ឈាមជាសារធាតុរាវយ៉ាងសំខាន់សម្រាប់រាងកាយរបស់មនុស្សម្នាក់ៗ រួមមានសមាសធាតុផ្សំ៤សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត ដែលមានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយទៀតផង។
ក្នុងចំណោមសមាសធាតុផ្សំ ៤ សំខាន់ៗនៃឈាម យើងគួរតែយល់ដឹងពីសមាសធាតុផ្សំចាំបាច់របស់ឈាមចំនួន ២ ប្រភេទ គឺ កោសិកាឈាមក្រហម និងកោសិកាឈាម ស។
១. កោសិកាឈាមក្រហម
កោសិកាឈាមក្រហម ជាកោសិកាដែលសម្បូរបំផុតក្នុងឈាម ប្រមាណ ៤០-៤៥ % នៃបរិមាណឈាមសរុប។ ការផលិតកោសិកាឈាមក្រហម ត្រូវបានគ្រប់គ្រងដោយអេរីត្រូប៉ូយ៉េទីន ដែលជាអ័រម៉ូនផលិតដោយតម្រងនោម។ កោសិកាឈាមក្រហម ចាប់ផ្តើមជាកោសិកាដែលមិនទាន់ពេញវ័យនៅក្នុងខួរឆ្អឹង ហើយក្រោយមកវានឹងវិវឌ្ឍជាពេញវ័យក្នុងរយៈពេលប្រហែល ៧ ថ្ងៃបន្ទាប់ ទើបបញ្ចេញទៅក្នុងចរន្តឈាម។ កោសិកាឈាមក្រហមអាចផ្លាស់ប្តូររាងបានយ៉ាងងាយស្រួល ទៅតាមសរសៃឈាមផ្សេងៗនៅក្នុងរាងកាយ ដែលវាខុសពីកោសិកាផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ភាពបត់បែនរបស់កោសិកាឈាមក្រហម បានកំណត់ជីវិតរបស់កោសិកាផងដែរ ខណៈវាធ្វើដំណើរតាមសរសៃឈាមតូចបំផុត ធ្វើឲ្យខូចដល់ភ្នាសរបស់កោសិកា និងបំផ្លាញការផ្គត់ផ្គង់ថាមពល។ គួរបញ្ជាក់ថា កោសិកាឈាមក្រហម អាចរស់រានមានជីវិតជាមធ្យមត្រឹមតែ ១២០ ថ្ងៃ ប៉ុណ្ណោះ។
មុខងារចម្បង កោសិកាក្រហមមានផ្ទុកនូវប្រូតេអ៊ីនពិសេសមួយហៅថាអេម៉ូក្លូប៊ីន ដែលដឹកនាំអុកស៊ីសែនចេញពីសួតទៅគ្រប់ផ្នែកនៃរាងកាយ និងនាំត្រឡប់មកវិញនូវឧស្ម័នកាបូនឌីអុកស៊ីតពីរាងកាយទៅកាន់សួតវិញ ដូច្នេះវាអាចបញ្ចេញទៅក្រៅបាន។ ឈាមលេចឡើងជាពណ៌ក្រហមដោយសារតែចំនួនកោសិកាឈាមក្រហមជាច្រើន ដែលទទួលបានពណ៌ពីអេម៉ូក្លូប៊ីន។
២. កោសិកាឈាមស
កោសិកាឈាមស មានប្រហែល ១% នៃបរិមាណឈាមសរុប ដែលមានតួនាទីការពាររាងកាយរបស់អ្នកពីការឆ្លងមេរោគ។ ប្រភេទកោសិកាឈាមសទូទៅបំផុតគឺ Neutrophil ដែលជាកោសិកាឆ្លើយតបភ្លាមៗ និងមានចំនួនពី ៥៥-៧០% នៃចំនួនកោសិកាឈាមស។ Neutrophil នីមួយៗមានអាយុតិចជាងមួយថ្ងៃ ដូច្នេះខួរឆ្អឹងរបស់អ្នកត្រូវតែផលិត Neutrophil ថ្មីជានិច្ច ដើម្បីការពារការឆ្លងមេរោគ ហើយចំពោះករណីការបញ្ជូន Neutrophil ជាទូទៅមិនមានប្រសិទ្ធភាពទេ ដោយហេតុថាវាមិនមាននៅក្នុងខ្លួនយូរទេ។
ប្រភេទសំខាន់ផ្សេងទៀតនៃកោសិកាឈាមសគឺ កូនកណ្តុរ ដែលភាសាបច្ចេកទេសហៅថា Lymphocytes។ កូនកណ្តុរ ឬ Lymphocytes មានចំនួន ២ សំខាន់ៗគឺ ទី១ Lymphocytes T ជួយគ្រប់គ្រងមុខងារនៃកោសិកាភាពស៊ាំដទៃទៀត និងវាយប្រហារដោយផ្ទាល់ទៅលើកោសិកា និងដុំសាច់ ដែលមានឆ្លងរោគ។ រីឯទី ២ គឺ Lymphocytes B បង្កើតអង្គបដិបក្ខ ដែលជាប្រូតេអ៊ីនដែលផ្តោតជាពិសេសលើបាក់តេរី វីរុស និងវត្ថុនាំចូលពីក្រដទៃទៀត។
ឈាមពិតជាសំខាន់ណាស់ចំពោះជីវិតរបស់មនុស្សម្នាក់ៗ ក៏ដូចជាភាពចាំបាច់នៃកោសិកាឈាមក្រហម និងសទាំង២ប្រភេទនេះ ។ កោសិកាឈាមនេះ មិនអាចបង្កើត ឬផលិតនៅខាងក្រៅបាននោះទេ ដូច្នេះ អ្នកបរិច្ចាគឈាមសប្បុរសគឺជាប្រភពឈាមតែមួយគត់សម្រាប់អ្នកជំងឺដែលត្រូវការការបញ្ចូលឈាម៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម