(+855) 11 909 020 / 69 909 011

ប្រយ័ត្នជំងឺផ្លូវដង្ហើមទាំង៥ ដែលកូនតូចៗរបស់អ្នកងាយកើតបំផុត

ផ្លូវដង្ហើមជាផ្នែកមួយដ៏សំខាន់ទាមទារឱ្យឪពុកម្តាយយកចិត្តទុកដាក់ចំពោះកូនតូចៗ ដោយសារប្រព័ន្ធការពាររាងកាយរបស់ពួកគេនៅមានកម្រិត និងសរីរាងសួតងាយទទួលរងនូវផលប៉ះពាល់បើស្ថិតក្នុងបរិយាកាសដែលមានការបំពុល។

ចំណោមបញ្ហាផ្លូវដង្ហើមជាច្រើន មាន៥ប្រភេទ ដែលហាក់សង្កេតឃើញថាកើតមានញឹកញាប់ និងអាចបង្កគ្រោះថា្នក់ដល់ក្មេង បើមិនបានព្យាបាលឱ្យទាន់ពេល ដែលរួមមាន៖

១. ជំងឺហឺត៖ ហឺតត្រូវបានសម្គាល់ថាជាមូលហេតុទី១ដែលក្មេងប្រឈមខ្ពស់ជាងគេ។ ជំងឺហឺតនេះផងដែរ ជាប្រភេទជំងឺដែលមានការរលាកលើសួតរ៉ាំរ៉ៃធ្វើឱ្យផ្លូវដង្ហើមកូនអ្នកតឹង និងចង្អៀត មិនអាចឱ្យខ្យល់ចូលបាន បង្កជាការឮសម្លេងដង្ហើម និងពិបាកដកដង្ហើម ដែលតម្រូវឱ្យមានការព្យាបាលមួយជីវិត។ ជាញឹកញាប់វាបង្កឡើងដោយសារធាតុធ្វើឱ្យមានការរលាកក្នុងខ្យល់ដូចជាផ្សែងបារី លម្អងផ្កា ឬធូលីដីជាដើម។ 

២. ជំងឺរលាកទងសួត៖ វាជាការរលាកទងសួតតូចៗ ដោយស្តែងចេញជាអាការ ក្តៅខ្លួន ក្អក ដកដង្ហើមឮសូរសម្លេង និងការពិបាកក្នុងការដកដង្ហើមខ្លាំង។ ភាគច្រើនវាបង្កឡើងដោយវីរុសមួយប្រភេទហៅថា respiratory syncytial virus (RSV) និងកើតញឹកញាប់លើក្មេងអាយុក្រោម១ឆ្នាំ ពិសេសអំឡុងអាយុ៦ខែ។ 

៣. ជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ៖ ជាការស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ធ្វើឱ្យកូនអ្នកជំងឺពិបាកដកដង្ហើម ពិសេសពេលដកដង្ហើមចេញ និងមានកំហាក។ ផ្លូវដង្ហើមរបស់ក្មេងនឹងត្បៀត ភាគច្រើននៅផ្នែកខាងក្រោម ដែលរំខានដល់ការដោះដូរផ្នែកឧស្ម័ន និងបន្ថយបរិមាណនៃការដកដង្ហើមចូល។ 

៤. ជំងឺផ្តាសាយ៖ វីរុសជាង ២០០ ប្រភេទខុសៗគ្នាភាគច្រើនបង្កឱ្យមានការរលាកផ្លូវដង្ហើមផ្នែកខាងលើ ក្នុងនោះ ផ្តាសាយត្រូវបានដឹងថា កើតមានឡើងជាប្រចាំ។ ពេលកូនរបស់អ្នកផ្តាសាយ ពួកគេនឹងមានលេចចេញនូវរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសម្បោរ កណ្តាស់ និងឈឺក។

៥. ជំងឺរលាកសួត៖ ការរលាកសួតជាធម្មតាកើតឡើងដោយសារតែបាក់តេរី ឬវីរុស បង្កលើក្មេងនៅអាយុក្រោម ៥ ឆ្នាំ។ កូនអ្នកអាចលេចចេញជាអាការក្តៅខ្លួន និងរលាកជាលិកាសួត ធ្វើឱ្យពិបាកដកដង្ហើមព្រោះសួតត្រូវដំណើរការខ្លាំងជាងមុនក្នុងការបញ្ជូនអុកស៊ីសែនទៅក្នុងចរន្តឈាម និងនាំឧស្ម័នកាបូនិកចេញឈាមវិញ។ ភ្នាក់ងារបង្កចម្បងបំផុតគឺ influenza និង Streptococcus pneumoniae។

 ករណីនៃបញ្ហាផ្លូវដង្ហើមមានអាការប្រហាក់ប្រហែលគ្នា ដូច្នេះ បើអ្នកសង្កេតឃើញសញ្ញាសង្ស័យណាមួយ ត្រូវប្រញាប់បញ្ជូនកូនអ្នកទៅមន្ទីរពេទ្យដែលនៅជិតអ្នកបំផុត។

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)