(+855) 11 909 020 / 69 909 011

ក្រួសក្នុងថង់ទឹកប្រម៉ាត់ ដែលអ្នកត្រូវប្រុងប្រយ័ត្ន

ថង់ទឹកប្រម៉ាត់មានទំហំតូច ស្ថិតនៅក្នុងពោះផ្នែកខាងស្តាំក្រោមថ្លើម ផ្ទុកនូវសាធាតុរាវរំលាយអាហារហៅថាទឹកប្រម៉ាត់ដែលត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូចរបស់អ្នក។ ពេលមួយ សារធាតុរាវក្នុងថង់ទឹកប្រម៉ាត់ឡើងរឹងមួយ ឬច្រើន ហៅថាក្រួសក្នុងប្រម៉ាត់។

តើក្រួសក្នុងប្រម៉ាត់ស្តែងឡើងនូវរោគសញ្ញាណាខ្លះ? អ្វីជាមូលហេតុបង្ក និងកត្តាហានិភ័យរបស់វា? តើអ្នកនឹងមានផលវិបាកអ្វីខ្លះពីក្រួសក្នុងប្រម៉ាត់? ហើយត្រូវធ្វើបែបណាដើម្បីការពារ?

១. រោគសញ្ញា

ក្រួសក្នុងប្រម៉ាត់ប្រហែលអាចមិនបង្កឲ្យមានរោគសញ្ញា ឬអាការណាមួយឡើយ តែប្រសិនក្រួសធ្វើឲ្យស្ទះផ្លូវទឹកប្រម៉ាត់ នោះអ្នកជំងឺនឹងមានលេចចេញនូវរោគសញ្ញាដូចជា ឈឺពោះខាងលើ ខាងស្តាំខ្លាំង ភ្លាមៗ ឈឺចុងដង្ហើមខ្លាំងភ្លាមៗ ឈឺខ្នងចន្លោះស្មា ឈឺស្មាខាងស្តាំ និងចង្អោរ ឬក្អួត។ រយៈពេលនៃការឈឺចាប់ដោយសារក្រួសក្នុងប្រម៉ាត់អាចពីច្រើននាទី ទៅ២-៣ម៉ោង។

២. មូលហេតុ

វាគ្មានមូលហេតុពិតប្រាកដណាមួយដែលបង្កើតឲ្យមានក្រួសក្នុងប្រម៉ាត់នោះទេ។ តាមរយៈ គ្រូពេទ្យមួយចំនួនបានលើកឡើងថា ក្រួសក្នុងប្រម៉ាត់ជាលទ្ធផលនៃ៖
• ទឹកប្រម៉ាត់របស់អ្នកមានផ្ទុកនូវកូឡេស្ទេរ៉ូលច្រើនពេក៖ ជាធម្មតា ទឹកប្រម៉ាត់មានផ្ទុកសារធាតុគីមីគ្រប់គ្រាន់ក្នុងការរំលាយកូឡេស្តេរ៉ូលដែលបញ្ចេញដោយថ្លើមរបស់អ្នក។ ប៉ុន្តែប្រសិនវាមានច្រើនលើសពីសមត្ថភាពដែលទឹកប្រម៉ាត់អាចរំលាយបាន នោះកូឡេស្តេរ៉ូលនៅសល់អាចបង្កើតជាគ្រាប់តូចៗ និងវិវឌ្ឍជាក្រួស។
• ទឹកប្រម៉ាត់របស់អ្នកមាននូវbilirubin ច្រើនពេក៖ Bilirubin គឺជាសារធាតុគីមីដែលត្រូវ បានផលិតនៅពេលរាងកាយអ្នកបំបែកកោសិកាឈាមក្រហម។ លក្ខខណ្ឌមួយចំនួន ថ្លើមរបស់អ្នកផលិតbilirubin ច្រើនពេក រួមមានបញ្ហាក្រិនថ្លើម មានការបង្ករោគ នៅបំពង់ទឹកប្រម៉ាត់ និងបញ្ហាឈាម។ Bilirubin ដ៏ច្រើនបង្កឱ្យមានការបង្កើតជាក្រួសក្នុងប្រម៉ាត់។

