(+855) 11 909 020 / 69 909 011

តើក្រលៀនរបស់ខ្ញុំកំពុងតែមានបញ្ហាឬ? 

ជួនកាល អ្នកអាចយល់ច្រឡំថា អ្នកកំពុងតែឡើងទម្ងន់ ឬធាត់ តែធាតុពិតវាមិនដូចអ្វីដែលអ្នកកំពុងតែគិតឡើយ ផ្ទុយទៅវិញ អ្នកកំពុងតែហើម ដែលជារោគសញ្ញាមួយអាចបញ្ជាក់បានថា ក្រលៀនរបស់អ្នកកំពុងតែមានបញ្ហា។ 

ជាការពិតណាស់ នៅពេលដែលក្រលៀនមានបញ្ហា មុខងារទាំងអស់របស់ក្រលៀនចុះខ្សោយធ្វើការខុសប្រក្រតី ក្នុងនោះការបញ្ចេញជាតិទឹក និងជាតិពុលចេញពីរាងកាយមិនបានល្អ មិនអស់ បណ្ដាលឱ្យរាងកាយហើមជាដើម។ 

ក្រៅពី អាការហើមរាងកាយ ក៏មានរោគសញ្ញាដទៃផ្សេងទៀតនៃបញ្ហាក្រលៀនផងដែរ ដូចខាងក្រោមនេះ៖ 

- មិនសូវបន្ទោរបង់ និងពិបាកក្នុងការបន្ទោរបង់   
- ទឹកនោមមានពពុះ ទឹកនោមមានពណ៌រាងខ្មៅពេលនោមតិច និងពណ៌ស្លេកពេលនោមច្រើន ហើយនោមច្រើននៅពេលយប់
- ដកដង្ហើមបានខ្លី ដោយសាររាងកាយទទួលយកអុកស៊ីហ្សែនពីឈាមមិនបានគ្រប់គ្រាន់ 
- មានការឈឺចាប់នៅត្រង់បរិវេណផ្នែកខាងក្រោម ជាពិសេសក្រលៀន
- ឧស្សាហ៍វិលមុខ និងផ្ដោតអារម្មណ៍មិនបានល្អ 
- ស្បែកប្រែជាស្រអាប់ និងមានកន្ទួលរមាស់លើស្បែក ដោយសារតែកាកសំណល់ក្នុងឈាមនៅកើនឡើង
- មុខងារខ្លះទៀតរបស់ក្រលៀន គឺជួយផលិតសារធាតុម្យ៉ាងជួយដឹកនាំឈាមក្រហមទៅកាន់រាងកាយ នៅពេលដែលក្រលៀនមានបញ្ហាសារធាតុនោះនឹងថយចុះការផលិត ទើបបណ្ដាលឱ្យរាងកាយឆាប់អស់កម្លាំង និងស្លេកស្លាំង

ចំពោះបុរសៗ ហានិភ័យមួយដែលគួរប្រុងប្រយ័ត្ន និងតម្រូវឱ្យទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានការឈឺចាប់ខ្លាំងនៅត្រង់បរិវេណផ្នែកខាងក្រោម និងរឹតតែឈឺខ្លាំងឡើង ស្របគ្នានឹងការឈឺពងស្វាស រួមទាំងមានអាការក្អួតចង្អោរ ក្ដៅខ្លួន គ្រុនរងារ ញ័រញាក់ ព្រោះវាជាប់ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា  រង​របួស ការបាក់​ឆ្អឹង ក្លន ឬមាន​គ្រួស​ក្នុង​តម្រងនោមជាដើម។

បើកត់សម្គាល់ឃើញថា រោគសញ្ញាខាងលើកំពុងតែកើតឡើងលើអ្នក សូមអ្នកអញ្ជើញរុះរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថា អ្នកកើតបញ្ហាក្រលៀន ឬអត់ និងព្យាបាលឱ្យទាន់ពេលវេលា ប្រសិនបើអ្នកពិតជាកើតបញ្ហាក្រលៀនមាន៕ 

« សូមចែករំលែកអត្ថបទសុខភាពនេះទៅកាន់បណ្ដាញសង្គមរបស់អ្នក ដើម្បីជម្រុញឱ្យប្រជាជនយល់ដឹងចំណេះដឹងពីការទំហែទាំសុខភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង »

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)