(+855) 11 909 020 / 69 909 011

ជំងឺគ្រុនឈាមលើកុមារដែលអ្នកមិនគួរមើលរំលង

បើទោះបីជា ការយល់ដឹងអំពីជំងឺគ្រុនឈាមត្រូវបានផ្សព្វផ្សាយទូលាយយ៉ាងណាក៏ដោយ គេនៅតែសង្កេតឃើញថាអត្រាក្មេងកើតជំងឺគ្រុនឈាមនៅតែមានជាបន្តបន្ទាប់។ ជាក់ស្តែងនៅដើមឆ្នាំ ២០១៩ នេះ ហាក់មានកំណើនកើនឡើង រហូតក្រសួងសុខាភិបាលប្រកាសឱ្យមានការប្រុងប្រយ័ត្នទ្វេដង។ ដូចនេះហើយទើបអ្នកចាំបាច់ត្រូបង្កើនការស្វែងយល់អំពីជំងឺនេះបន្ថែមទៀតឱ្យបានកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។

តាមរយៈអត្ថបទខាងក្រោមនេះ អ្នកនឹងអាចកាត់បន្ថយហានិភ័យនៃជំងឺគ្រុនឈាមដែលតែងកើតមានលើក្មេង ពិសេសគឺសញ្ញាដែលជួយអ្នកមិនឱ្យបង្អង់ក្នុងការនាំពួកគេទៅកាន់មន្ទីរពេទ្យ។

១. អ្វីជាជំងឺគ្រុនឈាម?

ជំងឺគ្រុនឈាម គឺជាជំងឺឆ្លងមួយប្រភេទបង្កឡើងដោយវីរុសដាំង ចម្លងចូលតាមរយៈមូសខ្លាញីមានផ្ទុកវីរុស គឺAedes aegypti និងAedes albupictum។ ជំងឺគ្រុនឈាមមាន៤ប្រភេទ (4 serotypes) រួមមាន DEN-1, DEN-2, DEN-3, DEN-4។

នៅពេលដែលមូសខ្លាញីខាំអ្នកជំងឺដែលមានផ្ទុកនូវវីរុសដាំង វាក្លាយជាអ្នកផ្ទុក នៅពេលវាទៅខាំមនុស្សណាម្នាក់ផ្សេងទៀតនោះ គាត់នឹងឆ្លងជំងឺគ្រុនឈាម។ គួរបញ្ជាក់ថា វីរុសមិនអាចឆ្លងដោយផ្ទាល់ពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានទេ។

២. អាការៈណាខ្លះបង្ហាញថាក្មេងគ្រុនឈាម?

ជាទូទៅ កុមារចេញរោគសញ្ញានៃជំងឺគ្រុនឈាម ២ថ្ងៃទៅ៣ថ្ងៃបន្ទាប់ពីក្មេងត្រូវបានមូសខ្លាញីមានផ្ទុកវីរុសដាំងខាំ។ ពួកគេអាចនឹងចាប់ផ្តើមចេញសញ្ញាទូទៅមួយចំនួន ដែលប្រហាក់ប្រហែលនឹងការបង្ករោគដោយវីរុសផ្សេង ឬផ្តាសាយខ្លះ រួមមាន៖
• គ្រុនក្តៅពី ៣៩ ដល់ ៤០ អង្សាសេ និងឈឺក្បាលធ្ងន់ធ្ងរ
• មុខក្រហម ឈឺប្រឡង់ភ្នែក ឈឺសន្លាក់ដែជើង ឈឺសាច់ដុំ និងឆ្អឹង
• ឡើងកន្ទួលលើខ្លួន ចេញឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ និងមានជាំលើស្បែក។

ក្នុងករណីគ្រោះថ្នាក់ ក្មេងអាចលេចចេញនូវសញ្ញាផ្សេងទៀតដូចជា ចង្អោរ ក្អួត ឬឈឺពោះខ្លាំង ពិបាកក្នុងការដកដង្ហើម កង្វះជាតិទឹក ការហូរឈាមធ្ងន់ធ្ងរ និងការធ្លាក់ចុះនូវសម្ពាធឈាម ដែលក្មេងត្រូវធ្វើការព្យាបាលឱ្យបានឆាប់រហ័សនៅមន្ទីរពេទ្យ។

៣. ការធ្វើរោគវិនិច្ឆ័យ

ក្នុងករណីដែល កូនរបស់អ្នកទើបតែត្រឡប់ពីតំបន់ដែលមានជំងឺគ្រុនឈាម និងលេចចេញនូវរោគសញ្ញាណាមួយខាងលើ សូមនាំកូនរបស់អ្នកទៅមន្ទីរពេទ្យឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។ គ្រូពេទ្យនឹងចាប់ផ្ដើមធ្វើរោគវិនិច្ឆ័យ​ ដោយវាតម្លៃប្រវត្តិការប្រើថ្នាំ ប្រវត្តិការធ្វើដំណើរ និងការត្រួតពិនិត្យឈាម ដើម្បីបញ្ជាក់ថា ជាគ្រុនឈាម ឬយ៉ាងណា។ 

៤. ការព្យាបាលជំងឺគ្រុនឈាមលើកុមារ 

បើទោះបីជា ពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ក្មេងដែលមានជំងឺគ្រុនឈាមក្ដី តែគ្រូពេទ្យអាចនឹងព្យាបាលទៅតាមរោគសញ្ញារបស់ក្មេង៖ 
• បើកុមារកើតជំងឺគ្រុនឈាមក្នុងករណីមធ្យម គ្រូពេទ្យនឹងបន្ថែមជាតិទឹកដើម្បីការពារការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ និងឱ្យក្មេងសម្រាកឱ្យបានច្រើន។
• បន្ថយការឈឺចាប់ និងអាការៈឈឺក្បាលដោយប៉ារ៉ាសេតាមុល និងត្រូវហាមឃាត់ការប្រើថ្នាំអាស្ពីរីន(Aspirin) និង អ៊ីប៊ុយប្រូហ្វែន (ibuprofen) ដាច់ខាតក្នុងករណីនេះ ព្រោះវាអាចបង្កើននូវការហូរឈាមកាន់តែធ្ងន់ធ្ងរ។ 
• ករណីក្មេងមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ គ្រូពេទ្យនឹងព្យាបាលដោយការព្យួរសឺរ៉ូមដើម្បីបង្គ្រប់ជាតិទឹក និងអេឡេចត្រូលីតដែលបានបាត់បង់ និងពេលខ្លះរហូតដល់មានការបញ្ជូលឈាមបន្ថែម។ 

៥. វិធីបង្ការគ្រុនឈាមដោយសុវត្ថិភាព

វិធីបង្ការជំងឺគ្រុនឈាមដ៏ប្រសើរបំផុតសម្រាប់ក្មេង គឺធ្វើយ៉ាងណាកុំឱ្យមូលខ្លាញីដែលមានផ្ទុកវីរុសដាំងខាំដោយ៖

• រាល់បង្អួច/ទ្វាផ្ទះរបស់អ្នកត្រូវបិតកញ្ចក់ ឬសំណាច់ដើម្បីកុំឱ្យមូសអាចចូលបាន
• ឱ្យកូនរបស់អ្នកស្លៀកពាក់ខោអាវវែងៗ ពេលពួកគេចេញក្រៅ ឬគេង
• ប្រើប្រាស់ឡេ ឬស្ព្រៃយន៍ការពារមូលឱ្យកូនៗរបស់អ្នក
• កំណត់រយៈពេលដែលកូនរបស់អ្នកលេងខាងក្រៅពិសេសពេលព្រឹក និងពេលល្ងាច ដែលជាពេលមូលខ្លាញីចេញ
• បំបាត់ជំរកមូស ដង្កូវទឹក និងបំផ្លាញកន្លែងដែលអាចដក់ទឹកបានដូចជា ពាងទឹក អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ដោយផ្លាស់ប្តូរទឹក ឬសម្អាតហោចណាស់រាល់១សប្តាហ៍ម្តង
• គ្របពាងទឹកឱ្យបានជិតល្អជាប្រចាំ និងសហការណ៍ជាមួយបណ្តាញសុខាភិបាលដើម្បីដាក់ថ្នាំអាបែត សម្លាប់ដង្កូវទឹក ឬចិញ្ជឹមកូនត្រីប្រាំពីរពណ៌ឱ្យស៊ីដង្កូវទឹក
• សម្បកកង់ឡាន ម៉ូតូ កំប៉ុង ត្រឡោក ឬវត្ថុដក់ទឹកផ្សេងទៀត ត្រូវកប់ ដុតកម្ទេចចោល ឬផ្កាប់កុំឱ្យមានដក់ទឹកបាន។

គួរបញ្ជាក់ថា ក្មេងដែលធ្លាប់បានកើតជំងឺគ្រុនឈាមរួច និងមានអង់ទីករការពារចំពោះប្រភេទវីរុសដែលបានបង្ក ប៉ុន្តែក្មេងនៅតែអាចមានឱកាសក្នុងការកើតប្រភេទ ៣ ផ្សេងទៀត។ ដូច្នេះ ត្រូវនាំកូនរបស់អ្នកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអ្នក និងឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន មិនឱ្យលើសពី ៧២ ម៉ោង បន្ទាប់ពីក្មេងចេញសញ្ញាក្តៅខ្លួន៕ 

-ស្រាវជ្រាវ និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)