំរ៉ៃតាមរយៈអ្វី?

ចំពោះថ្នាំសម្រាប់ព្យាបាលរលាកថ្លើមប្រភេទ B សព្វថ្ងៃនេះ គេចែកចេញជាប្រភេទថ្នាំគ្រាប់ ដែលមានប្រសិទ្ធភាពខ្ពស់ និង មិនមានផលប៉ះពាល់ច្រើនដល់ទាំងសុខភាព រួមទាំងមិនងាយស៊ាំនឹងមេរោគ ( resistant ) ។ដូច្នេះហើយ និតិវិធីកំនត់នៃការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ B គួរតែធ្វើអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយការវិវត្តជំងឺកាន់តែធ្ងន់ធ្ងរ ដូចជាក្រិនថ្លើម ( Liver Cirrhosis )  និង មហារីកថ្លើម( Liver Cancer ) ជាដើម។

៤. ចុងបញ្ចប់លោកវេជ្ជបណ្ឌិតបានផ្តាំផ្ញើរថា៖  "  ការប្រើថ្នាំព្យាបាល  ការស្វែងរក ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំចំពោះអ្នកជំងឺរលាកថ្លើមប្រភេទបេ B រ៉ាំរ៉ៃឲ្យបានទៀងទាត់ គឺអាចផ្តល់ផលប្រយោជន៍ដល់អ្នកជំងឺឲ្យបានដឹងថា តើអ្នកជំងឺអាចប្រឈមមុខនឹងកើតជំងឺមហារីកដែរឬអត់ ហើយនិងអាចកាត់បន្ថយពីការស្លាប់ដោយសារជំងឺមហារីក និងខ្សោយថ្លើមបាន " ៕

- បកស្រាយដោយ៖  វេជ្ជបណ្ឌិត ភៀវ សូរ៉ែន (Health Education Series)
- យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

« បើលោកអ្នកជួបប្រទះបញ្ហាជំងឺរលាកថ្លើមប្រភេទបេ (B) រ៉ាំរ៉ៃ  សូមទំនាក់ទំនងមកកាន់ Vadhanak Vichea Clinic-មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា »