(+855) 11 909 020 / 69 909 011

ស្រ្តីគួរស្វែងយល់ពីថ្ងៃពិសេសរបស់ខ្លួន 

សុខភាពៈ ថ្ងៃពិសេសរបស់ស្រ្តី (ថ្ងៃរដូវ) គឺសំដៅលើការ​របេះ​ធ្លាក់​នៃ​ស្រទាប់​ភ្នាស​ស្តើង​នៅ​ក្នុង​តួ​ស្បូន។ ការ​របេះ​ធ្លាក់​នេះ ​បង្ក​បាន​ជា​ការ​ហូរ​ឈាម​យឺតៗ​ ចេញ​ពី​តួ​ស្បួន​តាម​ទ្វារ​មាស​ជា​រៀង​រាល់​ខែ ជា​ទូទៅ​ការ​ហូរ​ឈាម​នេះ​មាន​រយៈ​ពេល​ពី ៣ ទៅ ៥​ថ្ងៃ​ជា​ធម្មតា។ 

 

-ជាធម្មតាក្មេងស្រីគ្រប់ការ គឺមានការធ្លាក់ឈាមរដូវ ក្នុងចន្លោះអាយុ ១២ ទៅ ១៣​ឆ្នាំ តែ​ធ្លាក់​មក​ជា​លើក​ដំបូង​មាន​សភាព​យឺត​យ៉ាវ។ ប៉ុន្តែក្មេងស្រីខ្លះអាយុត្រឹមតែ ៩ ទៅ ១០ឆ្នាំ ក៏មានរដូវដែរ។ ដោយឡែកក្មេងស្រីខ្លះៗទៀត អាចពន្យាពេលរហូតដល់អាយុ ១៥ - ១៦​ឆ្នាំ ទើបមានរដូវ។ ក្នុងករណីនេះ ប្រសិនបើក្មេងស្រីអាយុ ១៦ ឆ្នាំហើយ មិនឃើញមានរដូវ អាណាព្យាបាលត្រូវនាំក្មេងស្រីនោះ ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

 

-ក្នុង​អំឡុង​ ២ ឬ ៣ ​ឆ្នាំ​ ដំបូង ការធ្លាក់ឈាមរដូវរបស់ក្មេងស្រី ច្រើនតែមិនទៀងទាត់នោះទេ ព្រោះរូបរាងកាយ ផ្លូវអារម្មណ៍ និងគំនិតរបស់គេ ផ្លាស់ប្ដូរនិងប្រែប្រួលជានិច្ច។

 

-ស្ត្រី​​ឆាប់​មក​រដូវ​ក្នុង​វ័យ​ក្មេង​ ក៏​ឆាប់​អស់​រដូវ​វិញដែរ​​ ប៉ុន្តែករណីខ្លះ ការអស់រដូវអាចទាក់ទងនឹងបញ្ហាសុខភាពរបស់ស្រ្តីផងដែរ។ ​

 

-ស្រ្តីដែលចាប់ផ្ដើមមានរដូវហើយ និងបន្តមានរដូវរហូតទាល់តែរូបនាងអស់រដូវ ហើយនឹងចាប់ផ្ដើមមានរដូវវិញ នៅអាយុ​ចន្លោះ​ពី ៤៥​ ដល់ ៥៥ ​ឆ្នាំ។ ដោយឡែក ស្រ្តីមានផ្ទៃពោះនឹងអស់រដូវមួយរយៈ លុះសម្រាលកូនរួចហើយ ទើបចាប់ផ្ដើមមានរដូវដូចធម្មតាឡើងវិញ។ 

 

-ស្រ្តីពេញវ័យមាន​វគ្គ​រដូវ​នៅ​ចន្លោះ​ពី ២១ ទៅ ៣៥​ថ្ងៃ ប៉ុន្តែ​ចំពោះ​ក្មេង​ស្រី​ជំទង់​វិញ វគ្គ​រដូវ​គឺ​ក្នុង​ចន្លោះ​ពី ២១​ថ្ងៃ ទៅ ៤៥​ថ្ងៃ។ ក្នុងករណីរដូវមិនទៀត គឺ​រដូវ​មក​តិច​ជាង ២១​ថ្ងៃ ឬ​លើស​ពី ៣៧​ថ្ងៃ​ឡើង​ទៅ ស្ត្រី​នោះ​ត្រូវ​តែ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ។ 

 

- ស្រ្តីដែលធ្លាក់ឈាមក្នុងអំឡុងពេល ដែលខ្លួនអស់រដូវហើយ គេមិនហៅថា ឈាមរដូវទេ តែវាអាចជាជំងឺមហារីក​ស្រទាប់​ស្តើង​របស់​ស្បូន​នៅ​ផ្នែក​ខាង​ក្នុង​ស្បូន មហារីក​មាត់​ស្បូន រលាក​មាត់​ស្បូន ដុះ​ដុំ​សាច់​ក្នុង​មាត់​ស្បូន ឬបើមិនដូច្នោះទេ អាចបណ្ដាលមកពីប្រដាប់ភេទប៉ះទង្គិច និងរបួសជាដើម។ 

 

- កែសម្រួលៈ សុខក្រម-Sokhakrom

- ដកស្រង់ពីៈ សុខភាព និង សម្រស់