(+855) 11 909 020 / 69 909 011

ផលវិជ្ជមាន ៧ យ៉ាង សម្រាប់អ្នកតែងតែគេងថ្ងៃបន្ទាប់ពីបាយថ្ងៃត្រង់

បើយោងតាមការស្រាវជ្រាវបានឱ្យដឹងថា ការគេងថ្ងៃ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ (ភាសាសាមញ្ញ ពុលបាយ) ពុំមែនជាទម្លាប់អាក្រក់នោះទេ តែផ្ទុយទៅវិញ វាបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់យើង ដែលហេតុនេះហើយ យើងមិនគួរបញ្ឈប់ទម្លាប់គេងថ្ងៃនោះទេ យើងគួរតែគេងថ្ងៃឱ្យបានជាប្រចាំ។ 

តែយ៉ាងណាមិញ អ្នកគួរដឹងថា ការគេងថ្ងៃត្រឹមតែមួយស្របក កន្លះម៉ោង ឬត្រឹម ១ ម៉ោងគឺគ្រប់គ្រាន់ហើយ មិនគួរគេងលើសពី ១​ ម៉ោងនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ទម្លាប់រស់នៅប្រចាំថ្ងៃ ប៉ះពាល់ដល់ដំណេកយប់ឡើង ថែមទាំងខាតពេលវេលាធ្វើកិច្ចការផ្សេងៗនៅថ្ងៃរសៀលថែមទៀតផង។   

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការគេងថ្ងៃ៖ 

១- បេះដូង៖ 
ធ្វើឱ្យបេះដូងមានសុខភាពល្អ និងមិនងាយប្រឈមបញ្ហាសុខភាពទាក់ទងនឹងបេះដូង។ 

២- ឡើងទម្ងន់៖ 
បើអ្នកគេយប់មិនគ្រប់គ្រាន់ អ្នកគួរតែគេងថ្ងៃបន្ថែម ព្រោះវាជួយទប់ស្កាត់បញ្ហាឡើងទម្ងន់។ អ្នកត្រូវដឹងថា បើយប់នេះអ្នកគេងមិនបានគ្រប់គ្រាន់ ហើយស្អែកឡើងមិនបានគេងថ្ងៃ និងធ្វើការហត់ថែមទៀត នោះអ្នកច្បាស់ជាឡើងទម្ងន់ដោយមិនដឹងខ្លួន ហើយការឡើងទម្ងន់បែបនេះ ពុំល្អចំពោះសុខភាពឡើយ។  

៣- ខួរក្បាល៖ 
បង្កើនសមត្ថភាពចងចាំ និងជំនួយដល់ភាពវ័យឆ្លាតនៃខួរក្បាល។ ការស្រាវជ្រាវបានឱ្យដឹងថា អ្នកគេងថ្ងៃ មានការចងចាំល្អជាង អ្នកពុំបានគេងថ្ងៃ។  

៤- ពង្រឹងស្មារតី និងភាពច្នៃប្រឌិតនៅថ្ងៃរសៀល 
បង្កើនស្មារតីគិតវិជ្ជមាន មានភាពច្នៃប្រឌិត អារម្មណ៍ស្រស់ស្រាយឡើងវិញ និងមានការប្រុងប្រយ័ត្នខ្ពស់។ ចំពោះអ្នកដែលធ្វើការងារទាំងងងុយគេង និងអ្នកធ្វើការដែលគេងថ្ងៃគ្រប់គ្រាន់ គឺមានលទ្ធផលការងារមិនដូចគ្នានោះទេ ដោយភាគច្រើន អ្នកធ្វើការដែលគេងថ្ងៃគ្រប់គ្រាន់ ទទួលបានលទ្ធផលល្អជាង។ ជាពិសេសក្នុងអំឡុងពេលបើកបរ គឺមិនងាយប្រឈមគ្រោះថ្នាក់ចរាចរណ៍ 

៥- សរសៃឈាម និងសម្ពាធឈាម
សម្រួលដល់សរសៃឈាម និងបន្ថយសម្ពាធឈាមរបស់លោកអ្នកជាប្រចាំថ្ងៃ។ 

៦- ប្រសើរជាផឹកការហ្វេ៖ 
ទម្លាប់មនុស្សមួយចំនួនដែលតែងតែទទួលទានការហ្វេនៅពេលដែលងងុយដេកថ្ងៃដើម្បីឱ្យស្វាង គឺពុំមែនជាទម្លាប់ល្អនោះទេ ផ្ទុយទៅវិញ ការគេងថ្ងៃ នៅពេលដែលយើងងងុយគេងថ្ងៃ គឺជាទម្លាប់ដែលត្រូវបានណែនាំឱ្យអនុវត្ត។
 
៧. បង្កើនថាមពល៖ 
បង្កើនថាមពលដល់រាងកាយឡើងវិញ បន្ទាប់ពីរាងកាយបានបំពេញការងារមួយព្រឹក ឬហត់ពីយប់ (គេងមិនគ្រប់គ្រាន់)ជាដើម។ 

-ស្រាវជ្រាវ និងកែសម្រួលដោយ៖ (Sokhakrom)