អ្នកអាចធ្លាប់ប្រទះជាមួយការកើតពងបែកតូចៗលើខ្លួនកូនរបស់អ្នក ប៉ុន្តែអ្នកមិនអាចដឹងថាវាជាជំងឺពងបែកដៃ ជើង មាត់ (Hand-foot-and mouth disease) នោះទេ។ អ្នកក៏ប្រហែលជាអាចនឹងច្រឡំជាមួយការកើតកញ្ជ្រឹល ឬស្អូច ដែលពេលខ្លះ ទាល់តែគ្រូពេទ្យទើបអាចសន្មត់បាន។
តើអ្វីជាជំងឺពងបែកដៃ ជើង និងមាត់លើកុមារ វាស្តែងឡើងដូចម្តេច? តើពួកគេត្រូវព្យាបាលបែបណា ហើយមានផលប៉ះពាល់ធ្ងន់ធ្ងរឬទេ? ធ្វើដូចម្តេចទើបអ្នកអាចការពារកូនតូចលោកអ្នកបាន?
១. និយមន័យ
ជំងឺពងបែកដៃ ជើង និងមាត់លើកុមារ ជាជំងឺឆ្លងបង្កឡើងភាគច្រើនដោយវីរុសមួយប្រភេទហៅថា coxsackievirus។ វាត្រូវបានសម្គាល់ឃើញកើតលើក្មេងតូចៗក្រោម១០ឆ្នាំ និងពិសេសក្មេងក្រោម ៥ ឆ្នាំ។
២. ការចម្លង
កូនរបស់អ្នកអាចឆ្លងជំងឺពងបែកដៃ ជើង និងមាត់ នៅពេលពួកគេប៉ះផ្ទាល់ជាមួយសម្បោរ ស្លេស្ម ទឹកមាត់ក្មេងផ្សេងទៀតដែលកំពុងមានជំងឺ ទឹកថ្លាចេញពីពងបែក លាមក និងដំណក់ទឹកពីដំណកដង្ហើមពេលក្អក ឬកណ្តាស់ របស់អ្នកជំងឺ។
៣. .អាការរោគ និងការវិវឌ្ឍន៍
បន្ទាប់ពីក្មេងឆ្លងវីរុស រោគសញ្ញានឹងចាប់ផ្ដើមលេចចេញឡើង ដូចជា៖
• ក្តៅខ្លួន ឈឺបំពង់ក មិនស្រួលខ្លួន (ក្មេងមិនសូវលេងច្រើន)
• កន្ទួលក្រហមដូចរលាកលើអណ្តាត អញ្ចាញ និងពេញក្នុងមាត់
• កន្ទួលក្រហមតែមិនរមាស់ពេញខ្លួន ហើយក្តាំងនៅបាតដៃ បាតជើង និងក្នុងមាត់
• បាត់បង់ចំណង់ក្នុងការញ៉ាំអាហារ។
រយៈពេលពី៣ទៅ៦ថ្ងៃបន្ទាប់ពីក្មេងឆ្លង ពួកគេនឹងចេញរោគសញ្ញា ក្តៅខ្លួន រួមជាមួយអាការឈឺបំពង់ក ពេលខ្លះអ្នកហាក់សម្គាល់ឃើញថាកូនអ្នកមិនញ៉ាំបាយ និងមើលទៅមិនស្រួលខ្លួន។ មួយថ្ងៃ ឬពីរថ្ងៃបន្ទាប់ពីគ្រុនក្តៅបានចាប់ផ្តើម កូនរបស់អ្នកឈឺចាប់ក្នុងមាត់បន្ថែមពីការឈឺបំពង់ក។ កន្ទួលលើដៃ និងជើង ក៏ដូចជាបាតដៃ បាតជើង នឹងកើតមានក្នុងមួយទៅពីរថ្ងៃបន្ទាប់ទៀត។
៤. ការព្យាបាល និងផលវិបាក
