ការពុលអាហារ កើតឡើងដោយសាតែអ្នកញ៉ាំចូលនូវអាហារមិនស្អាត ឬមានផ្ទុកមេរោគ ដូចជា បាក់តេរី វីរុស ឬប៉ារ៉ាស៊ីត ឬជាតិពុលរបស់វា។ ជាតិពុលរបស់មេរោគទាំងនោះអាចនៅជាប់នឹងអាហារ នៅពេលធ្វើ ឬពេលផលិត។
១. អាការអ្នកពុលអាហារ
សញ្ញានៃការពុលអាហារខុសៗគ្នាអាស្រ័យតាមប្រភពនៃការឆ្លងមេរោគ និងអាចចាប់ផ្តើមយ៉ាងហោចណាស់១ម៉ោងក្រោយបន្ទាប់ពីញ៉ាំចូលនូវ អាហារមានមេរោគ ជាញឹកញាប់ធ្វើឲ្យអ្នកចង្អោរ ក្អួត រាកទឹក ឬឈាម ឈឺពោះ ចុកខ្លាំង ក្តៅខ្លួន។ ភាគច្រើននៃការពុលអាហា ជាបញ្ហាស្រាល និងអាចជាសះស្បើយដោយខ្លួនឯងដោយមិនចាំបាច់ព្យាបាល ក្នុងពេលដែល អ្នកខ្លះទៀតទាមទារឱ្យមានការព្យាបាលនៅមន្ទីរពេទ្យ។
២. ហានិភ័យនៃការពុលអាហារ
អ្នកអាចឈឺបន្ទាប់ពីញ៉ាំអាហារមានមេរោគ អាស្រ័យនឹងប្រភេទមេរោគ ចំនួនមេរោគ អាយុ និងសុខភាពរបស់អ្នកផ្ទាល់៖
• បើអ្នកអាយុច្រើន ប្រព័ន្ធការពាររាងការរបស់អ្នកអាចមិនឆ្លើយតបបានលឿនដូច ពេលអ្នកនៅក្មេងនោះទេ
• ស្ត្រីមានផ្ទៃពោះ បម្រែបម្រួលដំណើរការមេតាប៉ូលីស អាចបង្កើនហានិភ័យនៃការពុលអាហារ ដែលអ្នកអាចធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទារកក្នុងផ្ទៃទៀតផង។
• ចំពោះក្មេងតូចៗ ប្រព័ន្ធការពាររាងកាយមិនទាន់លូតលាស់ពេញលក្ខណៈ
• អ្នកមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ជំងឺថ្លើម អេដស៍ ឬមានការព្យាបាលមហារីកដោយថ្នាំគីមី ឬកាំរស្មី ដែលបន្ថយប្រព័ន្ធការពាររាងកាយ។
ផលវិបាកនៃការពុលអាហារគឺធ្វើឱ្យអ្នកជំងឺខ្សោះជាតិទឹកពីក្នុងខ្លួនធ្ងន់ធ្ងរ ដែលអាចតម្រូវឲ្យមានការបន្ថែមជាតិទឹកតាមសរសៃឈាមនៅមន្ទីរពេទ្យ។
៣. ការព្យាបាល និងការពារពីការពុលអាហារ
ការព្យាបាលការពុលអាហារអាស្រ័យនឹងប្រភពបង្កដែលជាទូទៅ៖
• បង្គ្រប់ជាតិទឹក៖ សារធាតុរាវ និងអេឡិចត្រូលីត (រ៉ែ ដូចជាសូដ្យូម ប៉ូតាស្យូម និងកាល់ស្យូវ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន)
• ប្រើប្រាស់អង់ទីប៊ីយ៉ូទិកតាមវេជ្ជបញ្ចារបស់គ្រូពេទ្យបើអ្នកពុលអាហារដោយសារបាក់ តេរី
• ការប្រើប្រាស់ថ្នាំបំបាត់នូវរោគសញ្ញាមួយចំនួនទៀតតាមការណែនាំ។
ជាទូទៅដើម្បីការពារខ្លួនពីការពុលអាហារ អ្នកត្រូវអនុវត្តដូចខាងក្រោម៖
• លាងសម្អាតដៃ សម្ភារៈប្រើប្រាស់នៅផ្ទះ និងអាហារ ជាប្រចាំ
• រក្សាអាហារឆៅមិនទាន់ចំអិន និងអាហារដែលញ៉ាំបានភ្លាមៗឲ្យដាច់ដោយឡែកពីគ្នា
• ចម្អិនអាហារក្នុងសីតុណ្ហភាពសមស្របឱ្យបានឆ្អិនល្អ
• បោះវាចោលបើអ្នកសង្ស័យទោះបីវាមើលទៅនៅល្អ ឬមិនធុំក្លិនអ្វីក៏ដោយ។
• ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះក្មេងតូច ស្ត្រីមានផ្ទៃពោះ និងគភ៌ អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ព្រោះពួកគេងាយរងគ្រោះពីការពុលអាហារបំផុត។
ប្រសិនអ្នកមានសញ្ញាក្អួតសុទ្ធតែទឹក ក្អួតឈាម លាមកមានឈាម រាកលើសពី៣ថ្ងៃ ឈឺពោះខ្លាំង កម្តៅលើសពី៣៨អង្សា សញ្ញានៃការខ្សោះជាតិទឹក ដូចជាស្រេកទឹកខ្លាំង ស្ងួតមាត់ មិនបត់ជើងតូច ខ្សោយខ្លាំង ធ្ងន់ក្បាល ព្រិលភ្នែក ខ្សោយសាច់ដុំ ឬរមាស់ អ្នកត្រូវជួបគ្រូពេទ្យជាបន្ទាន់៕
- ស្រាវជ្រាវ រៀបរៀង និងកែសម្រួលដោយ៖ សុខក្រម (Sokhakrom)