ជាលិកានៃរាងកាយមួយប្រភេទរបស់មនុស្សយើង ដែលមានមុខងារជាប្រភពថាមពលដ៏សំខាន់ នោះគឺជាសាច់ដុំ។ វាពិតជាមិនអាចទៅរួចទាល់តែសោះ បើអ្នកធ្វើអ្វីមួយដោយមិនប្រើប្រាស់សាច់ដុំ។
- ប្រភេទនៃសាច់ដុំ
ជាក់ស្តែង សាច់ដុំត្រូវបានបែកចែកជា ៣ ប្រភទ រួមមាន៖
• សាច់ដុំជាប់ឆ្អឹង (Skeletal muscle)៖ សាច់ដុំមួយប្រភេទនៅជាប់ជាមួយឆ្អឹងរបស់អ្នក ដែលអាចគ្រប់គ្រង និងធ្វើចលនាបានដោយមានការបញ្ជាពីខ្លួនអ្នកផ្ទាល់ ជាឧទាហរណ៍ នៅពេលអ្នកដើរ រត់ សរសេរ និងទំពារជាដើម។
• សាច់ដុំរលោង (Smooth muscle)៖ សាច់ដុំរលោងមាននៅក្នុងសរសៃឈាម ប្រព័ន្ធរំលាយអាហារ ប្លោកនោម បំពង់ខ្យល់ និងស្បូនរបស់ស្ត្រី ដែលមានចលនាដោយឯងៗ មិនមានការបញ្ជាពីខ្លួនរបស់អ្នកនោះទេ។
• សាច់ដុំបេះដូង (Cardiac muscle)៖ ទីតាំងតែមួយគត់គឺនៅក្នុងបេះដូងរបស់អ្នក មានតួនាទីជាស្នប់សប់បញ្ជូនឈាមទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយទាំងមូល ភ្ញោចការកន្ត្រាក់បង្កើតបានជាចង្វាក់បេះដូងដោយឯងៗ។
- តួនាទីចម្បងរបស់សាច់ដុំ
ជាទូទៅ សាច់ដុំមានប្រភេទផ្សេងៗពីគ្នា និងស្ថិតនៅទីតាំងដោយឡែកពីគ្នា និងដើរតួនាទីសំខាន់ៗរួមមាន៖
• ចលនា៖ អ្នកមានដឹងទេថា ចលនារបស់អ្នករាល់ថ្ងៃដំណើរការបានដោយសារតែសាច់ដុំ។ នៅពេលសាច់ដុំចាប់ផ្តើមកន្ត្រាក់ វារួមចំណែកដល់ចលនាទាំងអស់របស់អ្នកបានយ៉ាងល្អរួមមាន នៅពេលអ្នក ដើរ រត់ ហែលទឹក និយាយ សរសេរ ឬការសម្តែងទឹកមុខមួយចំនួន ដែលត្រូវបានគ្រប់គ្រង និងបញ្ជាទាំងស្រុងដោយអ្នកផ្ទាល់។
• រក្សាលំនឹង៖ សាច់ដុំសរសៃពួរនៅនឹងសន្លាក់ រួមចំណែកក្នុងការរក្សារឲ្យសន្លាក់ឆ្អឹងមានលំនឹង ពិសេសនៅ សន្លាក់ជង្គង់ និងស្មា។ សាច់ដុំសំខាន់ៗផ្សេងទៀតគឺនៅ ពោះ ខ្នង ត្រគាក ដែលសុទ្ធតែមានមុខងាររក្សាលំនឹងរាងកាយ និងទ្រទម្ងន់ខ្លួនរបស់អ្នក។
• ឥរិយាបទ៖ សាច់ដុំជាប់ឆ្អឹងជួយរក្សារាងកាយរបស់អ្នកឲ្យស្ថិតនៅក្នុងទីតាំងមួយត្រឹមត្រូវ នៅពេលអង្គុយ ឬឈរ។ ឥរិយាបទល្អបានអាស្រ័យនឹងភាពរឹងមាំនៃសាច់ដុំដែលអាចបត់បែនតាមការបញ្ជារបស់អ្នក។ តែប្រសិនសាច់ដុំរបស់អ្នកខ្សោយ រឹង ឬតឹង នោះវានឹងរួមចំណែកជះឥទ្ធិពលធ្វើឲ្យអ្នកមានឥរិយាបទមិនល្អ និងភាពខុសប្រក្រតីនៃរាងកាយ ជាលទ្ធផល វានឹងផ្តល់ឲ្យអ្នកនូវការឈឺសន្លាក់ និងសាច់ដុំ នៅស្មា ខ្នង និងកជាដើម។
• ដំណើរការឈាមរត់៖ សាច់ដុំបេះដូងរបស់អ្នកត្រូវបានចាត់ទុកជាស្នប់សប់បញ្ជូនឈាមទៅគ្រប់កន្លែងនៃរាងកាយ។ ចលនារបស់បេះដូង គឺស្ថិតនៅក្រៅពីការគ្រប់គ្រងនៃរាងកាយ ហើយកន្ត្រាក់ដោយស្វ័យប្រវត្តិ នៅពេលមានការភ្ញោចដោយសញ្ញាអេឡិកត្រូនិក។ សាច់ដុំរលោងនៅក្នុងសរសៃអាទែរ និងវ៉ែន ដើរតួនាទីបន្តក្នុងការដឹកនាំឈាមទៅជុំវិញរាងកាយ។ សាច់ដុំនឹងត្រូវបានពង្រីកដើម្បីបង្កើនលំហូរឈាម អំឡុងពេលនៃការធ្វើលំហាត់ប្រាណខ្លាំង ដែលរាងកាយរបស់អ្នកត្រូវការអ៊ុកស៊ីសែនច្រើន។