ត្រឹមអាយុ និងរោគសញ្ញារបស់កុមារអាចឲ្យគ្រូពេទ្យវិនិច្ឆ័យបានថាកូនរបស់អ្នកកំពុងប្រឈមនឹងជំងឺពងបែកដៃ ជើង និងមាត់។ ជំងឺនេះគ្មានការព្យាបាលជាក់លាកនោះទេ សញ្ញាដែលកើតមាននឹងបាត់ទៅវិញក្នុងរយៈពេលពីមួយសប្តាហ៍ ទៅដប់ថ្ងៃ។ រីឯការព្យាបាលគ្រូពេទ្យនឹងផ្តល់ថ្នាំតាមរោគសញ្ញារបស់កូនអ្នក រួមមាន ប្រភេទថ្នាំលាបបំបាត់ការឈឺចាប់ក្នុងមាត់ ថ្នាំលេបបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅជាទូទៅផ្សេងទៀត។
ផលវិបាកដែលអាចកើតមានករណីកូនរបស់អ្នកមានជំងឺពងបែកដៃ ជើង និងមាត់នេះគឺ ការខ្សោះជាតិទឹក។ ម៉្យាងទៀត កូនរបស់អ្នកឈឺបំពង់ក និងមាត់ដែលធ្វើឲ្យពួកគេឈឺ និងពិបាកពេលលេប។ ដូច្នេះ អ្នកត្រូវតាមដានឲ្យបានដិតដល់ ហើយត្រូវប្រាកដថាពួកគេញ៉ាំទឹកបានគ្រប់គ្រាន់។ ប្រសិន ការបាត់បង់ជាតិទឹកមានលក្ខណៈធ្ងន់ធ្ងរ គ្រូពេទ្យនឹងធ្វើការបង្គ្រប់ជាតិទឹកតាមសរសៃវ៉ែន។ ករណីកម្រនៃជំងឺពងបែកដៃ ជើង និងមាត់ អាចធ្វើឲ្យក្មេងរលាកស្រោមខួរក្បាល និងរលាកខួរក្បាលដោយសារវីរុសថែមទៀតផង។
៥. វិធីសាស្ត្រការពារកូនរបស់អ្នក
វិធីសាស្ត្រមួយចំនួនខាងក្រោមអាចធ្វើការការពារកូនរបស់អ្នក បន្ថយហានិភ័យនៃជំងឺពងបែកនេះបាន៖
• លាងសម្អាតដៃរបស់អ្នកដោយប្រុងប្រយ័ត្ន បន្ទាប់ពីចេញពីបន្ទប់ទឹក/បង្គន់ ប្តូរកន្ទបកូនអ្នក និងមុនពេលញ៉ាំអាហារ
• សម្អាតកន្លែងដែលកូនរបស់អ្នកតែងលេងជាមួយសាប៊ូដុំ និងទឹក បន្ទាប់មកជាមួយសូលុយស្យុង ក្លរ និងទឹកបន្ថែម
• លាងសម្ភារៈលេងរបស់កូនអ្នកជាប្រចាំ ទោះបីពួកគេលេងវាម្នាក់ឯង ឬលេងជាមួយក្មេងៗដ៏ទៃទៀតក៏ដោយ
• បង្រៀនពួកគេអំពីការរក្សាអនាម័យ របៀបលាងដៃ ការមិនយកដៃ ឬរបស់លេងដាក់ក្នុងមាត់ ដោយប្រាប់ហេតុផលដល់ពួកគេ
• រក្សាកូនរបស់អ្នកពីក្មេងដ៏ទៃទៀតបើកូនអ្នកឈឺ ដោយឲ្យពួកគេសម្រាកនៅផ្ទះ មិនទាន់ឲ្យទៅសាលារៀនរហូតពួកគេជាសះស្បើយ។
ជំងឺពងបែកដៃ ជើង និងមាត់លើកុមារ មានលក្ខណៈស្រាល និងកើតមានត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ រួមជាមួយរោគសញ្ញាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែបើកូនអ្នកហាក់មានអាការឈឺកខ្លាំងសូម្បីតែញ៉ាំទឹក ត្រូវនាំកូនរបស់អ្នកទៅជួបគ្រូពេទ្យវិញជាបន្ទាន់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)