ជាធម្មតា ជាតិអាស៊ីតក្នុងក្រពះច្រាល់ឡើងមកបំពង់អាហារក្នុងរយៈពេលខ្លី ប្រហែលជា ៦ ទៅ ៧ ដងក្នុងមួយថ្ងៃ តែបើជាតិអាស៊ីតច្រាល់ឡើងមកច្រើនជាងនេះ គឺជាសញ្ញាប្រាប់ថា អ្នកកំពុងតែកើតជំងឺច្រាល់ឡើងជាតិអាស៊ីត។
១. និយមន័យ
ក្នុងលក្ខខណ្ឌមួយដែលសាច់ដុំធូរ ដែលសាច់ដុំមួយប្រភេទនេះមានមុខងារពិសេសក្នុងការបិទភ្ជិតរវាងបំពង់អាហារ និងក្រពះ ដើម្បីកុំឱ្យអាស៊ីតក្នុងក្រពះច្រាល់ចេញមកក្រៅបាន វានឹងបណ្ដាលឱ្យជាតិអាស៊ីតក្នុងក្រពះ ហូរចូលទៅក្នុងបំពង់អាហារច្រើនខុសប្រក្រតី បង្កទៅជាជំងឺមួយប្រភេទហៅថា «ច្រាល់ជាតិអាស៊ីត»។
២. មូលហេតុបង្ក
មូលហេតុដែលធ្វើឱ្យសាច់ដុំធូរ អាចបណ្ដាលមកពីកត្តាអាយុច្រើនចាប់ពី ៤០ ឆ្នាំ ការទទួលទានជាតិកាហ្វេ និងផឹកស្រាច្រើន និងការប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំសម្រាប់អ្នកជំងឺលើសឈាម និងថ្នាំផ្សេងៗជាដើម។
៣. រោគសញ្ញា
រោគសញ្ញា ច្បាស់លាស់ ដែលអាចបញ្ជាក់ថា អ្នកកំពុងតែកើតជំងឺច្រាល់ជាតិអាស៊ីត គឺ ភើមកមានក្លិនជូរដូចទឹកខ្មេះ និងមានសភាពក្តៅពីចុងដង្ហើមមកដល់បំពង់ក។ ទន្ទឹមនឹងនេះដែរ ក៏លេចចេញនូវរោគសញ្ញាពុំសូវច្បាស់លាស់ផ្សេងៗទៀតផងដែរ ដូចជា ចុកឆ្អល់ពោះ មានអារម្មណ៍ថាក្រពះរំលាយអាហារមិនបានល្អ តឹងពោះក្រោយពេលទទួលទានចំណីអាហារ មានអាការក្រហាយពោះ និងអាចមានស្លេស្ម៍នៅជាប់នឹងបំពង់កជាដើម។
៤. ធ្វើរោគវិនិច្ឆ័យ
ជាធម្មតា ការធ្វើរោគវិនិច្ឆ័យពិនិត្យរកមើលជំងឺច្រាល់ឡើងជាតិអាស៊ីត ធ្វើឡើងបន្ទាប់ពីអ្នកជំងឺចេញនូវរោគសញ្ញាច្បាស់លាស់។ ដោយឡែក ក្នុងករណីដែលរោគសញ្ញាពុំសូវច្បាស់លាស់ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យអ្នកជំងឺបាន ដោយផ្អែកលើអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ និងប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ ឬកើតបញ្ហាទាក់ទងនឹងក្រពះពោះវៀនជាដើម។
៥. ផលវិបាក
ផលវិបាកដែលបណ្ដាលមកពីការច្រាល់ឡើងជាតិអាស៊ីត រួមមាន គេងមិនលក់ គេងពិបាកដកដង្ហើម ឈ្លក់ ក្អក ក្តៅក្រហល់ក្រហាយពីដើមទ្រូងរហូតដល់បំពង់ក អាចមានស្លេស្ម៍នៅនឹងបំពង់កជាដើម។ ក្នុងករណីដែលការព្យាបាលយឺតយ៉ាវ ជំងឺនេះនឹងបង្កឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរ ដោយចាប់ផ្ដើមពីការរលាកបំពង់អាហារ ទៅជាមហារីកបំពង់អាហារ។
៦. ការព្យាបាល
ការព្យាបាលជំងឺច្រាល់ឡើងជាតិអាស៊ីត មិនគួរបង្អង់ទុកយូរដែលនាំឱ្យជំងឺកាន់តែធ្ងន់ធ្ងរនោះទេ ផ្ទុយទៅវិញ បន្ទាប់ពីសង្ស័យថាខ្លួនកើតជំងឺនេះ សូមប្រញាប់រុះរាន់មកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាសះស្បើយទាន់ពេលវេលា។
៧. ដំបូន្មាន និងវិធីបង្ការ
ដើម្បីបង្ការខ្លួនពីជំងឺច្រាល់ឡើងជាតិអាស៊ីត អ្នកអាចអនុវត្តតាមការណែនាំខាងក្រោមនេះ៖
- ការពារកុំឱ្យឡើងទម្ងន់ ឬធាត់ ឬបញ្ចុះទម្ងន់ប្រសិនបើអ្នកធាត់
- បរិភោគចំណីអាហារក្នុងបរិមាណតិចតួចនៅពេលយប់
- បន្ថយការទទួលទានសាច់ និងបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន
- បញ្ឈប់ការពិសាស្រា និងបារី ព្រមទាំងកាត់បន្ថយកាហ្វេ
- សូមពិសាអាហារពេលល្ងាច ឱ្យបាន៤ម៉ោងមុនពេលចូលគេង
- រាល់ការប្រើប្រាស់ឱសថពេទ្យ គួរប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ ព្រោះឱសថខ្លះជះឥទ្ធិពលធ្វើឱ្យកើនជាតិអាស៊ីតក្នុងក្រពះ
- ហាត់ប្រាណជាប្រចាំ ដើម្បីបញ្ចេញជាតិពុល និងការពារការឡើងជាតិអាស៊ីត
- គេងដាក់ខ្នើយឱ្យខ្ពស់ជាងដងខ្លួនប្រមាណ ៣០ សង់ទីម៉ែត្រ
- បង្កើនការផឹកទឹកឱ្យបានច្រើន ព្រោះជាតិទឹកជួយបន្ថយកម្រិតជាតិអាស៊ីតក្នុងក្រពះដែលច្រាល់ឡើងមកបំពង់អាហារ និងយល់ល្អ អ្នកគួរតែផឹកទឹកនៅពេលពោះទទេរបន្ទាប់ពីក្រោកពីគេង ប្រមាណជា ១ ទៅ ២ កែវ ព្រោះនៅពេលដែលយើងគេងយប់ឡើង ជាតិអាស៊ីតក្នុងក្រពះឡើងមកច្រើន៕
- ស្រាវជ្រាវ និងកែសម្រាលដោយ៖ សុខក្រម (Sokhakrom)