• ការដកដង្ហើម៖ ដំណកដង្ហើមរបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងសាច់ដុំសន្ទះទ្រូង ដែលមានទីតាំងក្រោមសួត។ នៅពេលសន្ទះទ្រូងកន្ត្រាក់ចុះក្រោម ធ្វើឲ្យទ្រូងចាប់ផ្តើមរីកធំ បន្ទាប់មកសួតត្រូវបានពេញដោយខ្យល់ ហើយនៅពេលសាច់ដុំសន្ទះទ្រូងសម្រាក ឬមិនកន្ត្រាក់ វាបញ្ចេញខ្យល់ចេញពីសួត។
• ការរំលាយអាហារ៖ សាច់ដុំរលោងនៅក្នុងប្រព័ន្ធរំលាយអាហារគ្រប់គ្រងការរំលាយអាហារ ចាប់ពីមាត់រហូតដល់រន្ធគូថ។ សាច់ដុំនៅតាមជញ្ជាំងនៃសរីរាង្គប្រហោង កន្ត្រាក់ និងសម្រាក ធ្វើឲ្យអាហារអាចរុញតាមបំពង់អាហារទៅកាន់ក្រពះបាន។ សាច់ដុំខាងលើសម្រាកដើម្បីឲ្យអាហារចូល ខណៈពេលដែលសាច់ដុំខាងក្រោមលាយភាគល្អិតនៃអាហារជាមួយអាស៊ីតក្រពះ និងអង់ស៊ីម។ ការរំលាយអាហារចាប់ពីក្រពះទៅពោះវៀនដោយចលនា peristalsis រហូតអាហារត្រូវបញ្ជូនចេញពីរាងកាយ ក្រោមទម្រង់ជាលាមក។
• ការបត់ជើងតូច៖ ប្រព័ន្ធទឹកនោមរួមផ្សំទាំងសាច់ដុំរលោង និងសាច់ដុំជាប់ឆ្អឹងនៅក្នុង ប្លោកនោម តម្រងនោម បង្ហួរនោម និងក្រពេញប្រូស្តាត ដែលសាច់ដុំ និងសរសៃប្រសាទត្រូវធ្វើការរួមគ្នាដើម្បីទប់ និងបញ្ចេញទឹកនោមពីប្លោកនោម។ ដូច្នេះ រាល់បញ្ហាលើប្រព័ន្ធទឹកនោម គឺដោយសារតែការខូចខាតនៃសរសៃប្រសាទដែលនាំសញ្ញាទៅកាន់សាច់ដុំនៃប្រព័ន្ធទឹកនោម។
• ការសម្រាលកូន៖ សាច់ដុំរលោងនៅក្នុងស្បូនស្ត្រីកន្ត្រាក់ដើម្បីពង្រីក អំឡុងពេលសម្រាលបុត្រ ដែលរុញទារកតាមទ្វាមាស ដូចគ្នាទៅនឹងសាច់ដុំនៅអាងត្រគាកដែលជួយឲ្យក្បាលរបស់ទារកចុះតាមទ្វាមាស។
• គំហើញ៖ សាច់ដុំជាប់ឆ្អឹងចំនួន៦ជុំវិញភ្នែករបស់អ្នកគ្រប់គ្រងចលនានៃភ្នែក ដែលវាដំណើរការយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ធ្វើឲ្យភ្នែកអាចរក្សាស្ថេរភាពរូបភាព ស្កែនតំបន់ជុំវិញដែលអ្នកអាចមើលឃើញ និងតាមដានចលនារបស់វត្ថុនានា។
• រក្សាសីតុណ្ហភាព៖ ការរក្សាសីតុណ្ហភាពរាងកាយគឺជាមុខងារសំខាន់មួយរបស់សាច់ដុំ ដែលស្ទើរតែ៨៥% នៃកម្តៅរាងកាយបានមកពីការកន្ត្រាក់របស់សាច់ដុំ។ នៅពេលកម្តៅរាងកាយធ្លាក់ចុះខុសធម្មតា សាច់ដុំជាប់ឆ្អឹងបង្កើនសកម្មភាពដើម្បីបង្កើតកម្តៅ ហើយការញ័រខ្លួនជាឧទាហរមួយនៃយន្តការរក្សាកម្តៅ។
ទាំងអស់នេះជាគុណប្រយោជន៍នៃតួនាទីដ៏អស្ចារ្យរបស់សាច់ដុំ ដែលអ្នកស្ទើរប្រើប្រាស់រាល់វិនាទី ដូច្នេះ ប្រសិនបើដំណើរការណាមួយត្រូវបានរំខាន វាអាចប្រហែលមានផលប៉ះពាលលើសាច់ដុំ៕
- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)