(+855) 11 909 020 / 69 909 011

តើអ្វីជាជំងឺស្ទះដង្ហើម ចុះអ្នកធ្លាប់គេងស្ទះដង្ហើមនៅពេលយប់ទេ? 

អ្នកប្រហែលធ្លាប់កើតមាននូវសញ្ញានៃការស្ទះដង្ហើមនៅពេលគេងយប់ តែអ្នកមិនដឹងខ្លួន ឬអ្នកអាចនឹងខ្លះដោយនៅពេលដែលអ្នកគេង ក៏ស្រាប់តែស្ទះមិនអាចដកដង្ហើមបានមួយរំពេញ ធ្វើឲ្យអ្នកភ្ញាក់ និងរំខានដល់ការគេងរបស់អ្នក។ 

១. សញ្ញាណាខ្លះបង្ហាញថាអ្នកកំពុងមានជំងឺស្ទះដង្ហើមពេលគេង?

ប្រសិនអ្នកស្រមុកខ្លាំង និងមានអារម្មណ៍អស់កម្លាំងសូម្បីតែអ្នកបានគេងគ្រប់គ្រាន់ពេលយប់ នោះអ្នកប្រហែលជាមានការស្ទះដង្ហើមនៅពេលគេងយប់។ ជាទូទៅក្រៅពីការស្រមុកខ្លាំង អ្នកហាក់គេងចំហមាត់ មាត់ និងបំពង់ករបស់អ្នកស្ងួតពេលភ្ញាក់ ជួនកាលភ្ញាក់ដោយដង្ហក់ខ្យល់ ឈឺក្បាលពេលព្រឹក ពិបាកគេង ឬគេងមិនគ្រប់ ងងុយគេងពេលថ្ងៃ ឆាប់ខឹង មួរម៉ៅ ថយចុះនូវចំណង់ផ្លូវភេទ។

២. អ្វីខ្លះជាមូលហេតុធ្វើឲ្យអ្នកស្ទះដង្ហើមពេលគេងយប់?

ជំងឺស្ទះដង្ហើមនៅពេលគេងយប់អាចកើតមានឡើងចំពោះមនុស្សគ្រប់គ្នា មិនថាក្មេង ឬចាស់នោះទេ។ ប៉ុន្តែ កត្តាដែលបង្កើនហានិភ័យឲ្យអ្នកងាយប្រឈមនោះរួមមាន លើសទម្ងន់ ឬធាត់ហួស ទំហំកធំ ឆ្អឹងថ្គាមតូច អណ្តាធំ ពិសេសប្រសិនអ្នកធ្លាប់មានបញ្ហាអាល្លែកហ្ស៊ី បញ្ហាលើប្រហោងឆ្អឹងមុខ និងផ្លូវដង្ហើមចង្អៀត។ តាមការសិក្សាបានបង្ហាញថានូវការប្រៀបធៀបថា បុរសកើតច្រើនជាស្ត្រី ហើយមនុស្សចាស់កើតច្រើនជាងក្មេង និងប្រវត្តិគ្រួសារធ្លាប់មានសមាជិកណាម្នាក់កើត។ ម៉្យាងវិញទៀត ការទទួលទានស្រា ឬជាតិអាល់កុល និងជក់បារីញឹកញាប់ ក៏អាចធ្វើឲ្យអ្នកមានជំងឺស្ទះដង្ហើមបានដូចគ្នា។ បន្ថែមពីនេះ បើអ្នកធ្លាប់មានបញ្ហាពិបាកដកដង្ហើមតាមច្រមុះ បញ្ហាបេះដូង ការប្រើថ្នាំមួយចំនួន និងមានជំងឺស្ទះសរសៃឈាមខួរក្បាល នោះមានន័យថាអ្នកក៏អាចប្រឈមនឹងជំងឺស្ទះដង្ហើមនៅពេលគេងយប់នេះដែរ។

៣. គុណវិបត្តិណាខ្លះដែលអ្នកជំងឺអាចប្រឈម?

ការស្ទះដង្ហើមនៅពេលគេងយប់ អាចផ្តល់ឲ្យអ្នកនូវគុណវិបត្តិជាច្រើន ដូចជា៖
• អស់កម្លាំងពេលថ្ងៃខ្លាំង និងអាចធ្វើឲ្យឆាប់ខឹង មួរម៉ៅ
• ពិបាកក្នុងការផ្តោតអារម្មណ៍ធ្វើការងារ ឬបើកបរ
• អារម្មណ៍ឆេវឆាវ ធ្លាក់ទឹកចិត្ត
• ឡើងសម្ពាធឈាម ឬមានជំងឺបេះដូង
• អាចឲ្យអ្នកងាយប្រឈមនឹងជំងឺស្ទះសរសៃឈាមបេះដូង និងស្ទះសរសៃឈាមខួរក្បាល
• ងាយឲ្យអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២។

កាត់បន្ថយនូវមូលហេតុបង្កតាមដែលអាចធ្វើបាន រួមជាមួយការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ អាចជួយអ្នកពី ជំងឺស្ទះដង្ហើមពេលគេងយប់ក្នុងកម្រិតខ្ពស់៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (SOKHAKROM)