កាមរោគជាប្រភេទជំងឺទាំងឡាយណាដែលអាចឆ្លងនៅអំឡុងពេលរួមភេទ។ មានស្ត្រីមិនតិចទេដែលបាន និងកំពុងប្រឈមនឹងជំងឺកាមរោគដោយមិនដឹងខ្លួន ក្នុងពេលដែលស្ត្រីខ្លះទៀតនៅមានភាពខ្មាសអៀនក្នុងការនិយាយអំពីវា។
ដល់ពេលហើយដែលអ្នកត្រូវបញ្ឈប់នូវភាពអៀនខ្មាស់ទាំងនោះ និងចាប់ផ្តើមស្វែងយល់អំពីជំងឺកាមរោគនេះ។ ជាក់ស្តែង ស្ត្រីត្រូវបានសង្កេតឃើញថាអាចនឹងងាយប្រឈមនឹងជំងឺកាមរោគបំផុត ពិសេស៦ប្រភេទខាងក្រោម៖
១. ជំងឺប្រមេះទឹកបាយ (Gonorrhea)៖ ជាជំងឺកាមរោគម៉្យាងបង្កឡើងដោយបាក់តេរី Neisseria gonorrheae ឆ្លងនៅពេលរួមភេទ។ ភាគច្រើនអ្នកជំងឺពុំលេចចេញនូវរោគសញ្ញាជាក់លាក់ណាមួយឡើយនៅដំណាក់កាលដំបូងនៃការឆ្លង។ ប៉ុន្តែ ក្នុងរយៈពេលមួយស្ត្រីអាចនឹងមានសញ្ញា ឈឺចាប់ពេលបត់ជើងតូច បត់ជើងតូចញឹកញាប់ខុសធម្មតា មានធ្លាក់សពណ៌លឿងច្រើន ឈឺចាប់ពេលរួមភេទ និងមានឈាមបន្ទាប់ពីរួមភេទ។ ករណីស្ត្រីមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ ស្ត្រីអាចប្រឈមនឹកការបង្ករោគនៅអាងត្រគាក រលាកអូវែ រលាកសន្លាក់ និងរហូតដល់មិនអាចមានកូនបាន។
២. ប្រមេះទឹកថ្លា (Chlamydia)៖ បង្កឡើងដោយបាក់តេរីឈ្មោះថា Chlamydia trachomatis ដែលការឆ្លងរបស់វាមានលក្ខណៈប្រហាក់ប្រហែលនឹងប្រមេះទឹកបាយដែរ។ ស្ត្រីភាគច្រើនអាចមានលេចចេញនូវរោគសញ្ញាដូចជាធ្លាក់ស ឬឈឺពោះ ពេលខ្លះវាអាចប៉ះពាល់ដល់បង្ហួរនោម ដែលធ្វើឲ្យមានការឈឺចាប់ពេលបត់ជើងតូច និងញឹកញាប់។ ករណីភាគខ្លះទៀតដែលស្ត្រីមិនលេចចេញនូវរោគសញ្ញា មិនទទួលបានការព្យាបាល នោះពួកគេអាចប៉ះពាល់រហូតដល់លទ្ធភាពក្នុងការបង្កកំណើត និងការកើតកូនមិនគ្រប់ខែ។ គួរបញ្ជាក់ថា ទារកអាចឆ្លងមេរោគក្នុងពេលសម្រាលដែលធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាលើភ្នែក ឬសួត។
៣. ជំងឺស្វាយ (Syphilis)៖ ជំងឺកាមរោគដែលបង្កឡើងដោយមេរោគ Treponema pallidum និងធ្វើឲ្យមានដំបៅ នៅមាត់ នៅប្រដាប់ភេទ និងអាចឆ្លងនៅពេលថើមមាត់ ពេលរួមភេទប៉ះជាមួយដំបៅនោះ និងអាចឆ្លងពីម្តាយទៅកូន។ ដំបៅអាចនឹងបាត់ទៅវិញក្នុងរយៈពេលពី៣ទៅ៦សប្តាហ៍ ហើយអាចកើតឡើងវិញក្នុងរយៈពេល១ខែក្រោយបើមិនបានព្យាបាល ដែលនឹងរាលដាលទៅទីតាំងផ្សេងទៀតនៃរាងកាយ ព្រមទាំងអាចប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។
