(+855) 11 909 020 / 69 909 011

ខ្សោយថ្លើមស្រួចស្រាវ គ្រោះថ្នាក់ដែលអ្នកនឹកស្មានមិនដល់

សរីរាង្គថ្លើមមានមុខងារសំខាន់ណាស់ តែនៅពេលមួយស្រាប់តែមុខងារ ឬដំណើរការរបស់វាត្រូវបានថយចុះ នោះមានន័យថាជាការខ្សោយថ្លើម។ ជាទូទៅ ខ្សោយថ្លើមត្រូវបានបែងចែកជាពីរគឺ ខ្សោយថ្លើមស្រួចស្រាវ កើតឡើងក្នុងរយៈពេលលឿន អាចមួយថ្ងៃ ឬមួយអាទិត្យ និងខ្សោយថ្លើមរ៉ាំរ៉ៃ កើតឡើងយឺតៗក្នុងរយៈពេលយូរ។ 

តាមរយៈអត្ថបទខាងក្រោមអ្នកនឹងបានដឹងកាន់តែច្បាស់ពីការខ្សោយថ្លើមស្រួចស្រាវ រោគសញ្ញា មូលហេតុ ក៏ដូចជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។

១. ការខ្សោយថ្លើមស្រួចស្រាវ និងរោគសញ្ញា 

មុខងារជាច្រើននៃថ្លើមត្រូវបានថយចុះភ្លាមៗ ត្រឹមមួយថ្ងៃ ឬអាទិត្យ គឺជាការខ្សោយថ្លើមស្រួចស្រាវ។ អ្នកអាចសង្កេតដឹងថាសរីរាង្គថ្លើមរបស់អ្នកកំពុងជួបវិបត្តិនៃការខ្សោយស្រួចស្រាវ ឬបំពេញមុខងារមិនបានល្អ តាមរយៈសញ្ញាលឿងលើស្បែក និងគ្រាប់ភ្នែក ឈឺពោះផ្នែកខាងលើខាងស្តាំ ហើមពោះ ចង្អោរ ក្អួត មិនស្រួលខ្លួន វង្វេងស្មារតី និងងងុយគេង។ 

២. មូលហេតុនៃការខ្សោយថ្លើមស្រួចស្រាវ

ខ្សោយថ្លើមស្រួចស្រាវ កើតឡើងនៅពេលកោសិកាថ្លើមត្រូវបានបំផ្លាញ និងមិនអាចបំពេញ មុខងារបាន ដែលបណ្តាលមកពីមូលហេតុជាច្រើន៖
• ញ៉ាំថ្នាំប៉ារ៉ាសេតាម៉ុលលើសកម្រិតកំណត់ដែលបានណែនាំ
• ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា អង់ទីប៊ីយ៉ូទិក ឱសថប្រឆាំងការរលាក (AINS) និងថ្នាំប្រឆាំងការប្រកាច់
• ការទទួលទាននូវឱសថបំប៉ន និងអាហារបំប៉នមួយចំនួនដោយគ្មានប្រភព ឬការណែនាំច្បាស់លាស់
• អ្នកមានជំងឺរលាកថ្លើមដូចជា រលាកថ្លើមប្រភេទ A, B និង E
• ការបង្ករោគពីវីរុសមួយចំនួន (Epstein-Barr virus, cytomegalovirus, herpes simplex virus)
• ជាតិពុល ឧទាហរណ៍ កាបូនតេត្រាក្លរីត ដែលត្រូវបានរកឃើញក្នុងសារធាតុគីមីធ្វើឲ្យ ត្រជាក់ជាដើម
• អ្នកជំងឺដែលប្រព័ន្ធការពាររាងកាយបំផ្លាញកោសិកាថ្លើមដោយឯងៗ បង្កឲ្យមានការរលាក និងរងរបួសលើកោសិកាថ្លើម
• មានបញ្ហាសរសៃវ៉ែនដែលនៅក្នុងថ្លើម ដូចជាការស្ទះសរសៃវ៉ែន
• ជំងឺទាក់ទងនឹងមេតាប៉ូលីស ដូចជា Wilson’s disease និងខ្លាញ់រុំថ្លើមស្រួចស្រាវនៃស្ត្រី មានផ្ទៃពោះ
• អ្នកជំងឺមហារីកដែលចាប់ផ្តើមរាលដាលដល់សរីរាង្គថ្លើម
• អ្នកមានសម្ពាធឈាមថយចុះ។

៣. ផលវិបាកនៃការខ្សោយថ្លើមស្រួចស្រាវ

• ហើមខួរក្បាល ដោយសារតែសម្ពាធធ្វើឲ្យសារធាតុរាវប្រមូលផ្តុំនៅក្នុងខួរក្បាល
• មានការហូរឈាម ដោយសារកង្វះនូវកត្តាដែលជួយឲ្យមានកំណកឈាម ពិសេសក្នុងក្រពះពោះវៀនដែលពិបាកក្នុងការគ្រប់គ្រង
• ងាយរងនូវការបង្ករោគមួយចំនួន ពិសេសក្នុងឈាម ផ្លូវដង្ហើម និងប្រព័ន្ធទឹកនោម
• មានបញ្ហាខ្សោយតម្រងនោម ដែលតែងកើតមានញឹកញាប់បន្ទាប់ពីខ្សោយថ្លើម ដោយសារការប្រើប៉ារ៉ាសេតាម៉ុលើសកម្រិត។

ខ្សោយថ្លើមស្រួចស្រាវ ទាមទារឱ្យមានការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដូច្នេះអ្នកត្រូវស្វែងរកការព្យាបាលឲ្យបានឆាប់ ដោយហេតុថា ករណីខ្លះអ្នកអាចត្រូវបានស្រោចស្រង់ដោយការវះកាត់ប្តូរថ្លើមតែម្តង៕ 

- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)