(+855) 11 909 020 / 69 909 011

វិធីលាងសម្អាតទ្វារមាសដោយសុវត្តិភាព និងបំបាត់ក្លិនអាក្រក់

ការយកចិត្តទុកដាក់ទៅលើអនាម័យសុខភាពទ្វារមាស និងការទប់ស្កាត់កុំឱ្យមានក្លិនអាក្រក់នៅត្រង់តំបន់ទ្វារមាសពិតជាសំខាន់ណាស់ ដែលស្រ្តីគ្រប់រូបចាំបាច់ត្រូវយល់ដឹងឱ្យបានច្បាស់។ 

១. តើស្រ្តីគួរលាងសម្អាតទ្វារមាសយ៉ាងដូចម្ដេច ទើបមិនប៉ះពាល់ដល់សុខភាពទ្វារមាស? 

ស្រ្តីគ្រប់រូប ត្រូវដឹងថា សារជាតិ Lactobacilli​ និង​បាក់តេរី​ល្អៗដែលមានស្រាប់ពីធម្មជាតិរបស់ស្រ្តី អាចជួយលាងសម្អាតទ្វារមាសដោយខ្លួនឯង និងជួយប្រឆាំងមេរោគក្នុងទ្វារមាសថែមទៀតផង។ ដូច្នេះ ស្រ្តីគ្រប់រូបមិនចាំបាច់លាងសម្អាតទ្វារមាសញឹកញាប់ពេកនោះទេ ហើយការលាងសម្អាតទ្វារមាសញឹកញាប់ក៏ពុំមែនជារឿងល្អឡើយ ព្រោះវាអាចបណ្ដាលឱ្យមានការរលាកទ្វារមាស។ ជាមួយគ្នានេះដែរ ស្រ្តីគួរលាងសម្អាតទ្វារមាសដោយប្រើដៃផ្ទាល់ និងចៀសវាងការប្រើប្រាស់ស្រោមដៃ ឬអេប៉ុងទន់ៗ ព្រោះវាអាចប៉ះពាល់ដល់សំណើមនៃទ្វារមាស។ 

បញ្ជាក់ថា៖ ស្រ្តីគួរប្រើប្រាស់ទឹកស្អាតធម្មតាលាងសម្អាតទ្វារមាស ក្នុងករណីប្រើប្រាស់ផលិតផលផ្សេងៗ គួរណាស់តែមានការណែនាំពីគ្រូពេទ្យជាមុនសិន។ ជាមួយគ្នានេះ ស្រ្តីគួរចៀសវាងការសម្អាតទ្វារមាសដោយការស្ទីម ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពទ្វារមាស។ 

២. តើធ្វើដូចម្ដេចទើបទ្វារមាសមិនធំក្លិនអាក្រក់? 

ជាទូទៅ ក្លិនមិនល្អដែលភាយចេញពីទ្វារមាស គឺធំក្លិនឆ្អាប ដែលភ្ជាប់មកជាមួយនូវរោគសញ្ញារមាស ឬរលាក។ 

មានមូលហេតុជាច្រើនដែលធ្វើឱ្យទ្វារមាសធំក្លិនអាក្រក់ ដូចជា៖ 
- បាក់តេរី ជាប្រភពនៃបញ្ហាដែលធ្វើឱ្យទ្វារមាសធំក្លិនអាក្រក់ ដែលគេច្រើនជួបប្រទះញឹកញាប់ជាងគេ  
- ជំងឺកាមរោគមួយចំនួន
- មេរោគប្រមេះ
- ការឆ្លង​មេរោគ​ផ្សិត​ 
- ជំងឺរលាកក្នុង​អាង​ត្រគាក  
- ការកង្វះអនាម័យលាងសម្អាតទ្វារមាស ជាពិសេសកង្វះអនាម័យពេលមករដូវ  
- ការយឺតយ៉ាវក្នុងការផ្លាស់ប្ដូរសំឡីអនាម័យ ដោយទុកសំឡីអនាម័យផ្អឹបជាប់នឹងទ្វារមាសយូរពេកក្នុងអំឡុងពេលមករដូវ។ 

ដូច្នេះ ប្រសិនបើស្រ្តីគ្រប់រូបកើតមានបញ្ហាធំក្លិនមិនល្អត្រង់តំបន់ទ្វារមាស ឬទ្វារមាសធំក្លិនឆ្អាប សូមបង្កើនការយកចិត្តទុកដាក់លាងសម្អាតអនាម័យទ្វារមាសឱ្យបានត្រឹមត្រូវតាមការណែនាំខាងលើ។ ដោយឡែក ក្នុងករណីទ្វារមាសធំអាក្រក់ខ្លាំង និងលាងសម្អាតយ៉ាងណាក៏ពុំបាត់ក្លិន សូមអញ្ជើញទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែករោគស្រ្តីឱ្យបានទាន់ពេលវេលា ព្រោះបញ្ហានេះអាចជាប់ទាក់ទងនឹងជំងឺរបស់ស្រ្តី៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)