៤. ជំងឺអ៊ែប៉ែស (Genital Herpes)៖ បង្កឡើងដោយវីរុស HSV (herpes simplex virus) ដែលមាន២ប្រភេទគឺ HSV-1 និងHSV-2 ឆ្លងតាមទឹកមាត់ ឬទឹករំអិលប្រដាប់ភេទដែលអាចកើតឡើងពី១សប្តាហ៍រហូតដល់រាប់ឆ្នាំ។ ជាទូទៅ HSV-1បង្កឲ្យមានកន្ទួល ពងទឹកនៅមាត់ និងHSV-2បង្កឲ្យមានរលាកនៅប្រដាប់ភេទ និងក្បែរទ្វារលាមក។ វានឹងកាន់តែធ្ងន់ធ្ងរប្រសិន ស្រ្តីមានប្រព័ន្ធការពាររាងកាយខ្សោយ មានស្ត្រេស មានការបង្ករោគផ្សេងទៀត និងការប្រើប្រាស់ប្រភេទថ្នាំមួយចំនួន។
៥. ជំងឺសិរមាន់ (Genital warts)៖ ជំងឺសិរមាន់លើប្រដាប់ភេទមានលក្ខណៈដូចចាដុំសាច់តូចៗ បង្កឡើងដោយ វីរុស HPV (Human papillomavirus)។ គួរបញ្ជាក់ថា ប្រភេទធម្មតានៃHPV បង្កឲ្យមានជំងឺសិរមាន់ រីឯមួយចំនួនផ្សេងទៀតត្រូវបានដឹងថាបង្កឲ្យស្ត្រីមានជំងឺមហារីកមាត់ស្បូន។ អ្នកជំងឺដែលមានផ្ទុកនូវ HPV នេះពុំមានលេចចេញនូវរោគសញ្ញាណាមួយឲ្យបានដឹងឡើយ ហើយអាចចម្លងទៅអ្នកផ្សេងទៀតដោយមិនដឹងខ្លួនតាមរយៈការរួមភេទ ការប្រើម្ជុលរួមគ្នា និងអាចឆ្លងពីម្តាយទៅកូន។
៦. ជំងឺអេដស៍ (AIDS)៖ ប្រភេទនៃជំងឺកាមរោគម៉្យាងបង្ករោគដោយវីរុស HIV (Human immunodeficiency virus) ឆ្លងតាមការរួមភេទ ការប្រើម្ជុលរួមគ្នា និងអាចឆ្លងពីម្តាយទៅកូន ដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយ ចុះខ្សោយ ហើយងាយមានការបង្ករោគផ្សេងៗ។ យ៉ាងហោចណាស១២អាទិត្យបន្ទាប់ពីឆ្លង ទើបអ្នកជំងឺអាច ធ្វើតេស្តឃើញ។ អ្នកជំងឺអេដស៍មិនមានសញ្ញាសម្គាល់ជាក់លាក់នោះទេ ភាគច្រើនអ្នកជំងឺមានអាការៈ គ្រុនក្តៅ រាក ឈឺសាច់ដុំ ឈឺសន្លាក់ ឈឺក្បាល និងឈឺក។
ដូចអ្នកបានដឹងហើយថា ជំងឺកាមរោគខ្លះមានរោគសញ្ញាប្រហាក់ប្រហែលគ្នា ឬខ្លះគ្មានរោគសញ្ញាអ្វីទាំងអស់ និងវិវឌ្ឍទៅជាផលវិបាកធ្ងន់ធ្ងរតែម្តង។ ដូច្នេះ អ្នកត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យ បើអ្នកសង្ស័យ ឬមាសញ្ញាមិនប្រក្រតីណាមួយកើតឡើង។ បន្ថែមពីនេះ អ្នកគួររក្សាអនាម័យផ្លូវភេទជាប្រចាំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកាមរោគទាំងនោះ។
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)