៣. កត្តាហានិភ័យ

កត្តាដែលអាចបង្កើនហានិភ័យរបស់អ្នកឲ្យមានការបង្កើតក្រួសក្នុតប្រម៉ាត់រួមមា៖
•​ ស្ត្រីត្រូវបានរកឃើញថាងាយប្រឈមជាងបុរស
• អាយុចាប់ពី៤០ឆ្នាំ ឬលើសពីនេះ
• លើសទម្ងន់ ឬធាត់ហួស
• អ្នកធ្វើការងារអង្គុយយូរ និងមិនសូវធ្វើលំហាត់ប្រាណ
• ស្ត្រីមានផ្ទៃពោះ
• ទទួលទានរបបអាហារសម្បូរដោយខ្លាញ់ និងកូឡេស្តេរ៉ូល
• មិនសូវទទួលទានអាហារមានជាតិសរសៃ
• ប្រវត្តិគ្រួសារធ្លាប់មានក្រួសក្នុងប្រម៉ាត់
• មានជំងឺទឹកនោមផ្អែម និងអ្នកមានជំងឺថ្លើម
• ស្រកទម្ងន់លឿនពេក
• ញ៉ាំថ្នាំដែលមានផ្ទុននូវអ័រម៉ូនអឺស្ត្រូសែន ដូចជាថ្នាំពន្យារកំណើត ឬការព្យាបាល ដោយប្រើថ្នាំអ័រម៉ូន។

៤. ផលវិបាក

• រលាកប្រម៉ាត់ដែលនឹងធ្វើឲ្យអ្នកឈឺចាប់ និងក្តៅខ្លួនធ្ងន់ធ្ងរ
• រារាំងការបញ្ចេញទឹកប្រម៉ាត់ ធ្វើឲ្យអ្នកកើតលឿង និងឆ្លងមេរោគ
• រារាំងការបញ្ចេញរបស់លំពែង និងបង្កឱ្យមានការរលាកលំពែង
• បង្កជាមហារីកប្រម៉ាត់ (ក្នុងករណីកម្រ)

៥. វិធីការពារ

អ្នកអាចកាត់បន្ថយហានិភ័យនៃក្រួសក្នុងប្រម៉ាត់ ប្រសិនអ្នកអនុវត្តនូវវិធីសាស្ត្រខាងក្រោម៖
• កុំរំលងអាហារ៣ពេលប្រចាំថ្ងៃរបស់អ្នក និងទទួលទានឱ្យបានទៀងទាត់ ដោយហេតុថា ការរំលងអាហារ ឬទទួលទានលឿនពេក អាចបង្កើនហានិភ័យក្នុងការបង្កឲ្យមានក្រួសក្នុង ប្រម៉ាត់។
• សម្រកទម្ងន់យឺតៗ យ៉ាងហោចណាស់ត្រឹម០.៥-១គីឡូក្រាមក្នុងមួយសប្តាហ៍។
• រក្សាទម្ងន់ឱ្យសមាមាត្រនឹងរាងកាយរបស់អ្នក ដោយហាត់ប្រាណ និងបន្ថយការទទួលទានអាហារមានកាល់ឡូរីខ្ពស់។

គួរបញ្ជាក់ថា ប្រសិនបើអ្នកត្រូវបានរកឃើញថាមានក្រួសក្នុងថង់ទឹកប្រម៉ាត់ រួមជាមួយនឹងរោគសញ្ញាដូចរៀបរាប់ខាងលើ នោះអ្នកនឹងតម្រូវឲ្យធ្វើការព្យាបាលជាមួយ គ្រូពេទ្យក្នុងជម្រើសប្រើថ្នាំ ឬវះកាត់។

« សូមចែករំលែកអត្ថបទសុខភាពនេះទៅកាន់បណ្ដាញសង្គមរបស់អ្នក ដើម្បីជម្រុញឱ្យប្រជាជនយល់ដឹងពីការទំហែទាំសុខភាពរបស់ខ្លួនកាន់តែប្រសើរឡើង »

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)