(+855) 11 909 020 / 69 909 011

តើអ្នកបានដឹងអ្វីខ្លះពីជំងឺពកក? 

ជំងឺពកកនេះ ថ្វីត្បិតតែច្រើនកើតពីកំណើត តែបើអ្នកមិនដឹងពីវិធីទប់ស្កាត់ និងហានិភ័យ អ្នកក៏អាចកើតជំងឺនេះយ៉ាងងាយផងដែរ។ 

តើអ្នកបានដឹងអ្វីខ្លះពីជំងឺពកក? 

ការរីកធំនៃក្រពេញទីរ៉ូអ៊ីតផ្នែកខាងក្រោមខាងមុខនៃកត្រូវបានស្គាល់ថាជា ជំងឺពក ក ដែលមូលហេតុចម្បងទូទាំងពិភពលោកបង្ហាញថា វាកើតឡើងដោយសារតែកង្វះនូវសារធាតុអ៊ីយ៉ូត។ 

១. រោគសញ្ញានៃជំងឺពកក 

ជាក់ស្តែង រោគសញ្ញាទូទៅនៃអ្នកជំងឺពកក រួមមាន ដុំពកនៅក មានអារម្មណ៍តឹងៗបំពង់ក ក្អក ស្អកក ពិបាកលេប ពិបាកដកដង្ហើម និងពិបាកគេង។ រីឯអាការៈផ្សេងទៀតមានដូចជា៖

• ករណីជំងឺពកកកើតដោយសារមានការផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនអ្នកជំងឺអាចមានសញ្ញា ភ័យខ្លាច ញ័រខ្លួន បែកញើស ប្រតិកម្មជាមួយកម្តៅ អស់កម្លាំង កើនឡើងចំណង់នៃការទទួលទានអាហារ ជ្រុះសក់ និងស្រកទម្ងន់។
• ករណីពកកកើតមានដោយសារតែការថយចុះនូវការផលិតអ័រម៉ូនទីរ៉ូអ៊ីត នោះអ្នកជំងឺអាចនឹងមានសញ្ញាបន្ថែមលើសញ្ញាទូទៅរួមមាន ផ្តាសាយញឹកញាប់ ទល់លាមក ភ្លេចភ្លាំងច្រើន ប្តូរចរិតលក្ខណៈ ជ្រុះសក់ ឡើងទម្ងន់។

២. ហានិភ័យដែលធ្វើឲ្យអ្នកពកក

គ្រប់គ្នាសុទ្ធតែអាចកើតជំងឺពកក អ្នកខ្លះអាចកើតតាំងពីកំណើត ឬក្នុងរយៈពេលណាមួយនៃការរស់នៅ របស់ពួកគេ។ ក្រៅអំពីកង្វះនូវជាតិអ៊ីយ៉ូតក្នុងរាងកាយ ខាងក្រោមនេះជាកត្តាហានិភ័យបន្ថែម ដែលអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺពកកដោយមិនដឹងខ្លួន៖

• ការជក់បារី
• ស្ត្រីប្រឈមច្រើនជាបុរស
• ស្ត្រីមានផ្ទៃពោះ និងស្ត្រីអស់រដូវ
• វ័យចំណាស់ចាប់ពី៤០ឆ្នាំឡើងទៅ
• ប្រវត្តិនៃការប្រើថ្នាំ ពិសេសថ្នាំបន្ថយប្រព័ន្ធការពារភាពស៊ាំ
• ការប្រើថ្នាំបេះដូង និងថ្នាំសម្រួលអារម្មណ៍ ឬផ្លូវចិត្ត
• ការប៉ះផ្ទាល់ជាមួយកាំរស្មី។

៣. ផលវិបាកធ្ងន់ធ្ងរប្រសិនមិនព្យាបាល

បើទំហំនៃការពកកនោះតូច វាពុំមាននូវផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់អ្នកនោះទេ ប៉ុន្តែបើទំហំកាន់តែធំ វាអាចធ្វើឲ្យអ្នកពិបាកក្នុងការលេប ឬដកដង្ហើមកាន់តែខ្លាំង ក្អក ឬស្អកកកាន់តែធ្ងន់ធ្ងរឡើង និងពិបាកក្នុងការគេង។

ការប្រឹក្សា និងទទួលយកជម្រើសនៃការព្យាបាលជាមួយគ្រូពេទ្យឯកទេសឲ្យបានឆាប់រហ័ស ជួយអ្នកកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដោយប្រសិទ្ធភាព៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (SOKHAKROM)