(+855) 11 909 020 / 69 909 011

មូលហេតុទាំង៤នៃជំងឺរលាកបំពង់អាហារ ដែលអ្នកត្រូវចៀសវាង

ក្នុងលក្ខខណ្ឌដែលមានការរលាកបំផ្លាញដល់ជាលិកានៃបំពង់អាហារដឹកនាំអាហារពីមាត់របស់អ្នកទៅកាន់ក្រពះ ហៅថា ជំងឺរលាកបំពង់អាហារ។ អ្នកអាចនឹងទទួលរងនូវការឈឺចាប់ពេលលេប ឬពិបាកក្នុងការលេប ឈឺទ្រូងពេលញ៉ាំអាហារ ស្ទះក្នុងបំពង់អាហារ ក្រហាយនៅកណ្តាលទ្រូង និងមានច្រាលទឹកអាស៊ីតក្រពះ នៅពេលបំពង់អាហាររបស់អ្នករលាក។ 

ក. មូលហេតុ និងកត្តាហានិភ័យ

មានកត្តាជាច្រើនដែលបង្កឱ្យកើតជំងឺរលាកបំពង់អាហារ តែគេសង្កេតឃើញថា ៤ចំណុចខាងក្រោមនេះ ត្រូវបានចាត់ទុកជាមូលហេតុចម្បងដែលបង្កឱ្យអ្នកមានជំងឺរលាកបំពង់អាហារ៖

១. ការច្រាលទឹកអាស៊ីតពីក្រពះឡើងមកបំពង់អាហារ

ទម្លាប់មិនល្អខ្លះធ្វើឱ្យអ្នកបង្កើនការច្រាលអាស៊ីតក្រពះ ដូចជាការញ៉ាំភ្លាមចូលគេងភ្លាម ញ៉ាំអាហារច្រើនពេក ឬអាហារមានជាតិខ្លាញ់ ជក់បារី លើសទម្ងន់ និងស្រ្តីមានផ្ទៃពោះ។ គួរបញ្ជាក់ថា ប្រភេទអាហារមួយចំនួនក៏រួមចំណែកដល់ការច្រាលអាស៊ីតដែរដូចជា ប៉េងប៉ោះ ក្រូចឆ្មារ កាហ្វេ អាល់កុល អាហារហឹរ សូកូឡា និងអាហារមានរសជាតិប្រហើរ។

២. អាល្លែកហ្ស៊ី

ភាគច្រើនអ្នកជំងឺហឺត និងអ្នកដែលមានប្រវត្តិគ្រួសារធ្លាប់មានបញ្ហាអាល្លែកហ្ស៊ី ពិសេសពេលទទួលទានអាហារដូចជាទឹកដោះគោ ស៊ុត សណ្តែក និងលម្អងផ្អាជា តែងធ្វើឱ្យមានការរលាកបំពង់អាហារ។

៣. ការប្រើប្រាស់ថ្នាំ

ទម្លាប់ក្នុងការលេបថ្នាំអាចធ្វើឱ្យអ្នកប្រឈមនឹងការលាកបំពង់អាហារប្រសិនអ្នក លេបថ្នាំភ្លាមចូលគេងភ្លាម ឬគ្រាប់ថ្នាំធំពេក លេបថ្នាំជាមួយទឹកតិចពេក ឬលេបដោយមិនញ៉ាំទឹក ពិសេសថ្នាំបំបាត់ការឈឺចាប់ (aspirin, ibuprofen...) ថ្នាំអង់ទីប៊ីយ៉ូទិក (tetracycline, doxycycline) ពពួកថ្នាំប៉ូតាស្យូម ថ្នាំព្យាបាលការពុកឆ្អឹង និងថ្នាំព្យាបាលជំងឺបេះដូងមួយចំនួនជាដើម។

៤. ការបង្ករោគ

ករណីនៃបំពង់អាហាររបស់អ្នកមានការបង្ករោគដោយបាក់តេរី វីរុស ឬផ្សិតនៅបំពង់អាហារ ឬបើអ្នកមានជំងឺដែលធ្វើឱ្យប្រព័ន្ធការពាររាងកាយខ្សោយ ដូចជាទឹកនោមផ្អែម អេដស៍ ឬមហារីក ក៏អាចធ្វើឱ្យអ្នកងាយនឹងរលាកបំពង់អាហារផងដែរ។

ខ. ផលប៉ះពាល់ធ្ងន់ធ្ងរ

ផលវិបាកសំខាន់បំផុតនៃការមិនទទួលបានការព្យាបាលត្រឹមត្រូវ ធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធបំពង់អាហារ ដោយបង្កឱ្យមានស្លាកស្នាម ឬត្បៀតបំពង់អាហារ និងអាចឱ្យទៅជាមហារីកបំពង់អាហារទៅថ្ងៃអនាគត។

សញ្ញាមួយចំនួនអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដូច្នេះអ្នកត្រូវឆាប់ជួបជាមួយគ្រូពេទ្យ បើអ្នកឈឺលើសពី៣ថ្ងៃ ប្រើថ្នាំមិនបាត់ (antiacids) ពិបាកក្នុងការញ៉ាំខ្លាំង កើតមានរួមជាមួយ សញ្ញាផ្តាសាយ ដូចជាឈឺក្បាល គ្រុនក្តៅ និងឈឺសាច់ដុំ ក្អួតខ្លាំង ហើយច្រើន រួមជាមួយពិបាកដកដង្ហើមបន្ទាប់ពីក្អួត ឬក្អួតពណ៌លឿង ឬបៃតង ដូចកាហ្វេ ឬមានឈាម។

ចៀសវាងពីមូលហេតុបង្កទាំង៤តាមដែលអាចធ្វើបាន នោះអ្នកនឹងទទួលបានប្រសិទ្ធក្នុងការការពារពីជំងឺរលាកបំពង់អាហារ រួមជាមួយផលវិបាកបានយ៉ាងប្រសើរ៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)