(+855) 11 909 020 / 69 909 011

ទម្លាប់ល្អ និងអាក្រក់សម្រាប់យើងគ្រប់គ្នាបន្ទាប់ពីក្រោកពីគេង 

ជាទូទៅ មនុស្សគ្រប់រូបសុទ្ធតែមានទម្លាប់ខុសៗគ្នា បន្ទាប់ពីក្រោកពីគេង តែយ៉ាងណាមិញ ក៏មានដំបូន្មានល្អៗមួយចំនួន ដែលគួរតែធ្វើ និងមិនគួរធ្វើក្រោយក្រោកពីគេង ដើម្បីសុខភាព អារម្មណ៍ និងមិនធ្វើឱ្យយើងងងុយគេង។ 
 
ជាការពិតណាស់ ទម្លាប់ខ្លះបើអ្នកធ្វើវានាពេលព្រឹកព្រលឹមបន្ទាប់ពីក្រោកពីគេង វានឹងជំនួយដល់សុខភាព ធ្វើឱ្យខួរក្បាលរហ័សរហួន និងអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារ។ ដោយឡែក ទម្លាប់ខ្លះវិញ ប្រសិនបើយើងធ្វើវាបន្ទាប់ពីក្រោកពីគេង វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ធ្វើឱ្យរាងកាយអសកម្ម កើតស្រ្តេសពេញមួយថ្ងៃ (អារម្មណ៍មិនស្រឡះ ធ្វើការអ្វីក៏មិនបានដូចចិត្តខ្លួនប៉ង)។  

ខាងក្រោមនេះជាការបញ្ជាក់ជូន៖ 

១. ក្រោកពីគេងគួរធ្វើទម្លាប់ល្អទាំងនេះ

- ពត់ខ្លួន និងស្ងាប ដើម្បីឱ្យរាងកាយសកម្មឡើងវិញ  
- បង្កើតទម្លាប់រហ័សរហួសដល់ខ្លួនក្បាល ដូចជា ក្រោកពីគេងភ្លាម ព្យាយាមគិតពីអ្វីៗដែលអ្នកត្រូវធ្វើក្នុងថ្ងៃនេះ 
- ក្រោកពីគេង គួរតែផឹកទឹកឱ្យបានមួយកែវ ពីរកែវ ឬកន្លះលីត្ររឹតតែប្រសើរ 
- ដើរទៅរកទីកន្លែងដែលមានបរិយាកាសល្អ ដើម្បីស្រូបយកខ្យល់បរិសុទ្ធនាពេលព្រឹកព្រលឹម 
- ងូតទឹកត្រជាក់ ព្រោះវាធ្វើឱ្យចរនឈាមដើរស្រួលក្នុងរាងកាយ 
- ស្ដាប់តន្រ្តី ឬអានសៀវភៅ ដើម្បីដាស់ខួរក្បាលឱ្យដំណើរការឡើងវិញ បន្ទាប់ពីសម្រាក (គេង) អស់រយៈពេលជាច្រើនម៉ោង 
- ទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ និងផឹកភេសជ្ជៈដើម្បីបង្កើនថាមពលដល់រាងកាយ និងបង្កើនការចងចាំដល់ខួរក្បាល

២. ក្រោកពីគេងមិនគួរធ្វើទម្លាប់ទាំងនេះ

- ងើបឡើងស្ទុះវឹងចេញពីគ្រែ ដោយមិនបានពត់ខ្លួនជាមុន អាចធ្វើប៉ះពាល់ដល់សរសៃ ដូចជាជាប់សរសៃ ឬធ្ងន់ធ្ងរអាចដាច់សរសៃ 
- ក្រោកពីគេងទទួលទានកាហ្វេភ្លាមៗ 
- ឆែកមើលទូរស័ព្ទមុនពេលក្រោកចេញពីលើគ្រែ 
- មិនផឹកទឹកឱ្យបានគ្រប់គ្រាន់  
- ទទួល​ទាន​អាហារ​ពេល​ព្រឹកដែល​មាន​ជាតិ​​កាបូអ៊ីដ្រាត​ខ្ពស់ 
- ទោះបីជារដូវក្ដៅ ឬត្រជាក់យ៉ាងណា បើងូតទឹកក្ដៅពេលព្រឹក វានឹងប៉ះបាល់ដល់ចរន្តឈាម អារម្មណ៍មិនស្រស់ស្រាយ និងឆាប់ស្រ្តេស 

- ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)