(+855) 11 909 020 / 69 909 011

តើខ្ញុំគួរធ្វើបែបណាទើបមិនក្លាយជាមនុស្សវិកលចរិត?

ដូចប្រិយមិត្តអ្នកអានបានដឹងរួចមកហើយពីមូលហេតុបង្ក និងរោគសញ្ញានៃជំងឺវិកលចរិត ហើយភាគច្រើននៃអ្នកជំងឺវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរនេះ ច្រើនតែផ្ដើមចេញពីវិបត្តិផ្លូវចិត្ត។ 

ថ្វីត្បិតតែមនុស្សគ្រប់រូបសុទ្ធតែមានវិបត្តិផ្លូវចិត្ត ឬជំងឺផ្លូវចិត្ត ក៏ប៉ុន្តែវាសនារបស់អ្នកជំងឺផ្លូវចិត្តអាចនឹងមិនដូចគ្នាទេ ជាក់ស្ដែង អ្នកខ្លះក៏បានប្រសើរឡើងវិញ អ្នកខ្លះក៏ឈានដល់ការបំផ្លាញខ្លួនឯង ដូចជា យកឡាមឆូតដៃ ឬសម្លាប់ខ្លួនជាដើម រីឯអ្នកខ្លះទៀតក៏ធ្លាក់ចូលកាន់តែជ្រៅនៃជំងឺវិបត្តិផ្លូវចិត្តរហូតក្លាយជាមនុស្សវិកលចរិត ដោយសារតែបញ្ហាអ្នកទាំងនោះជួបប្រទះមិនដូចគ្នា និងជាពិសេសនោះការយល់ដឹងពីដំណោះស្រាយវិបត្តិផ្លូវចិត្តមានកម្រិតខុសគ្នាឆ្ងាយ។  

ដូច្នេះ បើអ្នកមិនចង់កើតជំងឺវិកលចរិត ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ សូមអនុវត្តតាមការណែនាំខាងក្រោមនេះ៖   

- រៀនប្រើបំណិនជីវិតឱ្យបានប្រសើរក្នុងការរស់នៅប្រចាំថ្ងៃ ដូចជា ព្យាយាមធ្វើឱ្យខ្លួនឯងសប្បាយចិត្ត និងគួរតែឈប់គិតបញ្ហាដែលនាំឱ្យមានទុក្ខ 
- រៀនកត់សម្គាល់ខ្លួនឯងថា បើយើងជួបបញ្ហាណាមួយ ហើយផ្លូវចិត្តរបស់យើងកំពុងតែទទួលរងសម្ពាធខ្លាំង យើងគួរតែរកជំនួយពីខាងក្រៅ ដូចជា សាច់ញាតិ ឬនរណាម្នាក់ដែលយើងទុកចិត្តជជែកគ្នាដើម្បីឱ្យអារម្មណ៍បានធូរស្រាល បន្ទាប់មកអ្នកអាចរកដំណោះស្រាយបន្តិចម្ដងៗ ហើយសម្ពាធផ្លូវចិត្តក៏ចាប់ផ្ដើមរំសាយបន្តិចម្ដងៗទៅតាមនោះដែរ
- បន្ថយ ឬបើអាចគួរតែបញ្ឈប់រាល់សកម្មភាពធ្វើឱ្យការគិតចុះខ្សោយ និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដូចជា សេពគ្រឿងស្រវឹង និងគ្រឿងញៀន...
- ក្រេបយកចំណេះដឹងពីវីដេអូ សៀវភៅ សិក្ខាសាលា ទាក់ទងនឹងមេរៀនអប់រំចិត្តឱ្យបានច្រើន ទើបយើងមិនសូវកើតទុក្ខច្រើន និងមិនប្រឈាមខ្លាំងនឹងជំងឺផ្លូវចិត្ត
- សមាជិកគ្រួសារ ដៃគូ មិត្តភក្តិ និងមិត្តរួមការងារ គួរតែជួយកែតម្រូវដោយការសរសើរ និងលើកទឹកចិត្តដល់អ្នកជំងឺ ចៀសវាងការស្ដីបន្ទោសដែលនាំឱ្យផ្លូវចិត្តរបស់អ្នកជំងឺកាន់តែរងសម្ពាធខ្លាំងឡើងៗ 
- ការគិត គឺជាមូលហេតុសំខាន់ធ្វើឱ្យយើងដើរចូលទៅក្នុងវិបត្តិផ្លូវចិត្ត ដូច្នេះ យើងគួរតែរៀនគិតវិជ្ជមាន គិតអ្វីល្អ គិតអ្វីៗដែលធ្វើឱ្យយើងសប្បាយចិត្តជាប្រចាំថ្ងៃ 

ចំណាំ៖ ការសិក្សាពីមេរៀនអបរំផ្លូវចិត្ត ពិតជាសំខាន់ណាស់សម្រាប់សុភម្គលក្នុងជីវិតរបស់យើង។ ដូច្នេះ ប្រិយមិត្តអ្នកអានគួរតែរកពេលទំនេរ ស្វែងយល់ពីវាឱ្យបានច្រើន៕   

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)