(+855) 11 909 020 / 69 909 011

សញ្ញាណនៅពីក្រោយភាពរហឹតរហៃរបស់អ្នក

តើអ្នកតែងតែមានអារម្មណ៍ហត់ អស់កម្លាំង ឬរាងកាយចុះខ្សោយរហឹតរហៃដែរឬទេ? ហើយអ្នកបានដឹងពីអ្វីខ្លះពីភាពរហឹតរហៃទាំងនោះ?

ជាការពិតណាស់ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបប្រទះពីបញ្ហារហឹតរហៃនេះជាញឹកញាប់ ដែលស្តែងឡើងក្រោមរូបភាព រាងកាយធ្វើចលនាមិនបានល្អ ឬមិនអាចគ្រប់គ្រងចលនាខ្លួនឯងបានត្រង់បរិវេណ ដៃ ជើង និងរាងកាយទាំងមូល។ ហើយយើងទាំងអស់គ្នាក៏ប្រហែលជាមិនបានចាប់អារម្មណ៍ ដោយសារតែពេលខ្លះវាបាត់ទៅវិញដោយឯងៗ ប៉ុន្តែក៏មានករណីមួយចំនួនធ្វើឲ្យអ្នកប្រឈមនឹងការរហឹតរហៃនេះជាលក្ខណៈរ៉ាំរ៉ៃ ដោយសារមូលហេតុដែលអ្នកមិនបានដឹង ឬមិនត្រូវបានរកឃើញ។

១. មូលហេតុដែលធ្វើឱ្យអ្នកអស់កម្លាំងរហឹតរហៃ
ក្រៅពីមូលហេតុរាងកាយរបស់លោកអ្នកបញ្ចេញនូវសកម្មភាពច្រើនហួសកម្លាំង ភាពរហឹតរហៃអាចបណ្ដាលមកកត្តាផ្សេងៗទៀតដូចជា៖  
- ជំងឺផ្ដាសាយ 
- បញ្ហាលើក្រពេញទីរ៉ូអ៊ីត 
- ការខ្វះឈាមដែលតែងកើតមានឡើងបន្ទាប់ពីហាត់ប្រាណរួច ឬពេលមករដូវ (ចំពោះស្ត្រី) 
- ការធ្លាក់ទឹកចិត្ត 
- គេងមិនគ្រប់គ្រាន់ 
- មានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន ឬមិនទាន់បានគ្រប់គ្រង 
- មានជំងឺខ្សោយបេះដូង 
- កង្វះវីតាមីនបេ១២ 
- ផលរំខានពីការប្រើថ្នាំព្យាបាលជំងឺផ្លូវចិត្ត 
- មានបញ្ហារលាកសាច់ដុំ 
- អាចជាអ្នកជំងឺមួយចំនួនដូចជា មហារីក ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង មានបញ្ហារសសៃប្រសាទ ឬសាច់ដុំ ការប្រើថ្នាំលើសកម្រិត ប្រើវីតាមីនលើសកម្រិត ឬដោយសារការពុលជាដើម។

២. សញ្ញាដែលអាចឲ្យអ្នកដឹងពីជំងឺរហឹតរហៃ
គួរកត់សម្គាល់ផងដែរថា ភាពរហឹតរហៃបណ្តាលមកពីមហារីកអាចលេចឡើងយឺតៗ ផ្ទុយមកវិញប្រសិនបណ្តាលមកពីការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល វាតែងកើតមានភ្លាមៗ។ បន្ថែមពីជំងឺរហឹតរហៃ អ្នកក៏អាចប្រឈមនឹងសញ្ញារួមផ្សំដូចជាពិបាកដកដង្ហើម ឈឺចាប់ និងចង្វាក់បេះដូងលោតមិនទៀងទាត់។ សម្រាប់ផ្នែកណាមួយនៃរាងកាយអ្នកអាច ធ្វើចលនាមិនបានគ្រប់គ្រាន់ ធ្វើចលនាបានយឺត ញ័រ កន្ត្រាក់ ឬរមួលសាច់ដុំ។ សម្រាប់រាងកាយទាំងមូលរបស់អ្នកវិញ អ្នកអាចមានអារម្មណ៍ដូចអ្នកកំពុងមានជំងឺផ្តាសាយ ក្នុងនោះគឺអស់កម្លាំង ករណីខ្លះរាងកាយខ្សោយ ដោយមិនមានអារម្មណ៍អស់កម្លាំង តែក៏អាចមានសញ្ញាក្តៅខ្លួន និងឈឺចាប់កន្លែងផ្សេងទៀតផងដែរ។ ក្នុងករណីលេចចេញនូវសញ្ញាគ្រោះថ្នាក់ ដែលអ្នកចាំបាច់ត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗរួមមាន វិលមុខ រវើរវាយ ពិបាកនិយាយ ប្រែប្រួលគំហើញ ឈឺទ្រូង និងពិបាកដកដង្ហើមជាដើម។

៣. ដំណោះស្រាយ 
ជាធម្មតា ក្នុងករណីខ្លះដែលលោកអ្នកកើតអាការអស់កម្លាំងរហឹតរហៃ អាចជាយន្តការធម្មជាតិរបស់ជីវិត ដែលទាមទារឱ្យលោកអ្នកគ្រាន់តែសម្រាកឱ្យបានច្រើន នោះថាមពលក្នុងខ្លួននឹងអាចវិលមកដូចដើមវិញ។ តែយ៉ាងណាមិញ ដំបូន្មានល្អបំផុតនោះគឺ សូមលោកអ្នកអញ្ជើញមកប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីរកឃើញពីមូលហេតុច្បាស់លាស់ ទើបងាយស្រួលក្នុងការព្យាបាល ហើយការព្យាបាលអាចប្រើវិធីខុសៗគ្នាដោយផ្អែកលើមូលហេតុបង្ក៕

ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)