ផ្សែងបារី គឺជាកត្តាចម្បងមួយដែលបំផ្លាញសុខភាពអ្នកជំងឺរហូតទាល់តែបាត់បង់ជីវិត ដោយសារតែក្នុងផ្សែងបារីផ្ទុកនូវសារធាតុពុលជាច្រើន ដែលបង្កជាវិបត្តិធ្ងន់ធ្ងរដល់ប្រព័ន្ធផ្លូវដង្ហើម បេះដូង និងមហារីក។
១. អ្នកជក់បារីប្រឈមជំងឺផ្សេងៗ
- ជំងឺមហារីកសួត៖ អ្នកជក់បារីប្រឈមជំងឺមហារីកសួតខ្លាំងជាមនុស្សធម្មតាពី ១៥ ដង ទៅ ៣០ដង។ កន្លងមកការសិក្សាបានបញ្ជាក់ថា ៩០ % នៃអ្នកជំងឺសួត គឺអ្នកជក់បារី។
- ជំងឺត្បៀតទងសួត (COPD)៖ អ្នកជំងឺដែលកើតជំងឺត្បៀតទងសួតរ៉ាំរ៉ៃភាគច្រើន គឺបណ្ដាលមកពីជក់បារី ដោយសារតែក្នុងបារីមានសារធាតុម្យ៉ាង (Acrolein) ដែលជាមូលហេតុចម្បងធ្វើឱ្យកើតជំងឺត្បៀតទងសួតរ៉ាំរ៉ៃ។
-ជំងឺហឺត(Asthma)៖ បើទោះបីជាជំងឺហឺតមិនមែនកើតចេញពីអ្នកជក់បារី តែអ្នកដែលរស់នៅក្បែរអ្នកជក់បារី ឬអ្នកជក់បារីក៏ប្រឈមនឹងជំងឺហឺតផងដែរ ដោយសារតែការជក់បារីជាដើមហេតុធ្វើឱ្យប៉ះពាល់ដល់ទងសួត។
២. រោគសញ្ញានៃអ្នកជក់បារីអាចបញ្ជាក់ពីជំងឺមួយចំនួន
ប្រសិនបើនរណាម្នាក់មានវត្តធ្លាប់ជក់បារី មានរោគសញ្ញាក្អក ពិបាកដកដង្ហើម និងមានអារម្មណ៍តឹងទ្រូង គឺបញ្ជាក់បានថា គាត់អាចនឹងកើតមានជំងឺមួយចំនួន។
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ មានរោគសញ្ញាក្អក ស្លេស្ម រយៈពេល ៣ ខែ ក្នុងអំឡុងរយៈពេល ២ ឆ្នាំ បន្តបន្ទាប់គ្នា។
- ជំងឺរីកទងសួត អាចបណ្ដាលមកពីផលវិបាកនៃជំងឺផ្សេងៗរួមមាន ជំងឺរបេង ជំងឺក្អកមាន់ ឬជំងឺមកពីវីរុសមួយចំនួន និងមកពីកត្តាតំណពូជ និងអាចមកពីខ្សោយប្រព័ន្ធផ្លូវដង្ហើមតាំងពីកុមារមកម្លេះ។
- ជំងឺរបេងសួតរ៉ាំរ៉ៃ អាចបណ្ដាលមកពីផលវិបាកនៃជំងឺរបេង ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើមរ៉ាំរ៉ៃ។
ចំណាំ៖ បើសង្កេតឃើញថាខ្លួនឯង កំពុងតែស្ថិតក្នុងអាការ ឬរោគសញ្ញាខាងលើ សូមរុះរាន់មកពិនិត្យធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីទទួលយកសេវាព្យាបាលបានទាន់ពេលវេលា៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (sokhakrom)