ការថតអេកូ គឺជារឿងសំខាន់ណាស់ចំពោះស្រ្តីដែលមានផ្ទៃពោះគ្រប់រូប។ ជាក់ស្ដែង គ្រូពេទ្យផ្នែកសម្ភព បានណែនាំឱ្យស្រ្តីមានផ្ទៃពោះទាំងអស់ អញ្ជើញមកពិនិ្យតសុខភាព និងថតអេកូ ឱ្យបានទៀងទាត់ គឺដើម្បីទទួលបានព័ត៌មានមួយចំនួនទាក់ទងនឹងការលូតលាស់របស់គភ៌ និងសុខភាពរបស់ម្ដាយ។
ខាងក្រោមនេះជាហេតុផលដែលស្រ្តីមានផ្ទៃពោះដែលចាំបាត់ត្រូវតែថតអេកូ ដូចជា៖
- តាមដានការលូតលាស់សរីរាង្គរបស់ទារក (ខួរក្បាល ដៃ ជើង និងរចនាសម្ព័ន្ធឆ្អឹង)
- កម្ពស់កូន
- ទំហំកូន
- ទឹកភ្លោះ
- ចំនួនទារកក្នុងផ្ទៃ (កូនទោល ឬ កូនភ្លោះ)
- ដើម្បីឱ្យដឹងថា គភ៌មានភេទជាប្រុស ឬស្រ្តី
- ពិនិត្យមើលសុកស្ថិតនៅទីតាំងមានសុវត្តិភាពដែរឬអត់
- ពិនិត្យមើលបញ្ហាដែលកើតឡើងចំពោះស្បូន ដៃស្បូន ឬអូវែរបស់ម្ដាយ
- ប៉ាន់ស្មានទាក់ទងនឹងកាលបរិច្ឆេតសម្រាលកូន
គ្រូពេទ្យ អាចនឹងស្នើស្រ្តីមានផ្ទៃពោះថតអេកូម្ដងទៀត ដើម្បីតាមដានព័ត៌មានមួយចំនួន ដូចជា៖
- ដំណេករបស់គភ៌
- ទីតាំងរបស់សុកក្នុងស្បូន
- ការលូតលាស់ និងសុខុមាលភាពរបស់គភ៌
- កំណត់ផលវិបាករបស់គភ៌ក្នុងករណីកូនភ្លោះ
- បញ្ហា ឬភាពមិនប្រក្រតីរបស់ហ្សែនដោយប្រការណាមួយ ដែលអាចប៉ះពាល់ដល់គភ៌
សូមបញ្ជាក់ថា ចំពោះថ្ងៃកំណត់ថតអេកូ ស្រ្តីពរពោះ គួរតែពិនិត្យជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ និងច្បាស់លាស់។ ចំពោះស្រ្តីមានផ្ទៃពោះដែលមានសុខភាពល្អ ការថតអេកូ អាចធ្វើឡើងត្រឹមតែ ២ ទៅ ៣ ដងប៉ុណ្ណោះ។ តែចំពោះ ស្រ្តីមានផ្ទៃពោះ ដែលមានជំងឺក្នុងខ្លួន ដូចជា ទឹកនោមផ្អែម ឬលើសសម្ពាធឈាម គួរតែថតអេកូ និងពិនិត្យសុខភាពឱ្យបានញឹកញាប់៕
-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម-Sokhakrom