ការសម្រាលកូនលើសពី៣សប្តាហ៍មុនពេលកំណត់ ឬក្នុងអំឡុងសប្តាហ៍ទី ៣៧ នៃការមានផ្ទៃពោះ គឺជាការសម្រាលកូនមិនគ្រប់ខែ។ វាកើតឡើងដោយសារស្បូនកន្ត្រាក់ ឱ្យមាត់ស្បូនបើកលឿនជាងធម្មតា។
១. តើកត្តាហានិភ័យអ្វីខ្លះដែលអាចធ្វើឱ្យស្រ្តីសម្រាលកូនមិនគ្រប់ខែ?
បើទោះបីជា ពុំមានមូលហេតុជាក់លាក់ណាមួយដែលបង្កឱ្យស្រ្តីសម្រាលកូនមិនគ្រប់ខែក៏ដោយ ក៏មានកត្តាហានិភ័យមួយចំនួនដូចបានបញ្ជាក់ជូនខាងក្រោមនេះ អាចជាមូលហេតុធ្វើឱ្យប្រឈមខ្លាំងនឹងការសម្រាលកូនមិនគ្រប់ខែ៖
• ធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែពីមុនមក
• ស្ត្រីមានកូនភ្លោះ២ ឬច្រើន
• ចន្លោះនៃការមានផ្ទៃពោះតិចជាង៦-៩ខែ
• មានបញ្ហាស្បូន ឬមាត់ស្បូន
• ស្ត្រីជក់បារី ឬប្រើសារធាតុញៀន
• មានការបង្ករោគផ្សេងៗ ដែលតែងធ្វើឱ្យឡើងកម្តៅរាងកាយ
• មានជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែម និងលើសសម្ពាធឈាម
• លើសទម្ងន់ ឬធាត់ហួសមុនពេលមានផ្ទៃពោះ
• មានបញ្ហាស្ត្រេសជាប្រចាំ
• ធ្លាប់រលូតកូន ឬរំលូតកូនញឹកញាប់
• រងរបួសរាងកាយផ្សេងៗ
• មានការបង្ករោគនៅតម្រងនោម
• មានជំងឺកាមរោគនៅពេលមានផ្ទៃពោះ
• មានបញ្ហាកំណកឈាម (ប្លាកែតថយចុះ)
• ឈរធ្វើការរយៈពេលយូរពេក។
២. តើស្រ្តីមានផ្ទៃពោះអាចការពារពីការសម្រាលកូនមិនគ្រប់ខែយ៉ាងដូចម្ដេច?
ស្រ្តីមានផ្ទៃពោះគ្រប់រូបមិនអាចការពារខ្លួនពីការសម្រាលកូនមិនគ្រប់ខែឱ្យបាន១០០ភាគរយនោះទេ ប៉ុន្តែស្រ្តីអាចកាត់បន្ថយការប្រឈមចំពោះបញ្ហានេះដោយ៖
• ទទួលទានអាហារបំប៉នដែលមានផ្ទុកនូវអ័រម៉ូន Progesterone ប្រសិនអ្នកធ្លាប់មានប្រវត្តិសម្រាលកូនមិនគ្រប់ខែ និងមានមាត់ស្បូនខ្លី ដោយមានការណែនាំពីគ្រូពេទ្យ
• ធ្វើលំហាត់ប្រាណតាមការណែនាំ ដូចជាយោគៈ ឬPilates
• ការពារកុំឱ្យមានជំងឺផ្តាសាយ ឬបើមានត្រូវប្រញាប់ជួបវេជ្ជបណ្ឌិត និងព្យាបាលឱ្យបានលឿន
• ទទួលទានវីតាមីនបន្ថែម ដែលយ៉ាងហោចណាស់មាននូវអាស៊ីតហ្វូលិក
• ឈប់ជក់បារី និងជាតិអាល់កុល
• រក្សាទម្ងន់ឱ្យស្ថិតនៅក្នុងកម្រិតសមស្រប
• ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
• សម្អាតធ្មេញជាប្រចាំ និងឱ្យបានស្អាតល្អ
• ញ៉ាំអាហារសុខភាព និងមានតុល្យភាព
• ព្យាយាមកុំទប់បើអ្នកឈឺបត់ជើងតូច។
បញ្ជាក់៖ ស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវដឹងថា វាពិតជារឿងចាំបាច់ណាស់ដែលតម្រូវឱ្យអ្នកធ្វើការប្រឹក្សាជាមួយគ្រូពេទ្យមុនពេលមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ ព្រមទាំងពិនិត្យគភ៌ជាប្រចាំតាមការកំណត់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)